សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាសរដ្ឋ-ឯកជន សិប្បកម្ម និងសេវាកម្មផ្សេងៗ ជួយគាំទ្រនិងចូលរួមការងារធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី្រ នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាសរដ្ឋ-ឯកជន សិប្បកម្ម អាជីវកម្មលក់ដុំ លក់រាយ និងសេវាកម្មផ្សេងៗទាំងអស់ សូមជួយគាំទ្រនិងចូលរួមការងារធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ ដោយរីករាយ ព្រមទាំងផ្តល់ព័ត៌មានតាមសំណួរសម្ភាសន៍ដល់មន្ត្រីធ្វើជំរឿនសេដ្ឋកិច្ចឱ្យបានគ្រប់គ្រាន់ ត្រឹមត្រូវ ជាក់លាក់ និងទាន់ពេលវេលា ដើម្បីជាប្រយោជន៍ដល់រាជរដ្ឋាភិបាល សម្រាប់រៀបចំគោលនយោបាយអាទិភាពសំខាន់ៗ ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យបានរីកចម្រើនជឿនលឿន។
នេះបើយោងតាមសារអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ស្តីពីការធ្វើជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២ ចាប់ពីថ្ងៃទី១ ខែមីនា ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។

នៅក្នុងសារអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ដែលនឹងចាប់ផ្តើមពីថ្ងៃទី១ ខែមីនា ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ជាជំរឿនសេដ្ឋកិច្ចលើកទី២ នៅព្រះរាជាណាចកកម្ពុជា បន្ទាប់ពីបានធ្វើជំរឿនសហគ្រាសនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១១ និង “អង្កេតចន្លោះជំរឿន សហគ្រាសនៅក្នុងឆ្នាំ២០១៤ ហើយក៏ជាជំរឿនសេដ្ឋកិច្ចលើកទី១ ដែលប្រើប្រាស់ថវិកាជាតិទាំងស្រុង ខណៈដែលប្រទេសកម្ពុជាបានក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប និងកំពុងត្រៀមខ្លួនចាកចេញពីចំណាត់ក្រុមនៃប្រទេសមានការអភិវឌ្ឍតិចតួច។
សម្តេចនាយករដ្ឋមន្ត្រីបានបន្តថា ការធ្វើជំរឿនសេដ្ឋកិច្ចជាការងារដ៏ធំ និងមានសារៈសំខាន់សម្រាប់ប្រទេសជាតិ ហើយជាការងារស្ថិតិពិតប្រាកដដែលមិនអាចខ្វះបាន ដើម្បីឆ្លើយតបនឹងសេចក្តីត្រូវការប្រើប្រាស់ទិន្នន័យចម្បង ដែលមានការកើនឡើងជាលំដាប់របស់ស្ថាប័នរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍ អង្គការជាតិ និងអន្តរជាតិនានា សម្រាប់ធ្វើជាធាតុចូលដ៏សំខាន់ ក្នុងការរៀបចំគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច បរិស្ថាន សង្គម វប្បធម៌ និងសុខុមាលភាពរបស់ ប្រជាជនកម្ពុជា និងជាសូចនាករសំខាន់សម្រាប់ការត្រួតពិនិត្យតាមដាន ការសម្រេចបាននូវការអនុវត្តកម្មវិធីគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងការរៀបចំនូវគោលនយោបាយផ្សេងទៀត ជាពិសេស ដើម្បីឆ្លុះបញ្ចាំងពីផលប៉ះពាល់ដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ-១៩ ទៅលើអង្គភាពសេដ្ឋកិច្ច ដែលជាកាតាលីករជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីប្រទេសកម្ពុជាបានរក្សាកំណើនសេដ្ឋកិច្ចជាមធ្យម ៧%ក្នុងមួយឆ្នាំ រយៈពេល១០ឆ្នាំកន្លងមក។
សម្តេចតេជោ បានបន្តទៀតថា ការធ្វើជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា គឺផ្អែកតាមច្បាប់ស្តីពីស្ថិ ដែលបានកំណត់ឱ្យធ្វើ “ជំរឿនសេដ្ឋកិច្ច” ក្នុងរយៈពេល១០ឆ្នាំម្ដង ជាមួយនឹងការធ្វើអង្កេតចន្លោះជំរឿនសេដ្ឋកិច្ចនៅពាក់កណ្តាល ជំរឿន(៥ឆ្នាំម្តង) និងបានកំណត់នូវកាតព្វកិច្ចរបស់ម្ចាស់អង្គភាពសេដ្ឋកិច្ច សហគ្រាស សិប្បកម្ម អាជីវកម្ម លក់ដុំ លក់រាយ និងសេវាកម្មផ្សេងៗទាំងអស់ ត្រូវចូលរួមសហការក្នុងការធ្វើជំរឿនសេដ្ឋកិច្ច។ ទិន្នន័យទាំងអស់ដែលបានមកពីជំរឿនសេដ្ឋកិច្ច គឺជាទិន្នន័យពិតប្រាកដ ដែលបានមកពីគ្រប់អង្គភាព សេដ្ឋកិច្ច សហគ្រាស សិប្បកម្ម អាជីវកម្ម លក់ដុំ លក់រាយ និងសេវាកម្មផ្សេងៗ។ ដូច្នេះ គ្រប់ប្រទេសនៅលើពិភពលោកសុទ្ធតែមានការចាំបាច់ក្នុងការធ្វើជំរឿនគ្រប់អង្គភាពសេដ្ឋកិច្ច ក្នុងនោះប្រទេសដែលមានសុខសន្តិភាព ស្ថិរភាពនយោបាយ អាចប្រមូលទិន្នន័យស្ថិតិបានល្អ ជាពិសេសការធ្វើជំរឿនសេដ្ឋកិច្ចនេះ ខ្ញុំជម្រាបជូនថា លទ្ធផលទិន្នន័យដែលបានមកពីការធ្វើជំរឿនសេដ្ឋកិច្ច នឹងត្រូវបានប្រើប្រាស់ដ៏ទូលំទូលាយនៅក្នុងវិស័យសាធារណៈ និងវិស័យឯកជន។
ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន សូមអំពាវនាវដល់ម្ចាស់អង្គភាពសេដ្ឋកិច្ច មានជាអាទិ៍ ក្រុមហ៊ុន រោងចក សហគ្រាសរដ្ឋ-ឯកជន សិប្បកម្ម អាជីវកម្មលក់ដុំ លក់រាយ និងសេវាកម្មផ្សេងៗទាំងអស់ សូមជួយគាំទ្រនិងចូលរួមការងារនេះដោយរីករាយ ព្រមទាំងផ្តល់ព័ត៌មានតាមសំណួរសម្ភាសន៍ដល់មន្ត្រីធ្វើជំរឿនសេដ្ឋកិច្ចឱ្យបានគ្រប់គ្រាន់ ត្រឹមត្រូវ ជាក់លាក់ និងទាន់ពេលវេលា ដើម្បីជាប្រយោជន៍ដល់រាជរដ្ឋាភិបាល សម្រាប់រៀបចំគោលនយោបាយអាទិភាពសំខាន់ៗ ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យបានរីកចម្រើនជឿនលឿន៕
ដោយៈពលជ័យ

