សមិទ្ធផលថ្មីៗ នៅវត្តព្រះពន្លាជ័យ ឃុំបន្ទាយស្ទោង មានតម្លៃជាង ១៥០លានរៀល ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ
កំពង់ធំ ៖ ឯកឧត្តម សោម ស៊ុន អនុប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកស្ទោង និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលថ្នាក់ខេត្តចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង ស្រុកស្ទោងខេត្តកំពង់ធំ បាន អញ្ជើញសម្ពោធសមិទ្ធផលនានាតម្លៃជាង ១៥០លានរៀល នៅវត្តព្រះពន្លាជ័យដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃអាទិត្យទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ ។


លោក សូត្រ អ៊ុល មេឃុំបន្ទាយស្ទោង តំណាងព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត បានអានពីប្រវត្តិនៃការកកើតឡើងនៃវត្តព្រះពន្លាជ័យ និងសមិទ្ធផលថ្មីៗ ដែលទើបបានកសាងរួច ដែលមានក្លោងទ្វារវត្ត ស្រះទឹក រូបសំណាកព្រះពុទ្ធបដិមាករ រូបសំណាក សំពៅមាស ផ្លូវបេតុង និងបណ្ដាសមិទ្ធផលមួយចំនួនទៀត មានតម្លៃជាទឹកប្រាក់ ១៤៩.២៥០.០០០រៀល និង១.៨៦៤ដុល្លារ ដែលត្រូវដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ ។


ឯកឧត្តម សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ព្រះសង្ឃរួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្ត និងការរួមចំណែកពីក្រុមការងារចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង ដែលបានធ្វើឱ្យសមិទ្ធផលនានាលេចចេញជារូបរាងឡើងនៅពេលនេះ ។


ឯកឧត្តម សោម ស៊ុន របបប្រល័យពូជសាសន៍ ប៉ុលពត អៀងសារី ខៀវសំផន វត្តអារាមទូទាំងប្រទេសត្រូវបានបំផ្លាញចោល ធ្វើជាកន្លែងសម្លាប់មនុស្សឬជាកន្លែងសម្រាប់ចិញ្ចឹមសត្វ ព្រះសង្ឃត្រូវបានចាប់ផ្សឹកបង្ខំឲ្យធ្វើការជាទម្ងន់ តែមកដល់បច្ចុប្បន្ននេះ ក្រោមម្លប់សន្តិភាពនិងការអភិវឌ្ឍ ក្រោមការដឹកនាំ ប្រកបដោយគិតិបណ្ឌិត សម្តេចតេជោហ៊ុន សែន បច្ចុប្បន្នមានព្រះសង្ឃជាង៧ម៉ឺនអង្គ វត្តអារាមជិត ៥.០០០ វត្ត ត្រូវបានកើតឡើងវិញនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តមសោម ស៊ុន និងក្រុមការងារបានប្រគេនថវិកាមួយចំនួនបន្ថែមទៀតសម្រាប់កសាងសមិទ្ធផលនានាក្នុងវត្ត និងបាននាំយកអំណោយស្បៀងអាហារគ្រឿងឧបភោគបរិភោគ របស់ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតចំនួន ១៥គ្រួសារ ព្រមទាំងបានឧបត្ថម្ភប៊ិចសរសេរចំនួន ២០០ដើមនិងសៀវភៅសរសេរចំនួន ២០០ក្បាល ជូនដល់ក្មួយៗសិស្សានុសិស្ស ដែលកំពុងសិក្សានៅសាលាបឋមសិក្សាព្រះពន្លាជ័យ ផងដែរ ៕
ដោយ ប៊ុន រដ្ឋា