ដើម្បីសម្រេចជោគជ័យស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ មន្រ្តីជាន់ខ្ពស់ ទទួលបន្ទុកក្នុងកម្មការជំនាញពិសេសទាំង៦ត្រូវចាប់ផ្តើមយុទ្ធនាការពង្រឹងផ្សព្វផ្សាយចាប់ពីឆ្នាំ២០២០ទៅ
ឯកឧត្តម ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា និងជាអនុប្រធានអចិន្រ្តៃនៃគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣ នាព្រឹកថ្ងៃ ទី២៦នេះ បានកោះហៅមន្រ្តីក្បាលម៉ាស៊ីនៃគណៈកម្មាការជំនាញ ពិសេស របស់គណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣ជួបប្រជុំលើកទី១ ដើម្បីត្រួតពិនិត្យ និងដាក់ផែនការងារឈានមុខសម្រាប់ធ្វើដំណើរទៅរៀបចំផែនការការងារ និងសកម្មភាពការងារចាប់ពីឆ្នាំ២០២០ទៅ គោលដៅឆ្ពោះទៅសម្រេចជោគជ័យស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ថ្លែងប្រាប់អ្នកព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣ បានបញ្ជាក់ថា កិច្ចប្រជុំលើកទី១នេះ គឺជាការជួបប្រជុំលើកដំបូងដើម្បីពិនិត្យ និងដាក់ផែនអនុវត្តក្នុងយុទ្ធនាការពង្រឹង និងផ្សព្វផ្សាយសកម្មភាពសំខាន់ៗមួយចំនួនក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម។

ឯកឧត្តម បញ្ជាក់ទៀតថា កិច្ចប្រជុំលើកទី១នេះ ឯកឧត្តម បណ្ឌិត ថោង ខុន អនុប្រធានអចិន្រ្តៃនៃគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេម បានបំផុសអោយគណៈកម្មាធិការពិសេសទាំង៦ មានការរៀបចំផែនការសកម្មភាពកម្មវិធីការងារ និងគម្រោងថវិកាសម្រាប់ដំណើរការសកម្មភាពការងារអមជាមួយគ្នា នៃសកម្មភាពការងាររបស់គណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣។

ឯកឧត្តម អះអាងទៀតថា អ្វីដែល ឯកឧត្តម បណ្ឌិត ថោង ខុន សង្កត់ធ្ងន់នៅក្នុងកិច្ចប្រជុំលើកទី១នេះ លោកបានណែនាំឲ្យ គណៈកម្មការនីមួយៗដែលទទួលបន្ទុកតាមជំនាញ ចាប់ផ្តើមធ្វើផែនការងាររបស់ខ្លួនក្នុងកិច្ចការពង្រឹង និងផ្សព្វផ្សាយចាប់ពីឆ្នាំ២០២០ទៅ។

ឯកឧត្តមបានពន្យល់ថា គណៈកម្មការពិសេសទាំង៦នេះ មានតួនាទីសំខាន់ជាងគេ គឺ កម្មវិធីនៃការរៀបចំកំណត់ប្រភេទកីឡា ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ការកំណត់កម្មវិធីអប់រំសង្គមពាក់ព័ន្ធ និងយុទ្ធការផ្សព្វផ្សាយអប់រំមួយចំនួនឆ្ពោះទៅស៊ីហ្គេម និងគម្រោងផែនការធ្វើគ្រោងឆ្អឹងនៃកម្មវិធីបើកបិទនៃព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣តែម្តង។ ឯកឧត្តម វ៉ាត់ ចំរើន បន្ថែមទៀតថា ចាប់ពីឆ្នាំ២០២០តទៅគណៈកម្មការពិសេសទាំង៦នេះ និងចាប់ផ្តើមអនុវត្តការងារពង្រឹង និងផ្សព្វផ្សាយជាបន្តបន្ទាប់លើការងារបំផុសចលនាផ្សព្វផ្សាយពីស៊ីហ្គេម និងផែនការកំណត់ការអភិវឌ្ឍកីឡាផងដែរ៕ធ.ដ



