ប្រមុខរាជរដ្ឋាភិបាលវាយតម្លៃខ្ពស់ទំនាក់ទំនងរវាងកម្ពុជានិងជប៉ុន (Video Inside)
សម្តេចតេជោ ហ៊ុន សែន បានថ្លែងវាយតម្លៃខ្ពស់ជុំវិញទំនាក់ទំនងរវាងកម្ពុជានិងជប៉ុន និង បានថ្លែងអំណរគុណសាជាថ្មីចំពោះកាយវិការយកចិត្តទុកដាក់របស់រដ្ឋាភិបាលជប៉ុនដែល បានរៀបចំទទួលដំណើរទស្សនកិច្ចរបស់មេបញ្ជាការកងទ័ពជើងគោកលោកឧត្តមសេនីយ៍ ឯក ហ៊ុន ម៉ាណែត ដែលជាបេក្ខជនអនាគតនាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា។
ប្រសាសន៍បញ្ជាក់ការវាយតម្លៃខ្ពស់លើទំនាក់ទំនងល្អរវាងកម្ពុជានិងជប៉ុននេះ បានធ្វើឡើង នៅថ្ងៃទី២២កុម្ភៈឆ្នាំ២០២២ បន្ទាប់ពីឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាលោកមីកាមិ ម៉ាសាហ៊ីរុ បានថ្លែងចាត់ទុកដំណើរបំពេញទស្សនកិច្ចរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក្នុង ប្រទេសជប៉ុននាពេលថ្មីៗកន្លងមកនេះ គឺជាដំណើរទស្សនកិច្ចដ៏មានអត្ថន័យដ៏ជ្រាលជ្រៅនៃ ទំនាក់ទំនងរវាងប្រទេសជប៉ុននិងប្រទេសកម្ពុជា។
សម្តេចតេជោហ៊ុនសែន ក្នុងពិធីបើកការដ្ឋានសំណង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯកជាមួយនឹងឯកអគ្គរាជទូតជប៉ុនលោក មីកាមិ ម៉ាសាហ៊ីរុ បានថ្លែងវាយតម្លៃខ្ពស់ជុំវិញទំនាក់ទំនងរវាងកម្ពុជានិងប្រទេសជប៉ុន។
គួរបញ្ជាក់ដែរថា ក្នុងជំនួបពិភាក្សាគ្នារវាងនាយករដ្ឋមន្រ្តីជប៉ុនលោកហ៊្វូមីអូ គីស្ហ៊ីដា ជាមួយ នឹងមេបញ្ជាការកងទ័ពជើងគោកកម្ពុជាលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៦ កុម្ភៈកន្លងមកនេះ, លោកនាយករដ្ឋមន្ត្រីជប៉ុនបានគូសរំលេចបន្ថែមអំពីសារៈ សំខាន់នៃការប្រារព្ធខួបទី៧០ឆ្នាំនៃចំណងការទូតផ្លូវការជប៉ុន-កម្ពុជា នៅឆ្នាំ២០២៣ ខាងមុខ ដោយ លោក បានសង្កត់ធ្ងន់ប្រាប់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ថា ខួបទី៧០ឆ្នាំជិតមកដល់ ខាង មុខនេះ គឺជាឆ្នាំនៃការបន្តពង្រឹងពង្រីក និងបង្កើនទំនាក់ ទំនងកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរជប៉ុននិងកម្ពុជាបន្ថែមទៀត។
លោកនាយករដ្ឋមន្ត្រី ហ៊្វូមីអូ គីស្ហ៊ីដា បានថ្លែងគាំទ្រចំពោះការបំពេញតួនាទីរបស់កម្ពុជាក្នុង នាមជាប្រធានអាស៊ាន ជាពិសេសគំនិតផ្តួចផ្តើម និងកិច្ចការនានាដែលសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានរៀបចំដើម្បីព្យាយាមដោះស្រាយវិបត្តិនយោបាយ នៅមីយ៉ាន់ម៉ា ហើយក៏សង្ឃឹមផងដែរថា កម្ពុជាដែលមានសម្តេចតេជោ ជាប្រមុខដឹកនាំនឹង អាចចូលរួម ចំណែកដោះស្រាយបញ្ហាផ្សេងៗទៀតដែលអាស៊ានកំពុងមានកង្វល់។ នៅថ្ងៃទី២២កុម្ភៈនេះ ទៀត, ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោកមីកាមិ ម៉ាសាហ៊ីរុ បាន រំលឹកនិងបញ្ជាក់បន្ថែមសាជាថ្មីនូវជំហររបស់រាជរដ្ឋាភិបាលប្រទេសជប៉ុនដែលគាំទ្រកម្ពុជា ក្នុងការធ្វើជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២២នេះ។