ឯកឧត្តម សក់ សេដ្ឋា ៖ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ គឺជាកិច្ចការអាទិភាពដែលអាជ្ញាធរខេត្ត និងរដ្ឋបាលមូលដ្ឋានគ្រប់ថ្នាក់ត្រូវតែពង្រឹង និងយកចិត្តទុកដាក់

ខេត្តបាត់ដំបង ៖ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ជាតំណាង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងជំរុញដល់គ្រប់គណៈបញ្ជាការឯកភាពនៃរដ្ឋបាលខេត្តបាត់ដំបង និងគ្រប់កងកម្លាំងក្នុងការពង្រឹងនូវបញ្ហាសន្តិសុខ សន្តិភាពស្ថេរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនៅក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួន ជាពិសេស សន្តិសុខតាមបន្ទាត់ព្រំដែនដើម្បីទប់ស្កាត់ នូវបទល្មើសផ្សេងកើតឡើង និងដើម្បីជាការឆ្លើយតបទៅនិងការដឹងគុណ និងអរគុណសន្តិភាព ។

        ការថ្លែងលើកឡើងបែបនេះ ក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរផ្លាស់ និងចូលកាន់មុខតំណែងថ្មីរបស់លោក ខូយ រីដា អតីតអភិបាលរងខេត្តពោធិសាត់ឲ្យមកជាអភិបាលរងខេត្តបាត់ដំបង ដើម្បីជំនួស លោក យឹម សៀប ដែលបានផ្លាស់ទៅកាន់ក្រសួងមហាផ្ទៃទទួលមុខតំណែងថ្មីជាអគ្គលេខាធិការរង កាលពីថ្ងៃទី៤ ខែមីនាឆ្នាំ២០២២នេះ ។

     ឯកឧត្តម សក់ សេដ្ឋា បានថ្លែងទៀតថា៖ កម្ពុជាយើងបានឆ្លងកាត់ ភ្នក់ភ្លើងនៃសង្គ្រាមរ៉ាំរ៉ៃប្រល័យពូជសាសន៍ និងទម្រាំតែមានសុខសន្តិភាពមកដល់សព្វថ្ងៃ ដែលនេះតម្រូវឲ្យយើងត្រូវចេះរួបរួមគ្នាក្នុងការថែរក្សានូវសុខសន្តិភាពនេះ ។

       ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ក៏បានជំរុញឱ្យមានការរឹតបន្តឹងក្នុងការត្រួតពិនិត្យ លើអ្នកដំណើរ និងទំនិញដែលចេញចូលតាមច្រកព្រំដែន ក្នុងគោលដៅទប់ស្កាត់នូវអំពើភេរវកម្ម និងបទល្មើសឆ្លងកាត់ព្រំដែន។  ត្រូវបន្តចូលរួមទប់ស្កាត់ជំងឺកូវីដ-19ថ្មីប្រភេទអូមីក្រុង ដោយត្រូវប្រកាន់ខ្ជាប់នូវវិធានសុខាភិបាល និងការណែនាំរបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ៣ការពារ និង៣កុំ ។ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តផ្សព្វផ្សាយ និងជំរុញប្រជាពលរដ្ឋ ឲ្យទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ចាប់ពីដូសមូលដ្ឋាន(ដូសទី១)រហូតដល់ដូសជំរុញ ដើម្បីជាវិធានក្នុងការទប់ស្កាត់នូវការរាតត្បាតជំងឺកូវីដ19 និងដើម្បីបង្កើតភាពស៊ាំឲ្យបានពេញលេញ នៅក្នុងសហគមន៍យើង ៕ ដោយ ៖ អ៊ុក សំអាន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner