សហរដ្ឋអាមេ៉រិកចង់ឲ្យដាណឺម៉ាកទិញយន្តហោះចម្បំាងបំបាំងកាយ F-35 បន្ថែមទៀត ដើម្បីពង្រឹងការការពារនៅតំបន់អាក់ទិច
សហរដ្ឋអាមេ៉រិក៖ សហរដ្ឋអាមេ៉រិកបានលើកទឹកចិត្តឲ្យប្រទេសដាណឺម៉ាកចំណាយប្រាក់បន្ថែមទៀត ដើម្បីទិញយន្តហោះចម្បំាងបំបាំងកាយ F-35 នេះបើតាមសាររបស់អគ្គរដ្ឋទូតអាមេ៉រិកប្រចំាដាណឺម៉ាក លោកស្រី ខាឡា សេន ។

គិតមកទល់នឹងពេលនេះ ដាណឺម៉ាកបានទិញយន្ដហោះចម្បាំងបំបាំងកាយ F-35 ចំនួន២៧គ្រឿងហើយពីទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែយ៉ាងហោចណាស់មាន៥គ្រឿងនឹងត្រូវឈរជើងជាអចិន្ត្រៃយ៍នៅសហរដ្ឋអាមេ៉រិក ។ លោកស្រី ខាឡា សេន បានថ្លែងប្រាប់សារព័ត៌មាន ជីលែន ផូសស្ទែន ថាយន្តហោះរបស់ដាណឺម៉ាកមួយចំនួននៅឈរជើងនៅសហរដ្ឋអាមេ៉រិក ដោយសារតែអាកាសយានិកដាណឺម៉ាកនឹងបន្តទទួលការបណ្តុះបណ្តាលក្នុងតំបន់ អារីហ្សូនណា ហើយយន្តហោះប្រមាណ២២គ្រឿងនឹងត្រូវបញ្ជូនមកកាន់ប្រទេសដាណឺម៉ាក ។

ការកត់សម្គាល់បែបនេះរបស់លោកស្រី ខាឡា សេន ចង់សំដៅទៅលើរបាយការណ៍មួយកាលពីឆ្នាំ២០១៦ របស់ក្រសួងការពារជាតិ ពាក់ព័ន្ធនឹងកិច្ចការនៅក្នុងតំបន់អាក់ទិច ជាទីដែលមានការព្រួយបារម្ភជុំវិញវត្តមានរបស់យោធារុស្ស៊ីនៅក្នុងតំបន់ ៕ធ.ដ

