ចិនអំពាវនាវឱ្យមានភាពស្ងប់ស្ងាត់ ការអត់ធ្មត់ និងការសន្ទនា ដើម្បីបន្ធូរបន្ថយភាពតានតឹងនៃវិបត្តិអ៊ុយក្រែន
ប៉េកាំង៖ ប្រទេសចិននៅថ្ងៃអង្គារសប្តាហ៍នេះបានអំពាវនាវឱ្យគ្រប់ភាគីទាំងអស់អនុវត្តការអត់ធ្មត់ និងដោះស្រាយការខ្វែងគំនិតគ្នា តាមរយៈការសន្ទនា និងការចរចា ដើម្បីបន្ធូរបន្ថយភាពតានតឹងជុំវិញវិបត្តិអ៊ុយក្រែន។


ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បានទទួលព័ត៌មានសង្ខេបអំពីទស្សនៈ និងជំហររបស់ភាគីអាមេរិក លើស្ថានភាពបច្ចុប្បន្ននៅអ៊ុយក្រែនដោយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់ថូនី ប្លីងគែន ក្នុងអំឡុងការ សន្ទនាគ្នាតាមទូរស័ព្ទនៅថ្ងៃអង្គារសប្តាហ៍នេះ។ ដោយកត់សម្គាល់ថា ស្ថានការណ៍នៅអ៊ុយក្រែនកាន់តែយ៉ាប់យ៉ឺននោះ លោក វ៉ាង បាននិយាយថា ចិនជាថ្មីម្តងទៀតបានអំពាវនាវឱ្យគ្រប់ភាគីទាំងអស់រក្សាការអត់ធ្មត់ ផ្អែកលើសារៈសំខាន់នៃការអនុវត្តគោលការណ៍សន្តិសុខមិនអាចបំបែកបាន និងកាត់បន្ថយស្ថានការណ៍តានតឹង និងដោះស្រាយភាពខុសគ្នា តាមរយៈការសន្ទនា និងការចរចា។ លោក វ៉ាង បន្ថែមថា ពាក់ព័ន្ធនឹងបញ្ហានេះដែរ ប្រទេសចិននឹងបន្តចូលរួមធ្វើការជាមួយគ្រប់ភាគី។


លោក វ៉ាង បញ្ជាក់ទៀតថា ស្ថានភាពបច្ចុប្បន្នក្នុងប្រទេសអ៊ុយក្រែនបានទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងការពន្យារពេល ក្នុងការអនុវត្ត “ប្រកបដោយប្រសិទ្ធភាព” នៃកិច្ចព្រមព្រៀង Minsk ថ្មី។ លោកបានរំលឹកឡើងវិញថា គោលជំហររបស់ចិនចំពោះអ៊ុយក្រែនមានភាពជាប់លាប់ ហើយការព្រួយបារម្ភអំពីសន្តិសុខសមហេតុផលនៃប្រទេសណាមួយ គួរតែត្រូវបានគោរព ហើយគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ក៏គួរតែត្រូវបានអនុវត្តរួមគ្នាផងដែរ៕ ប្រភព៖ CGTN ប្រែសម្រួលដោយ៖ ឈឹម ទីណា



