អាមេរិកដាក់ទណ្ឌកម្មលើក្រុមហ៊ុនសាងសង់បំពង់បង្ហូរប្រេង Nord Stream 2 របស់រុស្សី
កាលពីថ្ងៃពុធ ទី២៣ កុម្ភៈនេះ សហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនទទួលបន្ទុកសាងសង់បំពង់បង្ហូរឧស្ម័ន Nord Stream 2 ពីរុស្សីមកអាល្លឺម៉ង់ ដោយពង្រីកផលវិបាកលើទីក្រុងមូស្គូ បន្ទាប់ពីពួកគេបានទទួលស្គាល់តំបន់ផ្ដាច់ខ្លួនពីរនៅភាគខាងកើតអ៊ុយក្រែន។
ទណ្ឌកម្មដែលកំណត់គោលដៅលើក្រុមហ៊ុន Nord Stream 2 AG និងលោកម៉ាទីអាស វ៉ានីហ្គ នាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះ គឺបន្ថែមសម្ពាធលើគម្រោងបំពង់ក្រោមសមុទ្របាល់ទិក ដែលត្រូវបានរចនាឡើងដើម្បីបង្កើនសមត្ថភាពលំហូរឧស្ម័នទ្វេដងពីរុស្សីទៅអាល្លឺម៉ង់។
គម្រោងថាមពលដ៏ចម្រូងចម្រាសបំផុតរបស់អឺរ៉ុប Nord Stream 2 នៅមិនទាន់ចាប់ផ្តើមប្រតិបត្តិការនៅឡើយទេ ដោយសារបំពង់នេះនៅរង់ចាំការអនុញ្ញាតដោយប្រទេសអាល្លឺម៉ង់ និងសហភាពអឺរ៉ុប។
ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃអង្គារបានបញ្ឈប់ដំណើរការផ្ដល់អាជ្ញាប័ណ្ណបំពង់បង្ហូរឧស្ម័ននេះដោយលើកឡើងពីសកម្មភាពរបស់រុស្សីប្រឆាំងនឹងអ៊ុយក្រែន។ សហរដ្ឋអាមេរិក និងសមាជិកសហភាពអឺរ៉ុបមួយចំនួនបានបង្ហាញការព្រួយបារម្ភថា បំពង់បង្ហូរឧស្ម័ននឹងបង្កើនការពឹងផ្អែករបស់អឺរ៉ុបលើការផ្គត់ផ្គង់ថាមពលពីរុស្ស៊ី ហើយកាត់ផ្ដាច់ចំណូលរាប់ពាន់លានដុល្លារពីទៅកាន់អ៊ុយក្រែន ដែលជាម្ចាស់ផ្ទះសម្រាប់បំពង់បង្ហូរឧស្ម័នរុស្សីមួយផ្សេងទៀត។
Nord Stream 2 AG ជាក្រុមហ៊ុនចុះបញ្ជីអាជីវកម្មនៅប្រទេសស្វីស ហើយក្រុមហ៊ុនឧស្ម័នរដ្ឋរុស្សី Gazprom គឺជាម្ចាស់ភាគហ៊ុនភាគច្រើន។ ក្រុមហ៊ុន Gazprom គ្រប់គ្រងបំពង់ទាំងមូល ប៉ុន្តែបានបង់ថ្លៃសាងសង់ត្រឹមតែពាក់កណ្ដាលប៉ុណ្ណោះ ដោយការចំណាយនៅសល់គឺចែករំលែកជាមួយក្រុមហ៊ុន Shell ក្រុមហ៊ុន OMV របស់អូទ្រីស ក្រុមហ៊ុន Engie របស់បារាំង ក្រុមហ៊ុន Uniper និងក្រុមហ៊ុន Wintershall DEA របស់អាល្លឺម៉ង់៕


ប្រភព៖ Reuters