ប្រធានាធិបតីសហរដ្ឋអាមេ៉រិកបង្ហាញឆ្កែ ដែលចូលរួមក្នុងប្រតិបត្តិការសម្លាប់មេដឹកនាំក្រុមរដ្ឋអ៊ីស្លាម
សហរដ្ឋអាមេ៉រិក៖ ប្រធានាធិបតីអាមេ៉រិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទម្សិលមិញ បានណែនាំឲ្យស្គាល់ឆ្កែយោធាមួយក្បាល ដែលបានចូលរួមក្នុងប្រតិបត្តិការឆ្មក់ចូលកំទេចសំបុកលាក់ខ្លួនរបស់ក្រុមមេដឹកនាំរដ្ឋអ៊ីស្លាម ដែលនាំដល់ការសម្លាប់លោក អាប៊ូ បាក់ អាល់-បាក់ដាឌី ។

ថ្លែងប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមាន លោក ដូណាល់ ត្រាំ បាននិយាយយ៉ាងដូច្នេះថា កូណាន់របួសធ្ងន់ណាស់ និង មិនគិតថា អាចជាផង វាបានជាយ៉ាងលឿន និងបានចូលរួមក្នុងការឆ្មក់បង្ក្រាបសំខាន់ៗ លោកស្រឡាញ់ឆ្កែនេះ វាត្រូវបានប្រគល់មេដាយ និង ស្លាកកិត្តិយសសម្រាប់សេវារបស់វា ។

យោងតាមរបាយការណ៍របស់សហរដ្ឋអាមេ៉រិក ពាក់ព័ន្ធនឹងការឆ្មក់ចូលកំទេចមេដឹកនំាក្រុមរដ្ឋអ៊ីស្លាម បាកដាឌី កាលពីខែមុន បានបញ្ជាក់ថា ឆ្កែកូណាន់បានឡោមព័ទ្ធមេដឹកនាំក្រុមរដ្ឋអ៊ីស្លាមរូបនេះ មិនឲ្យរត់រួចនៅក្នុងរូងក្រោមដីមួយនៅជម្រកលាក់ខ្លួនរបស់ជននេះនៅស៊ីរី កន្លែងដែល បាកដាឌី បានបំផ្ទុះគ្រាប់ បែកសម្លាប់ខ្លួនឯង និងកូនពីរនាក់ ។ ទន្ទឹមគ្នា ឆ្កែ កូណាន់ បានរងរបួស ដោយត្រូវខ្សែអគ្គិសនី ភ្ជាប់ទៅនឹងគ្រឿងផ្ទុះ តែបានជាពីរបួសទាំងស្រុងហើយ ៕ធ.ដ



