រដ្ឋបាល​លោក​បៃដិន​ព្យាយាម​បញ្ចុះ​បញ្ចូល​ដៃ​គូ​នៅ​​អាស៊ី​ឱ្យ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅ​លើ​រុស្ស៊ី

រដ្ឋបាល​​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ចូ បៃដិន កំពុង​តែ​ស្ថិត​ក្នុង​ដំណាក់កាល​ពិភាក្សា​ជាមួយ​ដៃ​គូ​សំខាន់ៗ​នៅ​ក្នុង​តំបន់​អាស៊ី ដែល​រួម​មាន​ ជប៉ុន តៃវ៉ាន់ និង​សិង្ហបុរី ដើម្បី​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅ​លើ​រុស្ស៊ី ស្រប​ពេល​ដែល​មាន​ភាព​តានតឹង​កាន់​តែ​ខ្លាំង​ឡើងៗ​នៅ​អ៊ុយក្រែន។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ព្រឹត្តិបត្រ​ព័ត៌មាន​ Foreign Policy។

ស្ថានភាព​នៅ​អ៊ុយក្រែន​តានតឹង​ដល់​ថ្នាក់​មាន​ការ​ប៉ះទង្គិច​គ្នា​រវាង​រុស្ស៊ី និង​អ៊ុយក្រែន​ដោយ​ផ្ទាល់​តែ​ម្ដង ក្រោយ​ពេល​ដែល​លោក វ្ល៉ាឌីមៀរ ពូទីន ប្រកាស​ឱ្យ​មាន​ «ប្រតិបត្តិការ​យោធា» នៅ​ព្រឹកព្រហាម​ថ្ងៃ​ព្រហស្បតិ៍​ (ម៉ោង​នៅ​រុស្ស៊ី)។ ទីក្រុង​គៀវ រដ្ឋធានី​អ៊ុយក្រែន​រង​ការ​វាយប្រហារ​ផ្លូវ​អាកាស ខណៈ​រដ្ឋាភិបាល​អ៊ុយក្រែន​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន។

ការ​វាយប្រហារ​ទាំង​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​រុស្ស៊ី​ប្រកាស​ទទួល​ស្គាល់​តំបន់​ផ្ដាច់​ខ្លួន​ចំនួន ២ នៅ​អ៊ុយក្រែន ហើយ​មហាអំណាច​មួយ​នេះ​បាន​លើក​ទ័ព​ចូល​ទៅ​កាន់​តំបន់​ទាំង​ពីរ​នេះ​ ដើម្បី «រក្សា​សន្តិភាព»។

ឆ្លើយតប​នឹង​ស្ថានការណ៍​នេះ​ដែរ អាមេរិក​បាន​ ជាមួយ​អង់គ្លេស និង​ប្រទេស​សម្ព័ន្ធមិត្ត​មួយ​ចំនួន​បាន​ដាក់​ទណ្ឌកម្ម​លើ​ឥស្សរជន​រុស្ស៊ី​ជាប់​ពាក់ព័ន្ធ​នឹង​លោក​ពូទីន​ជា​ច្រើន​​រយ​នាក់។ ក្រៅ​ពី​បបួល​ប្រទេស​អឺរ៉ុប នៅ​ពេល​នេះ​អាមេរិក​ក៏​ចាប់​ផ្ដើម​បញ្ចុះបញ្ចូល​ជាមួយ​ប្រទេស​អាស៊ី​ផង​ដែរ។

បើ​យោង​តាម​ប្រភព​ខាង​លើ អាមេរិក​មាន​បំណង​សហការ​ជាមួយ​ប្រទេស​/ដែនដី​ទាំង ៣ខាង​លើ​នេះ ក្នុង​គោលបំណង​រឹតត្បិត​ការ​នាំ​ចេញ​ផលិតផល​បន្ទះ​ឈីប ឈីប​កុំព្យូទ័រ ក៏​ដូច​ជា​ផលិត​បច្ចេកវិទ្យា​នានា ទៅ​កាន់​ប្រទេស​រុស្ស៊ី ជាមួយ​នឹង​គោលដៅ​ក្នុង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​ដល់​សេដ្ឋកិច្ច​ និង​វិស័យ​បច្ចេកវិទ្យា​របស់​រុស្ស៊ី។

ព្រឹត្តិបត្រ​ Foreign Policy បាន​ចុះ​ផ្សាយ​ថា ទណ្ឌកម្ម​នេះ​អាច​មាន​ប្រសិទ្ធភាព​ជាង​ទណ្ឌកម្ម​ជា​ប្រពៃណី ដែល​មាន​ដូច​ជា​ការ​បង្កក​ទ្រព្យ​សម្បត្តិ ហាម​ឃាត់​មិន​ឱ្យ​ចូល​ក្នុង​ប្រទេស​ខ្លួនជាដើម​ ហើយ​ប្រសិន​បើ​ទណ្ឌកម្ម​នេះ​អាច​អនុវត្ត​បាន នោះ​គេ​អាច​បិទ​ខ្ទប់​រុស្ស៊ី​ពី​ការ​នាំ​ចូល​បច្ចេកវិទ្យា​ ដែល​មាន​សារៈសំខាន់​សម្រាប់​ផលិតកម្ម​ប្រេង​ និង​ឧស្ម័ន ក៏​ដូច​ជា​វិស័យ​នាវាចរណ៍​ផ្លូវ​សមុទ្រ វិស័យ​ការពារ​ជាតិ និង​ផលិតកម្ម​ផ្សេងៗ​ដូច​ជា ការ​ផលិត​យន្តហោះ រថយន្ត និង​ទូរស័ព្ទ​ជា​ដើម។

កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ ជប៉ុន​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​ និង​តំបន់​ផ្ដាច់​ខ្លួន​ចំនួន​ ២នៅ​អ៊ុយក្រែន។ ជប៉ុន​បាន​ធ្វើ​ការ​បង្កក​ទ្រព្យសម្បត្តិ និង​ហាមប្រាម​មិន​ឱ្យ​ជនជាតិ​រុស្ស៊ី​មួយ​ចំនួន​ចូល​ក្នុង​ដី​ជប៉ុន។ បន្ថែម​ពី​លើ​នេះ​ទៅ​ទៀត ជប៉ុន​នឹង​បិទ​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​តំបន់​ផ្ដាច់​ខ្លួន​ទាំង​ ២នៅ​អ៊ុយក្រែន។ នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ្វូមីអូ គីស៊ីដា។

លោក គីស៊ីដា បាន​លើកឡើង​ថា រុស្ស៊ី​រំលោភ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​អ៊ុយក្រែន ក៏​ដូច​ជា​រំលោភ​ច្បាប់​អន្តរជាតិ ហើយ​ជំរុញ​ឱ្យ​មាន​ការ​ដោះស្រាយ​បញ្ហា​តាម​ផ្លូវ​ការ​ទូត។

ចំណែក​ឯ​សិង្ហបុរី និង​តៃវ៉ាន់​វិញ​មិន​ទាន់​ប្រកាស​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​នោះ​ទេ ប៉ុន្តែ​ប្រទេស​ទាំង​ពីរ​នេះ​ក៏​បាន​ចេញ​សេចក្ដីថ្លែងការណ៍​សម្ដែង​ពី​ការ​ព្រួយបារម្ភ​អំពី​ស្ថានភាព​នៅ​អ៊ុយក្រែន។

អ្នកស្រី សៃ អ៊ិងវិន ប្រធានាធិបតី​តៃវ៉ាន់​បាន​លើកឡើង​កាល​ពី​ថ្ងៃ​ពុធ​ថា តៃវ៉ាន់​ថ្កោលទោស​រុស្ស៊ី​ចំពោះ​ការ​រំលោភ​អធិបតេយ្យ​អ៊ុយក្រែន។ រី​ឯ​ក្រសួង​ការបរទេស​សិង្ហបុរី​វិញ បាន​ចេញ​សេចក្ដីថ្លែងការណ៍​កាល​ពី​ថ្ងៃ​អង្គារ ដោយ​បង្ហាញ​ពី​ «ក្ដី​បារម្ភ​យ៉ាង​ខ្លាំង» ចំពោះ​ស្ថានភាព​នៅ​អ៊ុយក្រែន។

សិង្ហបុរី​បាន​សង្កត់​ធ្ងន់​ថា៖ «អធិបតេយ្យ ឯករាជ្យ​ភាព និង​បូរណភាព​ដែនដី​របស់​អ៊ុយក្រែន​ត្រូវ​តែ​គោរព»។ នេះ​បើ​តាម​សេចក្ដីថ្លែងការណ៍​មួយ​របស់​ក្រសួង​ការបរទេស​សិង្ហបុរី។

ចំពោះ​​បញ្ហា​​ដាក់​ទណ្ឌកម្ម​វិញ សិង្ហបុរី​នៅ​មិន​ទាន់​ធ្វើ​ការ​ឆ្លើយតប​នៅ​ឡើយ​​ទេ។ ចំពោះ​ភាគី​​តៃវ៉ាន់​វិញ បើ​យោង​តាម​អនុរដ្ឋមន្ត្រី​សេដ្ឋកិច្ច​តៃវ៉ាន់ តៃវ៉ាន់​នឹង​ពិចារណា​ដាក់​ទណ្ឌកម្ម​រុស្ស៊ី ប្រសិន​បើ​ទណ្ឌកម្ម​នេះ​ជួយ​ផ្ដល់​ឱ្យ​មាន​សន្តិភាព។ នេះ​បើ​តាម​ប្រភព​ពី​អ្នក​សារព័ត៌មាន​តៃវ៉ាន់​មួយ​រូប៕

WASHINGTON, DC – FEBRUARY 22: U.S. President Joe Biden speaks on developments in Ukraine and Russia, and announces sanctions against Russia, from the East Room of the White House February 22, 2022 in Washington, DC. The White House earlier in the day called Russia’s deployment of troops into two pro-Russian separatist regions of Ukraine “the beginnings of an invasion.” (Photo by Drew Angerer/Getty Images)

ប្រភព៖ FP

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner