ចោរស្ទើរភ្លើង លួចម៉ាស៊ីនបូមទឹកមិនបានសម្រេច ត្រូវបានម្ចាស់តាមទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច
កណ្តាល៖ ចោរស្ទើរភ្លើងម្នាក់ ត្រូវបាននគរបាលចាប់វាយខ្នោះ ខណៈកំពុងធ្វើសកម្មភាពលួច មិនបានសម្រេចពេលម្ចាស់ម៉ាស៊ីនបូមទឹកឃើញទាន់ ។ ហេតុការណ៌នេះបានកើតឡើងនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៨និង២០នាទី នៅចំណុចដីចំការល្ហុងផ្លូវក្របី ភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្ដាល ។


សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ សូ សឿន ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅ ភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ។ ជនសង្ស័យមានឈ្មោះ វ៉ន ចន្ថា ហៅតូ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូកង់បី(passapp) មានទីលំនៅ ភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល មុខសញ្ញាលួចមិនរាងចាល ។


សមត្ថកិច្ចបន្ថែមទៀតថា ជនរងគ្រោះឈ្មោះ សូ សឿន បានចេញពីផ្ទះទៅមើលម៉ាស៊ីនបូមទឹកនៅចំការល្ហុង ពេលទៅដល់ ក៏ឃើញជនសង្ស័យកំពុងដោះខ្ចៅម៉ាស៊ីនបូមទឹក ។ ជនរងគ្រោះបានស្រែកសួរថាពីណាគេកំពុងធ្វើអ្វី ភ្លាមនោះជនសង្ស័យបានឆ្លើយតបថាដាក់អង្គប់កណ្ដុរ ជនរងគ្រោះស្ដាប់សំឡេងជនសង្ស័យបានថាជាឈ្មោះតូ ។ ភ្លាមនោះជនសង្ស័យក៏រត់ចេញពីកន្លែងម៉ាស៊ីនទៅបាត់ ឃើញដូច្នោះជនរងគ្រោះក៏ដេញតាមដោយមកស្កាត់នៅលើផ្លូវស្រាប់តែជនសង្ស័យបានបើកម៉ូតូ passapp ចេញពីក្នុងចម្ការស្វាយឈ្មោះ ផាត់ លឿង រត់គេចខ្លួនជនរងគ្រោះក៏បានទូរស័ព្ទប្ដឹងសមត្ថកិច្ចទើបសមត្ថកិច្ចដេញតាមឃាត់ជនសង្ស័យបាននៅចំណុចលើដងផ្លូវស្ថិតក្នុងឃុំពាមឧកញ៉ាអុង ។
នៅពេលសមត្ថកិច្ចសាកសួរជនសង្ស័យបានសារភាពថា គេពិតជាបានធ្វើកម្មភាពលួចម៉ាស៊ីនបូមទឹកតែត្រូវម្ចាស់ទាន់ហើយក៏បានបើក passapp រត់គេចខ្លួនតែម្ដង ។ បច្ចុប្បន្នជនសង្ស័យបាននាំមកអធិការដ្ឋាននគរបាលស្រុកល្វាឯមដើម្បីបន្តចាត់ការតាមនីតិវិធី ៕ ឆ ដា
