នាយឧត្ដមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ៖ សិស្សនគរបាលគ្រប់រូប ត្រូវប្រកាន់ខ្ជាប់នូវទស្សនៈ «រៀនឱ្យចេះ មិនមែនរៀនឱ្យចប់នោះទេ »

សៀមរាប៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី បានបញ្ជាក់ថា សិស្សនគរបាលគ្រប់រូប ត្រូវបន្តយកចិត្តទុកដាក់សិក្សារៀនសូត្រ ដោយធ្វើស្វ័យសិក្សាទាំងទ្រឹស្ដីនឹងការអនុវត្តជាក់ស្តែង គោរពវិន័យឱ្យបានខ្ជាប់ខ្ជួន ប្រកាន់ខ្ជាប់នូវទស្សនៈ «រៀនឱ្យចេះ មិនមែនរៀនឱ្យចប់នោះទេ » ។

ឯកឧត្តម នាយឧត្ដមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា មានប្រសាសន៍បែបនេះ ក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខជាមួយសិស្សនគរបាល “វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល” ជំនាន់ទី១៥ លើកទី១ ចំនួន២០០នាក់ មកពីស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២នេះ នៅសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប ។

ឯកឧត្តម នាយឧត្ដមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី មានប្រសាសន៍ទៀតថា ក្រោមការយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេសក្រោមកិច្ចដឹកនាំបញ្ជាផ្ទាល់ពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បណ្ឌិត្យសភា និងសាលានគរបាលភូមិភាគនីមួយៗ បានធ្វើកំណែទម្រង់លើការងារសំខាន់ៗ ជាពិសេស ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនិងសម្ភារ:សិក្សា ការពង្រឹងវិន័យ និងការកសាង វប្បធម៌គុណភាព សំដៅលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈកងកម្លាំងនគរបាល ដើម្បីឆ្លើយតបទៅនឹងតម្រូវការអង្គភាពសាមី ព្រមទាំងស្របតាមគោលនយោបាយកំណែទម្រង់កងកម្លាំងប្រដាប់អាវុធរបស់រាជរដ្ឋាភិបាល ក្រោមការ ដឹកនាំដ៏ឈ្លាសវៃបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

នាយឧត្ដមសេនីយ៍ សាស្ត្រាចារ្យ បានថ្លែងកោតសរសើរនឹងអរគុណចំពោះគណៈគ្រប់គ្រងសាលានគរបាលជាតិ ភូមិភាគ៤ និងគ្រូនគរបាល ដែលខិតខំយកចិត្តទុកបំពេញភារកិច្ចទទួលខុសត្រូវនិងការបង្ហាត់បង្រៀនបានល្អ ព្រមទាំងកោតសរសើរសិស្សនគរបាលទាំងអស់ដែលបានប្រឹងប្រែងរៀនសូត្រ ហ្វឹកហាត់ និងគោរពវិន័យបានល្អ ដើម្បីក្លាយជាមន្ត្រីនគរបាល ដែលមានលក្ខណសម្បត្តិសមស្របក្នុងការបម្រើជាតិនិងប្រជាពលរដ្ឋផងដែរ។ ជាពិសេស យើងត្រូវបង្កើនការយក ចិត្តទុកដាក់ក្នុងការធានាឲ្យបាននូវសុវត្ថិភាពសុខភាព ក្នុងការបង្ការនឹងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយប្រកាន់ខ្ជាប់នូវវិធានការ៣កុំនិង៣ការពារជាដើម៕ ដោយ ស៊ាន សុផាត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner