ស្ទាក់បង្ក្រាប និងបំផ្លាញចោលសាច់ និងគ្រឿងក្នុងសត្វជ្រូកជិត១តោន ដែលនាំចូលពីប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

អត្ថបទដោយ៖
Kien Sereyvuth

សមត្ថកិច្ច ពេទ្យសត្វ សហការនឹងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ បានឆ្មក់ ស្ទាក់បង្ក្រាបសាច់ និងគ្រឿងក្នុងសត្វជ្រូកទម្ងន់ជិត១តោន ដែលនាំចូលពីប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត ហើយនាំមកធ្វើការវិភាគ ពិនិត្យនិងសុំគោលការណ៍ហើយបំផ្លាញចោលនៅក្រុងសិរីសោភ័ណ ។
លោកហ៊ុយ  ទូច  ប្រធានការិយាល័យផលិតកម្មនិងបសុព្យបាលនៃមន្ទិរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត ប្រាប់ថា៖ សាច់ ងគ្រឿងក្នុងសត្វជ្រូកនោះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញសហការនឹងកម្លាំងនគរបាលខាងលើឆ្មក់ស្ទាក់បង្ក្រាបពីរម៉ូតូសណ្តោងរទេះអូសរបស់ម្ចាស់ឈ្មោះ រេត វ៉ិត ភេទប្រុស ជាកម្មករដែលកម្មករបានដឹកជញ្ជូនពីផ្សាររោងក្លឿមក កម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត កាលពីល្ងាចចុងសប្ដាហ៍ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុច ផ្លូវជាតិលេខ៥ ភូមិ/សង្កាត់/ក្រុងប៉ោយប៉ែត ។ប៉ុន្តែកម្មករខាងលើមិនព្រមប្រាប់ថា ម្ចាស់ទំនិញនេះជានរណាឡើយ។
មន្ត្រីជំនាញបានត្រួតពិនិត្យ និងវាយតម្លៃគុណភាពឃើញថា ផលិតផលសាច់ និងគ្រឿងក្នុងជ្រូកទាំងនោះ ជាផលិតផលនាំចូលពីប្រទេសថៃ ពុំមានលិខិតអនុញ្ញាតិច្បាប់ មិនគោរពតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ។ ផ្នែកតាមច្បាប់សុខភាពសត្វ និងផលិតកម្មបានចែងថា ” ជំពូក៤ មាត្រា៦០  ចំពោះការនាំចូលសត្វនិងផលិតផលសត្វ ត្រូវមានវិញ្ញបនប័ត្របសុព្យាបាល ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ចរបស់ប្រទេសនាំចេញ និងគោរពបទដ្ឋានបច្ចេកទេសនៃព្រះរាជាណាចក្រកម្ពុជា  ” ។
និងផ្នែកតាមសារាចរណ៍លេខ០៧សរ ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩  ចំណុច២ ចែងថា ” ផលិតផលដែលមានដើមកំណើតសត្វជ្រូកគ្រប់ប្រភេទខុសច្បាប់ត្រូវហាមឃាត់ទុក ឬបំផ្លាញចោលតាមវិធានបសុពេទ្យ ” ។

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner