ប្រធានាធិបតីបារាំង៖ ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន គឺជាការវាយប្រហារដ៏ធ្ងន់ធ្ងរបំផុតលើសន្តិភាព និងស្ថិរភាពនៅអឺរ៉ុប
ប៉ារីស៖នៅក្នុងសុន្ទរកថាថ្នាក់ជាតិនៅថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បាននិយាយថា ការឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែនបង្កើតបានជា “ការវាយ ប្រហារដ៏ធ្ងន់ធ្ងរបំផុតលើសន្តិភាព និងស្ថិរភាពនៅអឺរ៉ុបអស់ជាច្រើន ទសវត្សរ៍មកនេះ។


លោក ម៉ាក្រុង បន្តថា ដោយជ្រើសរើសសង្គ្រាម លោកប្រធានាធិបតី ពូទីន មិនគ្រាន់តែវាយប្រហារអ៊ុយក្រែនទេ គាត់ (លោក ពូទីន) បាន សម្រេចចិត្តធ្វើការវាយប្រហារដ៏ធ្ងន់ធ្ងរបំផុតលើសន្តិភាព និង ស្ថិរភាពនៅអឺរ៉ុបអស់ជាច្រើនទសវត្សរ៍មកហើយ។ នៅមុខទង់ជាតិ អ៊ុយក្រែន ក៏ដូចជាទង់ជាតិរបស់បារាំង និងសហភាពអឺរ៉ុប លោក ម៉ាក្រុងបានចាប់ផ្ដើមសុន្ទរកថាដោយថ្លែងអំណរគុណចំពោះភាពក្លាហាន និងការតាំងចិត្តរបស់ប្រជាជនអ៊ុយក្រែន។


លោក ម៉ាក្រុង បាននិយាយដូច្នេះថា សេរីភាពរបស់ពួកគេ គឺ ជា របស់ យើង។ ព្រឹត្តិការណ៍ទាំងនេះគឺជាចំណុចរបត់មួយនៅ ក្នុង ប្រវត្តិសាស្ត្រនៃទ្វីបអឺរ៉ុប និងប្រទេសរបស់យើង។ វានឹងផ្តល់ផល វិបាកយូរអង្វែង និងទូលំទូលាយដល់ជីវិតរបស់យើង លើភូមិសាស្ត្រ នយោបាយនៃទ្វីបរបស់យើង។
លោក ម៉ាក្រុង បានបញ្ជាក់ទៀតថា ទណ្ឌកម្មដែលដាក់លើរុស្ស៊ីនឹង សមស្របនឹងការឈ្លានពានដែលទីក្រុងម៉ូស្គូមានកំហុស ដោយ លោក បន្ថែមថា យើងនឹងគ្មានភាពទន់ខ្សោយឡើយ។

លោក ម៉ាក្រុង បានសង្កត់ធ្ងន់ថា ទណ្ឌកម្មរបស់អឺរ៉ុបនឹងផ្តោត លើវិស័យយោធា សេដ្ឋកិច្ច និងថាមពលរបស់រុស្ស៊ី ហើយថា លោកនឹងនិយាយនៅចំពោះមុខសភាបារាំងនៅថ្ងៃស្អែកជាមួយនឹងព័ត៌មានបន្ថែមអំពីការឆ្លើយតបរបស់បារាំង៕
ប្រភព៖ CNN ដោយ៖ ឈឹម ទីណា