អភិបាលខេត្តស្ទឹងត្រែង ចុះសួរសុខទុក្ខ និងនាំយកអំណោយ រាជរដ្ឋាភិបាល ទៅចែកជូនប្រជាពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋងាយរងគ្រោះជាង៣០០គ្រួសារ ដែលកំពុងជួបការលំបាកក្នុងជីវភាព !
ខេត្តស្ទឹងត្រែង៖ ការនាំយកអំណោយរបស់ រាជរដ្ឋាភិបាល ទៅចែកជូនប្រជាពលរដ្ឋទាំងជាង៣០០គ្រួសារ របស់អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន រួមជាមួយមន្ត្រីក្រោមឪវាទ បានធ្វើឡើងកាលពីថ្ងៃទី២៥វិច្ឆិកាម្សិលមិញ ស្ថិតក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

យោងរបាយការណ៍ថ្នាក់ខេត្ត បានបង្ហាញថា អំណោយដែលត្រូវនាំយកទៅចែកជូនប្រជាពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋងាយរងគ្រោះនាគ្រានោះ គឺជាអំណោយដ៏ថ្លៃថ្លា របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់ជូនតាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តស្ទឹងត្រែង ចំនួន៣៣០គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹស៊ីអ៊ីវ ១យួរ និងកន្ទេល១ ថែមទៀត។

អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន បានថ្លែង ពាំនាំប្រសាសន៍ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងការសួរសុខទុក្ខ ផ្ញើក្តីនឹករលឹក អាណិត ស្រឡាញ់ យ៉ាងជ្រាលជ្រៅ និងគិតគូរ ចំពោះបងប្អូនប្រជាពលរដ្ឋគ្រប់ៗគ្នា ជានិច្ច។ លោកថា ដោយដឹងពីការលំបាករបស់បងប្អូន សម្តេចនាយករដ្ឋមន្ត្រី បានផ្តល់អំណោយជាគ្រឿងឧបភោគ បរិភោគទាំងនេះ តាមរយះអាជ្ញាធរខេត្ត នាំយកមកចែកជូនភ្លាមៗ ក្នុងគ្រាដែលបងប្អូនកំពុងប្រឈមនឹងភាពខ្វះខាត លើជីវភាពរស់នៅប្រចាំថ្ងៃ។

លោក ម៉ុម សារឿន បានផ្តែផ្តាំដល់ប្រជាពលរដ្ឋនៅគ្រប់មូលរដ្ឋានរស់នៅទាំងអស់ ត្រូវខិតខំបង្កបង្កើនផល ដំណាំកសិកម្ម ដំណាំរួមផ្សំនានា និងការចិញ្ចឹមសត្វ ដើម្បីជួយទ្រទ្រង់ជីវភាព ត្រូវបង្កើនការប្រុងប្រយ័ត្ន និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីការពារជីវិតអ្នក និងជីវិតអ្នកដទៃ។ សូមកុំសេព កុំប្រើប្រាស់ កុំចែកចាយ និងកុំជួយដូរគ្រឿងញៀន ព្រោះជាទង្វើខុសនឹងច្បាប់ ដូច្នេះ ត្រូវរស់នៅឲ្យឆ្ងាយពីគ្រឿងញៀន៕ធ.ដ
ដោយ៖ ឡុង សំបូរ







