ក្រសួងការបរទេសរុស្ស៊ី៖ ទីក្រុងម៉ូស្គូត្រៀមខ្លួនរួចរាល់ ដើម្បីចរចាជាមួយទីក្រុងវ៉ាស៊ីនតោន
ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ីបានលើកឡើងថា ការទទួលស្គាល់ជាឯកតោភាគីរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ចំពោះតំបន់ផ្តាច់ខ្លួនដែលគាំទ្ររុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែនថា ជារដ្ឋ “ឯករាជ្យ” នឹងមិនប៉ះពាល់ដល់ការចរចាការទូតរបស់រុស្ស៊ីជាមួយប្រទេសដទៃទៀតនោះទេ។

អ្នកនាំពាក្យក្រសួងបរទេសរុស្ស៊ីលោកស្រី ម៉ារៀ ហ្សាខារ៉ូវ៉ា បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា សូម្បីតែនៅក្នុងគ្រាដ៏លំបាកបំផុត ប្រទេសរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការចរចា។ លោកស្រីបន្ថែមថា ជំហររបស់យើងនៅតែដដែល ដោយលោកស្រីលើកឡើងថា ក្រសួងកំពុងទន្ទឹងរង់ចាំកិច្ចពិភាក្សារវាងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គៃ ឡាវរូវ និងសមភាគីអាមេរិកលោក អាន់ថូនី ប្លីងគែន ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

បើតាមសេតវិមានរបស់សហរដ្ឋអាមេរិក ជំនួបកំពូលរវាងប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងសមភាគីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន នឹងធ្វើឡើង ដរាបណាគ្មានការឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ ឈឹម ទីណា
