ប្រមុខការទូតរុស្ស៊ី៖ ទីក្រុងម៉ូស្គូនឹងយល់ព្រមចរចា ប្រសិនបើអ៊ុយក្រែនទម្លាក់អាវុធចុះ
ម៉ូស្គូ ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov នៅថ្ងៃសុក្រនេះបញ្ជាក់ថា ទីក្រុងម៉ូស្គូបានត្រៀមខ្លួនរួចជាស្រេច សម្រាប់កិច្ចចរចាជាមួយទីក្រុងកៀវ ប្រសិនបើកងទ័ពរបស់អ៊ុយក្រែនចុះចាញ់។
លោក Lavrov បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងម៉ូស្គូថា យើងត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចរចានៅពេលណាមួយ នៅពេលដែលកងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែន ឆ្លើយតបនឹងការអំពាវនាវរបស់យើង ហើយដាក់អាវុធចុះ។ យ៉ាងណាមិញ នៅពុំទាន់មានការឆ្លើយតបភ្លាមៗពីសំណាក់រដ្ឋាភិបាលអ៊ុយក្រែននៅឡើយទេ។ នៅថ្ងៃទីពីរនៃការប្រយុទ្ធប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញរថពាសដែករុស្ស៊ីបានរំកិលចូលក្នុងរដ្ឋធានីកៀវ។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba បាននិយាយថា រដ្ឋធានីបានស្ថិតនៅក្រោមការវាយប្រហារដោយមីស៊ីល។ លោកបានសរសេរសារនៅលើ Twitter ថា៖ «ការវាយប្រហារដោយគ្រាប់មីស៊ីលរុស្ស៊ីដ៏គួរឲ្យរន្ធត់លើទីក្រុង កៀវ។ ពេលវេលាចុងក្រោយដែលរដ្ឋធានីរបស់យើងបានជួបប្រទះរឿងបែបនេះ គឺនៅឆ្នាំ ១៩៤១ នៅពេលដែលខ្លួនត្រូវបានវាយប្រហារដោយពួកណាស៊ីអាល្លឺម៉ង់៕ ប្រភព៖ The Straits Times ដោយ៖ ឈឹម ទីណា







