៩ខែដើមឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍នៅខេត្តព្រះសីហនុ បានកើតឡើងគួរឲ្យព្រួយបារម្ភ

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តព្រះសីហនុ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បានប្រារព្ធទិវាជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍។នេះជាលើកទី១៤ហើយសម្រាប់ពិធីនាថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០១៩ ដែលត្រូវបាន
ធ្វើឡើងក្រោមវត្តមាន លោក គង់ វិតាណៈ អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ។

សម្រាប់ខេត្តព្រះសីហនុក្នុងដំណាក់កាលនេះ
គ្រោះថ្នាក់ចរាចរណ៍នៅតែមិនមានការថយចុះនៅឡើយ ហើយបានបង្កឲ្យមាន មនុស្សស្លាប់ របួស ពិការ  និងខូចខាតទ្រព្យសម្បត្តិយ៉ាងសន្ធឹកសន្ធាប់គួរឲ្យព្រួយបារម្ភ។

លោក នុត លី អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុបានឱ្យដឹងថា ក្នុងរយៈពេល៩ខែ ដើមឆ្នាំ២០១៩ គ្រោះ ថ្នាក់ចរាចរណ៍នៅខេត្តព្រះសីហនុ បានកើតឡើងចំនួន ២១៥ ករណី លើ ១៥៧ករណី បើធៀបទៅនឹង ៩ខែឆ្នាំ២០១៨ កើនឡើង ៥៨ករណី ។ គ្រោះថ្នាក់នេះបានបង្កឱ្យមានមនុស្សស្លាប់ចំនួន ១២៩នាក់ ស្រី ២៦នាក់ (បរទេស ១០នាក់ស្រី ០១នាក់) លើ ៩៧នាក់ បើធៀបទៅនឹង៩ខែ ២០១៨ កើនឡើង ៣២នាក់ ។ រងរបួសចំនួន ៣០៣ នាក់ ស្រី ៥៨នាក់ (ជនបរទេស ២៨នាក់ ស្រី ០២នាក់) លើ ២៥៩នាក់  ធៀបនឹងឆ្នាំ ០៩ខែ ឆ្នាំ២០១៨ កើនឡើង ៤៤នាក់ ។ របួសធ្ងន់ ១១៥នាក់ ស្រី ២៥នាក់ (បរទេស ១៦នាក់ ស្រី ០១នាក់) ។ របួសស្រាល ១៦៧នាក់ ស្រី ២៨នាក់ (បរទេស ១២នាក់ ស្រី ០១នាក់) ។
ខូចខាតរថយន្ត ៣៧៣គ្រឿង លើ ២៦៦គ្រឿង ធៀប ០៩ ខែ ឆ្នាំ២០១៨ កើន ១០៧គ្រឿង។

លោក គង់ វិតាណៈ មានប្រសាសន៍ថា៖ ទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍នៅខេត្តព្រះសីហនុ លើកទី១៤ នាពេលនេះធ្វើឡើងដើម្បីពង្រឹងការអនុវត្តច្បាប់ និងបទបញ្ញត្តិចរាចរណ៍ ក្នុងន័យជំរុញឲ្យមានការចូលរួមយ៉ាង សកម្មក្នុងការទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងនៅកម្ពុជា។

បើតាម លោក គង់ វិតាណៈ ឲ្យដឹងថាមានកត្តាមួយចំនួនដែលជាប់ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចេាចរណ៍បច្ចុប្បន្ននេះ។
១. កត្តាមនុស្ស អ្នកប្រើប្រាស់ផ្លូវមិនគោរពច្បាប់ចរាចរណ៍ បើកបរល្បឿនលឿនលើសច្បាប់កំណត់ បើកបរមានជាតិស្រវឹង មិនពាក់មួកសុវត្ថិភាព មិនពាក់ខ្សែក្រវាត់សុវត្ថិភាព ។

២.កត្តាយានយន្ត យានជំនិះមិនបានថែទាំ ត្រួតពិនិត្យតាមលក្ខណៈបច្ចេកទេស តាមពេលកំណត់ ដូចជាហ្រ្វាំងមិនស៊ី បែកកង់ ភ្លើងបំភ្លឺមិនភ្លឺ ។

៣. កត្តាផ្លូវ នៅមិនទាន់មានលក្ខណៈគ្រប់ស្តង់ដារពេញលេញ ផ្លូវមានទំហំទទឹងតូចផ្លូវកោងខ្លាំង ផ្លូវធំតែមានស្ពានតូចចង្អៀត ផ្លូវមួយចំនួនរងការខូចខាត ហើយផ្លូវខ្លះទៀតពុំទាន់បានបំពាក់ផ្លាកសញ្ញាចរាចរណ៍គ្រប់គ្រាន់នៅឡើយ ។

លោក គង់ វិតាណៈ បានឲ្យដឹងទៀតថា កន្លងមកដើម្បីឆ្លើយតបទៅនឹងផែនការសកម្មភាពរបស់គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោកមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ក៏ដូចជាលេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត បានចុះធ្វើការអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកថ្មី និងឯកសារពាក់ព័ន្ធជំនាញបើកបរយានយន្តដល់មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូសិស្សានុសិស្ស និងប្រជាពលរដ្ឋបានចំនួន ១៨លើក មានសិក្ខាកាមចូលរួមចំនួន ១.២៨១នាក់ ។

ទន្ទឹមនោះលេខាធិការដ្ឋានសុវត្ថិ ភាពចរាចរណ៍ផ្លូវគោកខេត្ត បានធ្វើការឃោសនាចែកចាយខិតប័ណ្ណចំណាំងផ្លាត ទាំងរូបភាពសុវត្ថិភាពចរាចរណ៍ ដល់ប្រជាពលរដ្ឋអ្នកបើក បរយានយន្តនៅតាមទីសាធារណៈសាលារៀន អង្គភាព ស្ថាប័ននានាបានចំនួន ៥លើក ព្រមទាំងចែកមួកសុវត្ថិភាពបានចំនួន ២២៤មួក៕ធ.ដ

ដោយៈ បក្សី

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner