សម្ដេចក្រឡាហោម ស ខេង ៖ សមិទ្ធផលដែលក្រសួងមហាផ្ទៃ សម្រេចបានក្នុងឆ្នាំ២០២១ ពិតជាបានមកដោយការចូលរួមធ្វើពលិកម្ម យ៉ាងធំធេងរបស់កងកម្លាំងនគរបាលជាតិ និង អាជ្ញាធរដែនដីគ្រប់ថ្នាក់

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មាន ប្រសាសន៍ថា សមិទ្ធផលដែលក្រសួងមហាផ្ទៃ សម្រេចបានក្នុងឆ្នាំ២០២១ ពិតជាបានមកដោយមានការចូលរួមធ្វើពលិកម្ម យ៉ាងធំធេងរបស់កងកម្លាំងនគរបាលជាតិ និង អាជ្ញាធរដែនដីគ្រប់ថ្នាក់ដែលបានពុះពារជម្នះគ្រប់ឧបសគ្គ ដោយដៃម្ខាងចូលរួមអនុវត្តវិធានការនានា របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ និងដៃម្ខាងទៀត ធានាថែរក្សាការពារបានយ៉ាងរឹងមាំនូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គមនិងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ក្នុងបរិបទដែលកម្ពុជាកំពុងប្រឈមនឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បែបនេះ នៅក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ និងលទ្ធផលការងារប្រឡងប្រណាំងអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព នាព្រឹកថ្ងៃអង្គារ ទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ដែលកម្មវីធីនេះប្រារព្ធធ្វើឡើងនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សម្ដេចក្រឡាហោម បានមានប្រសាសន៍បន្ដថា រយៈពេលពីរឆ្នាំកន្លងទៅនេះ កម្ពុជាបានពុះពារជម្នះ និងឆ្លងកាត់នូវបញ្ហាប្រឈមដ៏ស្មុគស្មាញ ដោយសារការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ដែលបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈ សេដ្ឋកិច្ច-សង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ដើម្បីដោះស្រាយបញ្ហាប្រឈមនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលការណ៍ វិធានការ ដ៏មុតស្រួច ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ការស្វះស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ ដើម្បី បង្កើតភាពសាំក្នុងសហគមន៍ ព្រមជាមួយនឹងការផ្ដល់ជំនួយសង្គមដល់គ្រួសារក្រីក្រ និងកម្មកររោង ចក្រ-សហគ្រាសដែលទទួលរងផលប៉ះពាល់ដោយវិបត្តិនៃជំងឺកូវីដ-១៩ ការធ្វើអន្តរាគមន៍នានា ដើម្បី ទប់លំនឹងសេដ្ឋកិច្ចសង្គមកុំឱ្យដួលរលំ ការរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ការធានាដំណើរការនៃ ស្ថាប័នសាធារណៈគ្រប់ថ្នាក់ ដើម្បីផ្តល់សេវាសាធាណៈចាំបាច់ និងជាមូលដ្ឋានក្នុងសង្គម ព្រមទាំង វិធានការនានាជាច្រើនទៀត ដើម្បីស្តារសេដ្ឋកិច្ចសង្គមពីវិបត្តិនៃជំងឺកូវីដ-១៩។

សម្ដេចក្រឡាហោមបានបន្ថែមថា អាស្រ័យដោយកិច្ចខិតខំប្រឹងប្រែងទាំងនេះ បានបង្កលក្ខណៈ សម្បត្តិល្អដល់ប្រទេសកម្ពុជា អាចបើកឱ្យដំណើរការឡើងវិញនូវសកម្មភាពសេដ្ឋកិច្ចសង្គមស្ទើរគ្រប់វិស័យ ហើយស្ថាប័នសាធារណៈគ្រប់ថ្នាក់ ក៏បានធ្វើសកម្មភាពពេញលេញទៅតាមគន្លងប្រក្រតីភាពថ្មី ។

សម្ដេចក្រឡាហោម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ថ្នាក់នៃក្រសួងមហាផ្ទៃ ទាំងនគរបាលជាតិ និងរដ្ឋបាលស៊ីវិល ព្រមទាំងក្រសួងស្ថាប័ននានា និងរដ្ឋបាលគ្រប់ថ្នាក់នៅថ្នាក់ក្រោមជាតិ ដែលបានខិតខំរួមគ្នាសម្រេច សមិទ្ធផលខាងលើនេះ។ សម្ដេចក្រឡាហោម បានបញ្ជាក់ទៀតថា ទន្ទឹមនឹងសមិទ្ធផលខាងលើនេះ ក៏នៅមានសេសសល់បញ្ហា ប្រឈមនានាជាច្រើនទៀត ដែលត្រូវបន្តខិតខំរួមគ្នាពុះពារជម្នះដោះស្រាយ។ផ្អែកតាមកម្មវិធីសន្និបាត នឹងធ្វើការបែងចែកក្រុមពិភាក្សាលើប្រធានបទសំខាន់ៗ ដើម្បីប្រមែប្រមូលធាតុចូលពីសមាជិក សមាជិកានៃអង្គសន្និបាត សម្រាប់បំពេញបន្ថែមលើខ្លឹមសាររបាយការណ៍ និងទិសដៅរួម ទាំងបញ្ហា ប្រឈម និងដំណោះស្រាយ ព្រមទាំងគោលការណ៍សំខាន់ៗសម្រាប់អនុវត្ត ក្នុងឆ្នាំ២០២២នេះ បន្តទៀត។ អាស្រ័យហេតុនេះ ក្នុងនាមក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម បានស្នើដល់សមាជិក សមាជិកា នៃអង្គសន្និបាតទាំងមូល សូមយកអស់កម្លាំងកាយ ប្រាជ្ញា ស្មារតី ដើម្បីផ្តល់ធាតុចូល សំដៅចូលរួមធ្វើឱ្យសន្និបាតសម្រេចលទ្ធផលបានតាមការគ្រោងទុក ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner