បារាំងសរសើរកម្ពុជាបោះឆ្នោតគាំទ្រដីកាដំណោះស្រាយស្ដីពីវិបត្តិសង្គ្រាម នៅអ៊ុយក្រែន (Video Inside)

ស្ថានទូតបារាំងប្រចាំកម្ពុជា បានកោតសរសើរ ការសម្រេចចិត្តរបស់កម្ពុជា ដែលបានបោះ ឆ្នោតគាំទ្រលើដីកាដំណោះស្រាយស្ដីពីវិបត្តិសង្គ្រាម នៅ អ៊ុយក្រែន នៅឯមហាសន្និបាត អង្គការសហប្រជាជាតិក្នុងសប្តាហ៍នេះ។ 

កម្ពុជាកាលពីថ្ងៃទី២មីនា បានចូលរួមជាមួយបណ្តាប្រទេសដទៃលើសកលលោកក្នុងការអនុម័តសេចក្តីសម្រេច ចិត្តប្រឆាំងអំពើឈ្លានពានប្រទេសអ៊ុយក្រែន។ តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិលោក កែ សុវណ្ណ កាលពីថ្ងៃទី២មីនា បានថ្លែងជាភាសាអង់គ្លេសបញ្ជាក់ការចូលរួមរបស់កម្ពុជា ប្រឆាំងនឹងការធ្វើសង្គ្រាម ក្នុងប្រទេសអ៊ុយក្រែន។

ស្ថានទូត បារាំងបានសរសេរនៅលើ គណនីហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី៣ មីនា ថាបារាំងសូមកោតសរសើរការសម្រេចចិត្ត របស់កម្ពុជា ក្នុងការចូលរួមជាមួយសមាជិកអង្គការសហប្រជាជាតិ ចំនួន ១៤០ ប្រទេស ផ្សេងទៀត ដើម្បីសម្ដែងសាមគ្គីភាពជាមួយប្រទេស អ៊ុយក្រែនដែលរងគ្រោះ ពីការឈ្លានពានរបស់រុស្ស៊ី ដោយរំលោភលើធម្មនុញ្ញ របស់អង្គការសហប្រជាជាតិ។

គួរបញ្ជាក់ថាមហាសន្និបាតបន្ទាន់របស់អង្គការសហប្រជាជាតិកាលពីយប់ថ្ងៃទី២មីនាដែល ថ្កោលទោសរុស្ស៊ីនិងទាមទាររុស្ស៊ីឱ្យដកកងទ័ពចេញពីអ៊ុយក្រែននោះ បានទទួលការគាំទ្រ បោះឆ្នោតពីប្រទេសចំនួន១៤១ ក្នុងចំណោមប្រទេសចូលរួម១៨១ប្រទេស។ ប្រទេសដែល មិនគាំទ្រសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ រួមមាន៥ប្រទេសគឺបេឡារុស, កូរ៉េខាងជើង, អេរីទ្រៀ, រុស្ស៊ី និងប្រទេសស៊ីរី។ ប្រទេសដែលបោះឆ្នោតអនុប្បវាទ មាន៣៥ប្រ ទេសក្នុងនោះរួមមានប្រទេស វៀតណាម, ឡាវ, ប្រទេសចិន, ឥណ្ឌា, អ៊ីរ៉ាក់, អ៊ីរ៉ង់, អាល់ហ្សេរី, ម៉ុងហ្គោលី, ប៉ាគីស្ថាន, អាហ្វ្រិកខាងត្បូង, សិរីលង្កានិងប្រទេសមួយចំនួនទៀត ក្នុងទ្វីប អាហ្វ្រិក, អាស៊ី, មជ្ឈិមបូព៌ា និងនៅក្នុងទ្វីបអាមេរិកខាងត្បូងផងដែរ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner