អ៊ុយក្រែន​កោះហៅ​ទ័ព​បម្រុង​ឱ្យ​ចាប់​ផ្ដើម​ចល័ត​ ហើយ​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​ ខណៈ​រុស្សី​ចាប់​ផ្ដើម​វាយ​ប្រហារ​

ដោយ​អំពើ​ហិង្សា​កំពុង​កើន​ឡើង​នៅ​ខាង​កើត​របស់​ខ្លួន រដ្ឋាភិបាល​អ៊ុយក្រែន​កាល​ពី​ពុធ ទី​២៣ កុម្ភៈ​បាន​កោះហៅ​ទ័ព​បម្រុង​ឱ្យ​ចាប់​ផ្ដើម​ចល័ត​ ខណៈ​ពេល​ដែល​ក្រុម​ប្រឹក្សា​សន្តិសុខ​ប្រទេស​នេះ​បាន​ជួប​ប្រជុំ​នៅ​ក្រុង​កៀវ ហើយ​ស្នើ​ឱ្យ​សភា​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន ដែល​នឹង​ផ្ដល់​អំណាច​បន្ថែម​ទៀត​ឱ្យ​អាជ្ញាធរ​ដើម្បី «ពង្រឹង​សន្តិសុខ​កន្លែង​សាធារណៈ​និង​ទីតាំង​ដែល​មាន​សារៈសំខាន់​សម្រាប់​សាធារណជន​»។

លេខាធិការ​ក្រុម​ប្រឹក្សា​សន្តិសុខ​អ៊ុយក្រែន​លោក​អូឡេកស៊ី ដានីឡូវ​តំបន់​ទាំង​អស់​នៃ​ប្រទេស​អ៊ុយក្រែន​នឹង​ត្រូវ​ដាក់​ក្នុង​គ្រា​អាសន្ន ដោយ​លើកលែង​តែ​តំបន់​ដូណេតស្ក៍ និង​លូហានស្ក៍​ ដែល​ជា​សមរភូមិ​ជាង​៨​ឆ្នាំ​ រវាង​រដ្ឋាភិបាល​អ៊ុយក្រែន​ និង​ក្រុម​ផ្ដាច់​ខ្លួន​គាំទ្រ​ដោយ​រុស្សី​។ សំណើ​ប្រកាស​គ្រា​អាសន្ន​នេះ​ត្រូវ​បាន​អនុម័ត​ដោយ​សភា​អ៊ុយក្រែន​នៅ​ល្ងាច​ថ្ងៃ​ពុធ​។

នៅ​យប់​ថ្ងៃ​ពុធ​សប្ដាហ៌​នេះ​ ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​រៀប​ចំ​សម័យ​ប្រជុំ​ក្នុង​គ្រា​អាសន្ន​ ខណៈ​ពេល​ប្រធានាធិបតី​រុស្សី​លោក​វ្ល៉ាឌីមៀរ​ ពូទីន​បាន​ប្រកាស​ប្រតិបត្តិការ​យោធា​ចូល​ក្នុង​ទឹកដី​ប្រទេស​អ៊ុយក្រែន​។ ស្នូរ​នៃ​ការ​ផ្ទុះ​ត្រូវ​បាន​គេ​ឮ​នៅ​ទីក្រុង​អ៊ុយក្រែន​ធំ​ៗ​ដូចជា​ក្រុង​កៀវ ខាគៀវ ​អូដេសា​ និង​ក្រុង​ដទៃ​ទៀត​នៅ​ទូទាំង​ប្រទេស​អ៊ុយក្រែន​។

លោក​ពូទីន​អះអាង​​ថា​លោក​មិន​ចង់​កាន់កាប់​ប្រទេស​អ៊ុយក្រែន​ទេ ប៉ុន្តែ​លោក​និយាយ​ថា​លោក​ចង់​បំបែក​យោធា​អ៊ុយក្រែន​ បន្ទាប់​ពី​មាន​សំណើ​សុំ​ជំនួយ​ពី​ក្រុម​ផ្ដាច់​ខ្លួន​។ លោក​បាន​ជំរុញ​ឱ្យ​ទាហាន​អ៊ុយក្រែន «បោះបង់​អាវុធ​ភ្លាម​ ហើយ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទៅ​»​។ លោក​ខាង​លិច​បាន​និយាយ​ថា​នេះ​គឺ​ជា​ការ​បើក​ការ​ឈ្លានពាន​នៃ​ប្រទេស​អ៊ុយក្រែន​។

ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ទើប​តែ​ទទួល​ដំណឹង​អំពី​ការ​សម្រេច​ចិត្ត​របស់​លោក​ពូទីន នៅ​នាទី​ចុង​ក្រោយ​នៃ​កិច្ចប្រជុំ​។ ប្រទេស​លោក​ខាង​លិច​បាន​ថ្កោល​ទោស​សកម្មភាព​រុស្សី​យ៉ាង​ខ្លាំង​ ហើយ​គណៈប្រតិភូ​បារាំង​ប្ដេជ្ញា​ធ្វើ​ការ​ជា​មួយ​សមាជិក​ដទៃ​ដើម្បី​រៀប​ចំ​សេចក្ដី​សម្រេច​ប្រឆាំង​រុស្សី​៕

Ukrainian President Volodymyr Zelensky attends a joint press conference with his counterparts from Lithuania and Poland following their talks in Kyiv on February 23, 2022. (Photo by SERGEI SUPINSKY / AFP) (Photo by SERGEI SUPINSKY/AFP via Getty Images)

ប្រភព៖ CBS News

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner