តួលេខចាក់វ៉ាក់សាំងដូសទី៣និងដូសទី៤ ថ្ងៃនេះកើនជាងម្សិលមិញ (Video Inside)
តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣ និងដូសទី៤ មានចំនួនកើនឡើងជាងកាលពីម្សិលមិញ ទន្ទឹមនឹងតួលេខឆ្លងកាន់តែកើនឡើងជាលំដាប់។ យោងតាមក្រសួងសុខាភិបាល ក្នុងរយៈ ពេល២៤ម៉ោងកន្លងមកនេះ តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៤ មានចំនួន ២ម៉ឺន ៩៦៦នាក់ ដែលជាតួលេខចាក់ច្រើនជាងម្សិលមិញ។
កាលពីម្សិលមិញ តួលេខអ្នកចាក់វ៉ាក់សាំងដូស ទី៤មានចំនួនតែ ១ម៉ឺន ៧ពាន់ ៣៣៧នាក់។ ដោយឡែកតួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣ថ្ងៃ នេះ មានចំនួន ៥ម៉ឺន ៦ពាន់ ៣៥៦នាក់ ដែលកើនឡើងចំនួន ៣ម៉ឺន ៥ពាន់ ៩៣៧នាក់។ កាលពីម្សិលមិញតួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣ មានចំនួនតែ ២ម៉ឺន ៤១៩នាក់នោះទេ។
គិតត្រឹមថ្ងៃនេះ តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣ ទើបតែបានសរុបចំនួន ៦លាន ៣៨ម៉ឺន ១ពាន់ ៩៧៧នាក់, ចំណែកតួលេខអ្នកចាក់វ៉ាក់សាំងដូសទី៤ រយៈពេល៤០ថ្ងៃកន្លងមកនេះ ទើបបានចំនួន ៨៣ម៉ឺន ៤ពាន់ ១៤៦នាក់តែប៉ុណ្ណោះ ។
កម្ពុជាក្នុងចំណោមពលរដ្ឋ ១៦លាន នាក់, ការចាក់វ៉ាក់សាំងទូទាំងប្រទេសគិតត្រឹមថ្ងៃនេះ បានសម្រេច ៨៩,៩៩ភាគរយហើយ ដែលស្មើនឹង ១៤លាន ៣៩ម៉ឺន ៨ពាន់ ១៦៧នាក់។