ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ អញ្ជើញពិនិត្យប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាត របស់ក្រុមហ៊ុន អាន កូ នៅតំបន់ក្បាលឆាយ សង្កាត់លេខ១ ក្រុងព្រះសីហនុ

នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាត របស់ក្រុមហ៊ុន អាន កូ មានទីតាំងនៅតំបន់ក្បាលឆាយ ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ដោយមានការចូលរួមអមដំណើរដោយមន្ទីរអង្គភាពពាក់ព័ន្ធ និងលោកឧកញ៉ា កុក អាន អគ្គនាយកក្រុមហ៊ុនទឹកស្អាតអានកូផងដែរ ។

លោកឧកញ៉ា កុក អានអគ្គនាយកក្រុមហ៊ុនទឹកស្អាតអានកូ បានឱ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុន មានស្ថានីយ៍ប្រព្រឹត្តិកម្មទឹកស្អាត ចំនួន ៣កន្លែង ដោយមានសមត្ថភាពផលិតទឹកក្នុងមួយថ្ងៃបានចំនួន ១៦ម៉ឺនម៉ែត្រគូប ក្នុងនោះទំនប់ទី១ អាចផលិតបាន ៤ម៉ឺនម៉ែត្រគូប ទំនប់ទី ២ ផលិតបាន ៦ម៉ឺនម៉ែត្រគូប និងទំនប់ទី ៣ មានសមត្ថភាពផលិតចំនួន ៦ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ សម្រាប់ចែកចាយប្រើប្រាស់នៅក្នុងខេត្តព្រះសីហនុ ។ បច្ចុប្បន្ន ក្រុមហ៊ុនបានអូសបណ្ដាញតភ្ជាប់ ជូនប្រជាពលរដ្ឋ រោងចក្រសហគ្រាសប្រើប្រាស់នៅក្នុងក្រុងព្រះសីហនុ មួយផ្នែកនៃស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ ដែលអាចប្រើប្រាស់ទឹកក្នុងរង្វង់ ពី ៦ម៉ឺន ទៅ ៧ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ។ ចំពោះមុខ ទិសដៅបន្ត ក្រុមហ៊ុននឹងខិតខំតបណ្ដាញភ្ជាប់ឱ្យបានច្រើនទូលំទូលាយ ទៅតាមបណ្ដាក្រុងស្រុក រោងចក្រសហគ្រាស ដែលកំពុងមានការអភិវឌ្ឍនថ្មីៗ ដើម្បីឱ្យស្របទៅនឹងកំណើននៃការអភិវឌ្ឍន៍របស់ខេត្តព្រះសីហនុ។

ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះក្រុមហ៊ុនអានកូ ដែលបានផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ ជូនដល់ប្រជាពលរដ្ឋ នៅក្រុងស្រុកទាំងបី នៃខេត្តព្រះសីហនុ។ ចំពោះមុខ ឯកឧត្តមក៏បានណែនាំឱ្យក្រុមហ៊ុនធ្វើការពង្រីកខ្នងទំនប់បន្ថែម និងធ្វើទំនើបកម្មប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ព្រមទាំងបន្តពង្រីក ការគ្រប់គ្រងទឹកឱ្យបានកាន់តែច្រើន ខណៈពេលដែលខេត្តព្រះសីហនុនាពេលបច្ចុប្បន្ន និងទៅអនាគត កំពុងមានការអភិវឌ្ឍន៍តាមរយៈអ្នកវិនិយោគទុនទាំងជាតិ និងអន្តរជាតិមកបណ្ដាក់ទុន។

ឯកឧត្តមក៏បានបញ្ជាក់បន្ថែមថា ទន្ទឹមនឹងខេត្តព្រះសីហនុមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធល្អស្អាត ប្រព័ន្ធគមនាគមន៍រៀបចំបានរួចរាល់ ក្នុងនោះទាមទារឱ្យក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតអានកូ រៀបចំបណ្ដាញប្រព័ន្ធទឹកស្អាតឱ្យបានគ្រប់គ្រាន់តាមតម្រូវការ និងឱ្យក្រុមហ៊ុនបន្តតបណ្ដាញឱ្យបានទៅដល់ក្រុងស្រុក ជាពិសេសនៅតំបន់ដែលកំពុងមានការអភិវឌ្ឍន ប្រើប្រាស់គ្រប់គ្រាន់ ដើម្បីឱ្យឆ្លើយតបទៅនឹងស្ថានភាពជាក់ស្ដែង បើគ្មានបណ្ដាញទឹកការអភិវឌ្ឍន៍ក៏មិនអាចទៅរួចដែរ។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណដល់ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានចំណាយពេលវេលាដ៏មានតម្លៃនៅថ្ងៃឈប់សម្រាក អញ្ជើញចុះពិនិត្យ ប្រព័ន្ធប្រព្រឹត្តកម្មប្រព្រឹត្តិកម្មទឹកស្អាត របស់ក្រុមហ៊ុនអាន កូ នៅពេលនេះ ដើម្បីផ្តល់ជាអនុសាសន៍ និងចំណេះដឹងដល់ក្រុមហ៊ុន និងមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីយកទៅអនុវត្តបន្តឱ្យកាន់តែមាន ប្រសិទ្ធភាព។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តបានលើកឡើងនូវពីរចំណុចសំខាន់ៗ ៖

ទី១ គឺការថែរក្សា និងអភិរក្សនូវផ្ទៃរងទឹកភ្លៀងនៅក្នុងតំបន់ក្បាលឆាយ ដោយក្នុងនោះស្នើសុំមន្ទីរបរិស្ថានខេត្ត ផ្តល់ផែនទីជូនក្រុមហ៊ុនអានកូ ដើម្បីសហការគ្នាក្នុងការអភិរក្ស និងការពារធនធានធម្មជាតិ និងព្រៃឈើឱ្យបានគង់វង្ស កុំឱ្យមានការកាប់ទន្ទ្រាន ក៏ដូចជាការលួចសង់លំនៅដ្ឋាន ធ្វើកសិកម្ម ដែលបង្កឱ្យខូចគុណភាពទឹក និងប៉ះពាល់បរិស្ថានតាមរយៈការប្រើប្រាស់សារជាតិគីមីផ្សេងៗ។

ទី២ ខេត្តព្រះសីហនុត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បានកំណត់ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាតារារះនាទិសនារតី ដែលមានចក្ខុវិស័យវែងឆ្ងាយ ការរៀបចំឱ្យខេត្តរបស់យើងក្លាយជា តំបន់ឧស្សាហកម្មធុនធ្ងន់ ទំនើប និងវិទ្យាសាស្ត្រ ដែលរាជរដ្ឋាភិបាលបានរៀបចំផែនការមេ ដើម្បីតម្រង់ទិសនៃការអភិវឌ្ឍន៍ខេត្តព្រះសីហនុ នាពេលអនាគត ជាពិសេសផ្លូវ ទឹក និងភ្លើងត្រូវដើរស្របគ្នាទៅនឹងគោលដៅនៃការអភិវឌ្ឍន៍ ដើម្បីប្រសិទ្ធភាព នៃរៀបចំផែនការ នៃការផ្គត់ផ្គង់ស្របតាមតម្រូវការនៃការប្រើប្រាស់នៅក្នុងខេត្តព្រះសីហនុនាពេលបច្ចុប្បន្ន និងទៅអនាគត៕ ប្រភព ៖ ខេត្តព្រះសីហនុ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner