ប្រមុខការទូតកម្ពុជាថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំ High-Level Segment នៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិលើកទី៤៩ នៅទីក្រុងហ្សឺណែវ 

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី០៤ ខែមីនានេះថា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានអញ្ជើញចូលរួមថ្លែងសុន្ទរកថា (តាមរយៈវីដេអូថតទុក)នៅក្នុងកិច្ចប្រជុំ High Level Segment នៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិលើកទី៤៩ ដែលបានប្រព្រឹត្តទៅនៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស។

ក្រសួងការបរទេសកម្ពុជាបានបន្តថា ក្នុងឱកាសកិច្ចប្រជុំ High-Level Segment មានឥស្សរជនជាន់ខ្ពស់តំណាងឱ្យរដ្ឋាភិបាលនៃបណ្តាប្រទេសនានា និងអង្គការអន្តរជាតិនានា សរុបជាង ១៤០រូប បានចុះឈ្មោះចូលរួមថ្លែងសុន្ទរកថា ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២។ ក្នុងនោះ ប្រទេសអាស៊ានដែលបានចុះឈ្មោះចូលរួមថ្លែងសុន្ទរកថា រួមមាន កម្ពុជា ថៃ ហ្វីលីពីនម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងវៀតណាម។

ប្រភពដដែលបញ្ជាក់ថា High-Level Segment គឺជាវេទិកាសម្រាប់ឥស្សរជនជាន់ខ្ពស់តំណាងឱ្យរដ្ឋាភិបាលនៃប្រទេសនានាថ្លែងអំពីអាទិភាពការងារ វឌ្ឍនភាព ការប្តេជ្ញាចិត្តរបស់ប្រទេសនីមួយៗ និងការផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាប្រឈមផ្នែកសិទ្ធិមនុស្ស។

កិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិលើកទី៤៩ ប្រព្រឹត្តទៅពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២នៅទីក្រុងហ្សឺណែវ៕

ដោយ៖ពលជ័យ

ads banner