ប្រតិភូអន្តរក្រសួងកម្ពុជា ត្រៀមចូលរួមការពារ របាយការណ៍ជាតិនៅ អ.ស.ប ពីថ្ងៃទី៩-១១ ខែមីនា (Video Inside)
អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ជិន ម៉ាលីន ត្រៀមនឹងដឹកនាំគណៈ ប្រតិភូនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារួមនឹងប្រតិភូអន្តរក្រសួងមកពីក្រសួងមហាផ្ទៃ, ក្រសួងការបរទេស, ក្រសួងយុត្តិធម៌, ក្រសួងកិច្ចការនារី, ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ, ក្រសួងព័ត៌មាន ដើម្បីចូលរួមការពាររបាយការណ៍របស់ជាតិ ពាក់ព័ន្ធនឹងការអនុវត្ត កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ នយោបាយ ក្នុងសម័យប្រជុំលើកទី១៣៤ នៃគណៈ កម្មាធិការ សិទ្ធិមនុស្សអង្គការសហប្រជាជាតិ។
សម័យប្រជុំលើកទី១៣៤នៃគណៈ កម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានចាប់ ផ្តើមធ្វើតាំងពីថ្ងៃទី២៨កុម្ភៈរហូតដល់ថ្ងៃទី២៥មីនាដោយគណៈកម្មាធិការសិទ្ធិមនុស្សអង្គការ សហប្រជាជាតិនឹងពិនិត្យលើរបាយការណ៍នៃប្រទេសមួយចំនួនដូចជាប្រទេសបូលីវៀ, កម្ពុជា, អ៊ីរ៉ាក់, អ៊ីស្រាអែល, កាតានិងរុស្ស៊ីផងដែរ។ កិច្ចពិភាក្សាទាក់ទងនឹងការពិនិត្យមើល លើរបាយការណ៍របស់កម្ពុជា គ្រោងនឹងធ្វើរវាងពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមីនា។ គួរបញ្ជាក់ ថាកម្ពុជាបានដាក់របាយការណ៍ជាតិ លើកទី៥របស់ខ្លួន កាលពីខែមេសា ឆ្នាំ២០១៩កន្លងទៅ នេះ។
សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជាថ្ងៃទី៤ ខែ មីនា បាន ថ្លែងថា ការការពាររបាយការណ៍ជាតិរបស់កម្ពុជានឹង ប្រព្រឹត្តទៅក្នុងទម្រង់ Hybrid មានន័យថា ខ្លះចូលរួមតាមប្រព័ន្ធវីដេអូ និងខ្លះចូលរួមដោយផ្ទាល់ក្នុងកិច្ចប្រជុំអចិន្ត្រៃយ៍នៅក្រុងហ្សឺណែវ នៃប្រទេសស្វីស។
គណៈប្រតិភូកម្ពុជាដឹកនាំដោយលោក ជិន ម៉ាលីន ដែលជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ នឹងអញ្ជើញចូលរួមតាមប្រព័ន្ធវីដេអូ ប៉ុន្តែតម្រូវឲ្យឯកអគ្គរាជទូត និងតំណាង អចិន្ត្រៃយ៍កម្ពុជានៅទីក្រុងហ្សឺណែវ ត្រូវមានវត្តមាន នៅក្នុងសាលប្រជុំជាមួយ របស់គណៈ កម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។
ការការពាររបាយការណ៍របស់ជាតិនេះ គឺជាយន្តការមួយរបស់គណៈកម្មាធិការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ដែលត្រូវធ្វើឡើងនៅរៀងរាល់៤ឆ្នាំម្តង សម្រាប់ការតាមដាននិងធ្វើ ឲ្យប្រសើរឡើងនូវស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសទាំងអស់ ដែលជាសមាជិករបស់ អង្គការសហប្រជាជាតិ ។