រសៀលនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបិទសន្និបាតក្រសួងមហាផ្ទៃ នៅសណ្ឋាគារសុខា

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញបិទសន្និបាតក្រសួងមហាផ្ទៃ នារសៀលថ្ងៃ២៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បន្ទាប់ពីសន្និបាតនេះ បានធ្វើឡើងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែកុម្ភៈ រួចមក ។

សូមជម្រាបថា ក្រសួងមហាផ្ទៃ បានបើកសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០២១ និងលើកទិសដៅការងារ ឆ្នាំ២០២២ និងបូកសរុបចលនាប្រលងប្រណាំង អនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ។

ថ្លែងក្នុងពិធីបើកសន្និបាទក្រសួងមហាផ្ទៃនេះ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា សមិទ្ធផលដែលក្រសួងមហាផ្ទៃ សម្រេចបានក្នុងឆ្នាំ២០២១ ពិតជាបានមកដោយមានការចូលរួមធ្វើពលិកម្មយ៉ាងធំធេងរបស់កងកម្លាំងនគរបាលជាតិ និងអាជ្ញាធរដែនដីគ្រប់ថ្នាក់ដែលបានពុះពារជម្នះគ្រប់ឧបសគ្គ ដោយដៃម្ខាងចូលរួមអនុវត្តវិធានការនានា របស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរាតត្បាតជំងឺកូវីដ-១៩ និងដៃម្ខាងទៀត ធានាថែរក្សាការពារបានយ៉ាងរឹងមាំ នូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ក្នុងបរិបទដែលកម្ពុជាកំពុងប្រឈម នឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។ សម្ដេចក្រឡាហោម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ថ្នាក់នៃក្រសួងមហាផ្ទៃ ទាំងនគរបាលជាតិ និងរដ្ឋបាលស៊ីវិល ព្រមទាំងក្រសួងស្ថាប័ននានា និងរដ្ឋបាលគ្រប់ថ្នាក់នៅថ្នាក់ក្រោមជាតិ ដែលបានខិតខំរួមគ្នាសម្រេច សមិទ្ធផលខាងលើនេះ។ សម្ដេចក្រឡាហោម បានបញ្ជាក់ទៀតថា ទន្ទឹមនឹងសមិទ្ធផលខាងលើនេះ ក៏នៅមានសេសសល់បញ្ហាប្រឈមនានាជាច្រើនទៀត ដែលត្រូវបន្តខិតខំរួមគ្នាពុះពារជម្នះដោះស្រាយ ។

សម្ដេច បន្តថា ការបម្រើសេវាសន្តិសុខ និងសេវាតម្រូវការចាំបាច់នានា ក៏ត្រូវបានពង្រឹងគុណភាព សមត្ថភាព ក៏ដូចជាការកែលម្អជាប្រចាំនូវរបៀបរបប និងអាកប្បកិរិយាធ្វើការងាររបស់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ សង្កាត់ និងការជំរុញចលនាអនុវត្តគោលនយោបាយជាតិ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព បានធ្វើឱ្យប្រជាពលរដ្ឋគាំទ្រ និងចូលរួមយ៉ាងសកម្មក្នុងការថែរក្សាសន្តិសុខនិងសុវត្ថិភាពនៅមូលដ្ឋាន។

ចំពោះការងារគ្រប់គ្រងជនបរទេស ត្រូវបានសម្ដេច ស ខេង លើកឡើងផងដែរថា ឆ្នាំ២០២១ ការគ្រប់គ្រងជនបរទេស ត្រូវបានបង្កើនការយកចិត្តទុកដាក់ស្របជាមួយការអនុវត្តវិធានការសុខាភិបាល ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បង្កើនការគ្រប់គ្រងការចេញចូល នៅតាមបណ្តាច្រកទ្វារព្រំដែននានា និងការគ្រប់គ្រងវត្តមានស្នាក់នៅរបស់ជនបរទេសនៅក្នុងប្រទេសដោយយកចិត្តទុកដាក់ក្នុងការពង្រឹងសមត្ថភាពបំពេញការងាររបស់មន្ត្រី និងការបំពាក់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ។ ដោយឡែក ការងារអត្តសញ្ញាណកម្ម ក៏ត្រូវបានបន្តយកចិត្តទុកដាក់អភិវឌ្ឍទាំងក្របខ័ណ្ឌគោលនយោបាយច្បាប់ ការផ្គត់ផ្គង់ឧបករណ៍ សម្ភារបច្ចេកទេស ការបណ្ដុះបណ្ដាលកសាងសមត្ថភាពមន្ត្រី និងការលើកកម្ពស់កិច្ចសហការជាមួយ ក្រសួង-ស្ថាប័ន និងដៃគូពាក់ព័ន្ធ ដើម្បីពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាព ការងារគ្រប់គ្រងអត្តសញ្ញាណបុគ្គល សំដៅឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ ក៏ដូចជាបម្រើ ដល់កិច្ចអភិវឌ្ឍលើវិស័យនានា ដែលប្រើប្រាស់ទិន្នន័យបុគ្គល។

ជាមួយគ្នានេះដែរ សម្ដេចក្រឡាហោម បានបញ្ជាក់ពីការងារពន្ធនាគារថា ត្រូវបន្តប្រមូលផ្ដុំ យកចិត្តទុកដាក់លើការគ្រប់គ្រង ថែរក្សាការពារសន្តិសុខតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារនានា ការអនុវត្តវិធានការសុខាភិបាល ដើម្បីបង្ការការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ដល់មន្ត្រីអនុរក្ស និងជនជាប់ឃុំ ការយកចិត្តទុកដាក់ថែទាំសុខភាព ជីវភាពជនជាប់ឃុំ ព្រមទាំងបង្កើនកិច្ចសហការជាមួយក្រសួងយុត្តិធម៌ ដើម្បីដោះស្រាយភាពចង្អៀតណែនតាមមណ្ឌល អប់រំកែប្រែ និងពន្ធនាគារនានា និងការបន្តខិតខំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner