ទិវាអន្តរជាតិ រំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៤
នៅព្រឹកថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ២០១៩ នៅស្រុកសូទ្រនិគម ខេត្តសៀមរាប មានប្រារព្ធធ្វើ ទិវាអន្តរជាតិ រំលឹកដល់ជនរងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៤ ក្រោមអធិបតីភាព លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប ។
យោងតាមការប្រៀបធៀបទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅខេត្តសៀមរាប រយៈពេល១០ខែ រវាងឆ្នាំ២០១៨ និងឆ្នាំ២០១៩ ឃើញថាឆ្នាំ២០១៨មានគ្រោះថ្នាក់ចរាចរណ៍ចំនួន៥៨ករណី ឆ្នាំ២០១៩មានចំនួន៧៤ករណី កើនឡើង១៦ករណី មានអ្នកគ្រោះថ្នាក់២០៦នាក់ ស្រី៨១នាក់, បណ្តាលឲ្យស្លាប់ចំនួន៧៤នាក់ ស្រី១៨នាក់, របួសធ្ងន់ចំនួន ៤២នាក់ ស្រី២១នាក់, របួសស្រាលចំនួន៩០នាក់ ស្រី៣៨នាក់។ លោក គី វិរិន្ទ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន ប្រធានលេខាធិការដ្ឋាននៃអនុគណកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប បានបង្ហាញនិន្នន័យនេះ នាព្រឹកថ្ងៃទី២៤ខែវិច្ឆិកា ឆ្នាំ២០១៩ នៅស្រុកសូទ្រនិគម ក្នុងពិធីប្រារព្ធទិវាអន្តរជាតិ រំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៤ ។ លោក គី វិរិន្ទ បានបញ្ជាក់ទៀតថា ដូចគ្នានឹងរបាយការណ៍របស់នគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលបង្ហាញថា ១០ខែចុងក្រោយនេះ គ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងគួរកត់សម្គាល់ ។ លោកបានវាយតម្លៃថា បើគិតជាមធ្យមក្នុងខេត្តសៀមរាបយើង ក្នុងមួយសប្តាហ៍មានប្រជាពលរដ្ឋស្លាប់២នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលជាបញ្ហាប្រឈម ចំពោះការអភិវឌ្ឍជាតិ សុខុមាលភាពប្រជាជន ប៉ះពាល់ដល់គោលនយោបាយកាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាល និង បន្សល់ផលវិបាកជាច្រើនទៀតក្នុងសង្គមជាតិ ដូចជាបានបង្កើតឡើងនូវសោកនាដកម្ម បន្សល់ទុកកូនកំព្រា ស្រ្តីមេម៉ាយ និងពិការភាពជាដើម
លោក ពិន ប្រាកដ បានមានប្រសាសន៍ថា ៖ ការប្រារព្ធទិវានេះ គឺជាការបន្លឺស្នូជួងជាថ្មីទៀត របស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងការផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកដែលទើបតែមានការធ្វើវិសោធនកម្មថ្មី ដើម្បីដាស់តឿនអ្នកប្រើប្រាស់ផ្លូវ ទាំងថ្មើរជើង និងអ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវតែផ្លាស់ប្តូរឥរិយាបថ ដែលមិនគោរពច្បាប់ មកប្រកាន់យកឥរិយាបថ ចេះអព្យាស្រ័យគ្នា និងគោរពច្បាប់ចរាចរណ៍ នៅពេលធ្វើដំណើរ និង បើកបរយានយន្ត ។ លោក បញ្ជាក់ថា ជាសាកលនៅបណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងទូទាំងពិភពលោក បានប្រារព្ធទិវានេះដូចគ្នា រំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ។ សេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ស្តីពីទស្សវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក គឺកាត់បន្ថយចំនួនអ្នកស្លាប់ឲ្យបាន ៥០% នៅក្នុងឆ្នាំ២០២០ ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចេញនូវអានុសាសន៍ និង អំពាវនាវឲ្យជាពលរដ្ឋកម្ពុជា អនុវត្តដោយការចងចាំ ( ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ) ។ ក្នុងនោះដែរលោកអភិបាលរង ខេត្ត បានធ្វើការផ្តាំផ្ញើ និង អំពាវនាវដល់ជនរួមជាតិទាំងអស់ នៅពេលបើកបរម៉ូតូត្រូវពាក់ម៉ួកសុវត្ថិភាព ទាំងអ្នករួមដំណើរ និង បើកបររថយន្តត្រូវដាក់ខ្សែក្រវ៉ាត់សុវត្ថិភាពទាំងមុខទាំងក្រោយផងដែរ ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប





