ឯកឧត្តម ណុប រ័ត្ននិមល ៖ កីឡាជាទូតសន្តិភាព ហើយនាំមកនូវសុខភាព មិត្តភាព សាមគ្គីភាព សុភមង្គល និងនាំឲ្យយុវជនចាកឆ្ងាយពីគ្រឿងញៀន
ឯកឧត្តម ណុប រ័ត្ននិមល សមាជិកយុវជនគណបក្សថា្នក់កណ្ដាល ប្រធានក្រុមការងារយុវជនគណបក្សចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង តំណាងនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ បានថ្លែងថា កីឡាជាទូតសន្តិភាព ហើយនាំមកនូវសុខភាព មិត្តភាព សាមគ្គីភាព សុភមង្គល និងនាំឲ្យយុវជនចាកឆ្ងាយពីគ្រឿងញៀន ។


ឯកឧត្តមបានថ្លែងបែបនេះ ក្នុងពិធីបើកការប្រកួតកីឡាបាល់ទះដណ្តើមពានរង្វាន់ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង លោកជំទាវ ប៉ែន ចន្នី ឆ្នាំ២០២២ ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រចាំស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅវិទ្យាល័យហ៊ុនសែន កំពង់កន្ទួត ស្រុកកណ្តាលស្ទឹង។


លោក អ៊ូច សាវឿន អភិបាលស្រុកកណ្តាលស្ទឹង បានថ្លែងអំណរគុណចំពោះ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ដែលបានយកចិត្តទុកដាក់ដល់សុខទុក្ខរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកកណ្តាលស្ទឹង។ ដោយសារការរីករាលដាលជម្ងឺកូវីដ១៩ បានអាក់ខានការប្រកួតនេះរយៈពេល ២ឆ្នាំជាប់គ្នា ប៉ុន្តែបច្ចុប្បន្នដោយសារការរៀនរស់នៅក្នុងបរិបទថ្មី បានធ្វើឲ្យវិស័យកីឡា មានការរីកចម្រើនឡើងបន្ថែមទៀត។


លោក ឆែម រតនៈវិសាល ប្រធានគណៈកម្មការរៀបចំការប្រកួតកីឡាបាល់ទះ បានឲ្យដឹងថា ការប្រកួតកីឡាបាល់ទះដណ្តើមពានរង្វាន់ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង លោកជំទាវ ប៉ែន ចន្នី ឆ្នាំ២០២២នេះ មាន២១ក្រុម មកពី១៨ឃុំ និង៣វិទ្យាល័យ នៅក្នុងស្រុកកណ្តាលស្ទឹង ហើយការប្រកួតបាន បែងចែកជា ៤ពូល នៅរៀងរាល់ថ្ងៃអាទិត្យ ដែលចាប់ផ្ដើមពីថ្ងៃនេះ រហូតដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២។


ឯកឧត្តម ណុប រ័ត្ននិមល បានមានប្រសាសន៍ថា ការរៀបចំកម្មវិធីនេះឡើង គឺជាលើកទី៤ ដើម្បីចូលរួមចំណែកលើកស្ទួយវិស័យកីឡានៅទូទាំងប្រទេស ដែលកម្ពុជាត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡាស៊ីហ្គេម នាឆ្នាំ២០២៣ និងស្របតាមអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុនសែន បានលើកឡើងថា ប្រជាពលរដ្ឋម្នាក់ ត្រូវលេងកីឡាមួយមុខ ឬឲ្យបានមួយប្រភេទនោះ។ យើងសូមអរគុណចំពោះសុខសន្តិភាព។


ក្នុងឱកាសនោះ ឯកឧត្តម ណុប រ័ត្ននិមល បាននាំយកថវិកា នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី ឧបត្ថម្ភសាលាស្រុក ២លានរៀល, កីឡាករ ចំនួន ៣១៥នាក់ ក្នុងម្នាក់ៗ ៣ម៉ឺនរៀល ព្រមទាំងបានឧបត្ថម្ភដល់គណៈកម្មការកីឡា សិស្សានុសិស្ស និងកងកម្លាំងមានសមត្ថកិច្ច ជាច្រើនទៀតផងដែរ ៕ ដោយ-រ៉ាវុធ



