ចិន៖ តៃវ៉ាន់មិនមែនជាអ៊ុយក្រែនទេ តែជាទឹកដីមិនអាចកាត់ផ្ដាច់បានរបស់ចិន
ដែនកោះតៃវ៉ាន់មិនមែនជាអ៊ុយក្រែនទេ តែដែនដីនេះស្ថិតក្នុងជាផ្នែកមួយនៃអធិបតេយ្យភាពរបស់ចិន។ នេះបើតាមការលើកឡើងរបស់អ្នកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិនកាលពីថ្ងៃពុធកន្លងនេះ។
អំឡុងពេលមានភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន មានអត្ថបទវិចារណកថា ក៏ដូចជាមានមតិមួយចំនួនយល់ឃើញថា ចិនអាចនឹងកាន់កាប់យកតៃវ៉ាន់ដោយកម្លាំងប្រដាប់អាវុធ ស្របពេលដែលរុស្ស៊ីមានជម្លោះជាមួយអ៊ុយក្រែន និងប្រឈមមុខនឹងលោកខាងលិច។
អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងថា៖ «តៃវ៉ាន់ប្រាកដណាស់មិនមែនជាអ៊ុយក្រែនទេ។ តៃវ៉ាន់តែងតែជាផ្នែកមួយមិនអាចកាត់ផ្ដាច់បាននៃទឹកដីរបស់ចិន»។
អ្នកស្រីបានបន្តថា បញ្ហាតៃវ៉ាន់បង្កឡើងដោយសង្គ្រាមស៊ីវិល ហើយមានការប្រឈមមុខដាក់គ្នាផ្នែកនយោបាយរវាងរដ្ឋអំណាចនៅចិនដីគោក និងតៃវ៉ាន់មែន ប៉ុន្តែអធិបតេយ្យភាពរបស់ចិនមិនដែលបែងចែកគ្នានោះទេ។
«សន្តិភាពនៅតៃវ៉ាន់គឺផ្អែកលើការវិវត្តដោយសន្តិភាពនៃទំនាក់ទំនងក្នុងច្រកសមុទ្រតៃវ៉ាន់ មិនមែនពឹងផ្អែកលើការលក់អាវុធ និងការគាំទ្រផ្នែកយោធាពីកម្លាំងបរទេសណាមួយឡើយ»។ នេះជាការបន្ថែមរបស់អ្នកស្រី Hua។
សហរដ្ឋអាមេរិកបានគោរព «គោលនយោបាយចិនតែមួយ» ហើយមហាអំណាចមួយនេះមិនទទួលស្គាល់តៃវ៉ាន់ជារដ្ឋ ឯករាជ្យជាផ្លូវការនៅឡើយទេ តែអាមេរិកមានច្បាប់ទំនាក់ទំនងតៃវ៉ាន់ ដែលចែងថា ខ្លួនមានកាតព្វកិច្ចការពារសន្តិសុខ សុវត្ថិភាពរបស់តៃវ៉ាន់ តាមរយៈទំនាក់ទំនងផ្នែកសេដ្ឋកិច្ច និងការលក់អាវុធ៕

ប្រភព៖ FMPRC