នាយក​រដ្ឋ​មន្រ្តី​កាណាដា​លុប​ចោល​ច្បាប់​ដាក់​ប្រទេស​ក្នុង​ស្ថាន​ភាព​​អាសន្ន​ ដោយនិយាយថា​ច្បាប់​​មាន​ស្រាប់​​គ្រប់​គ្រាន់​ដើម្បី​ដោះស្រាយ​នឹង​​អ្នក​តវ៉ា​

នាយក​រដ្ឋ​មន្រ្តី​កាណាដា​​លោក​ Justin Trudeau ប្រ​កាស​កាល​ពី​ថ្ងៃ​ពុធ​ថា​ ខ្លួន​នឹង​លុប​ចោល​ច្បាប់​ដាក់​ប្រទេស​ក្នុង​ស្ថាន​ភាព​គ្រា​អាសន្ន​ ជាង​មួយ​សប្ដាហ៍​ក្រោយ​ពី​ប្រកាស​ឱ្យ​ប្រើ​ប្រាស់​ច្បាប់​នេះ​ ​ដោយ​និយាយ​ថា​ ប៉ូលីស​មាន​ឧបករណ៍​ដែល​ពួក​គេ​ត្រូវ​ការ​ដើម្បី​បន្ត​ដោះស្រាយ​ជាមួយ​ក្រុម​អ្នក​តវ៉ា​ខុស​ច្បាប់​។​

លោក​និយាយ​​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​រដ្ឋធានី​អូតាវ៉ា​ថា​​​​៖ ​«​​បន្ទាប់​ពី​​ពិចារណា​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ យើង​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​​បញ្ជាក់​ថា​ ស្ថានភាព​នេះ​មិន​មែន​ជា​ភាព​អាសន្ន​ទៀត​ទេ​។​ ដូច្នេះ​ហើយ ​រដ្ឋាភិបាល​សហព័ន្ធ​នឹង​បញ្ចប់​ការ​ប្រើ​ប្រាស់​ច្បាប់​ស្តី​ពី​គ្រា​អាសន្ន​»​។​

លោក​ Trudeau ​​និយាយ​ថា​ អំណាច​បោស​សម្អាត​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​ដើម្បី​ដោះ​ស្រាយ​ភាព​អាសន្ន​ ​«​ធ្ងន់​ធ្ងរ​»​ ដោយ​និយាយ​ថា​ វា​មាន​ន័យ​សមាមាត្រ​ និង​ពេល​វេលា​កំណត់​ ស្រប​ពេល​ដែល​បាតុករ​តូច​ៗ​នៅ​តែ​មាន​នៅ​ទូទាំង​ប្រទេស​ រួម​ទាំង​នៅ​ខាង​ក្រៅ​​ក្រុង​អូតាវ៉ា។

នៅ​រសៀល​ថ្ងៃ​ពុធ​​ មានវ​ត្តមាន​ប៉ូលិស​យ៉ាង​ច្រើន​ក្នុង​កណ្តាល​ទីក្រុង​អូតាវ៉ា​ ដោយ​មាន​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ជាច្រើន​របស់​ប៉ូលីស​។​ ប៉ុន្តែ​លោក​ Trudeau ​​និយាយ​ថា​ អ្នក​ជំនាញ​សន្តិសុខ​ជាតិ​បាន​ផ្តល់ដំ​បូន្មាន​ដល់​លោក​ថា​ ច្បាប់​បច្ចុប្បន្ន​ដែល​មាន​ស្រាប់​គឺ​គ្រប់​គ្រាន់​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ការ​អនុវត្ត​ច្បាប់​។​

លោក​ Trudeau ​និយាយ​ថា​៖​ «​យើង​មាន​ទំនុក​ចិត្ត​ខ្ពស់​ថា​ ឧបករណ៍​ដែល​មាន​ស្រាប់​ដែល​កង​កម្លាំង​ប៉ូលីស​មាន​នៅ​ទូទាំង​ប្រទេស ​នឹង​គ្រប់​គ្រាន់​ដើម្បី​ដោះស្រាយ​ជាមួយ​នឹង​ការ​រំខាន​បន្ថែម​ទៀត​»​។​

ការ​​តវ៉ា​ចាប់​​ផ្តើម​​ជា​​ក្បួន​​រថយន្ត​របស់​អ្នក​បើក​ឡាន​​ដឹក​​ទំនិញ​​ឆ្លង​​ប្រទេស​ ដែល​គេ​ហៅ​ថា​ «​​​ក្បួន​​សេរីភាព​»​ ដើម្បី​​តវ៉ា​​ប្រឆាំង​​នឹង​ការ​តម្រូវ​​​ឱ្យ​ចាក់​វ៉ាក់សាំង​​​។​ ​ក្រុម​អ្នក​តវ៉ា​ក៏​​ទាម​ទារ​បន្ថែម​ទៀត​ពី​រដ្ឋាភិបាល​ ដោយ​សុំ​ឱ្យ​ចង់​បញ្ចប់​វិធានការ​កូវីដ-១៩ ​ទាំង​អស់​ ខណៈ​​អ្នក​ខ្លះ​ថែម​ទាំង​ទាម​ទារ​ឱ្យ​លោក​ Trudeau ​លា​លែង​ចេញ​ពី​តំណែងទៀត​ផង​​។​​

ប្រភព៖ CNN

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner