ឆក់ទូរស័ព្ទមិនបានសម្រេច ត្រូវប្រជាពលរដ្ឋដេញចាប់បានម្នាក់ រត់រួចម្នាក់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានប្រជាពលរដ្ឋចាប់បានវាយបែកមុខបែកមាត់ទើបប្រគល់ជូនសមត្ថកិច្ច ក្រោយពីពួកគេបានជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនជាតិបរទេសម្នាក់មិនបានសម្រេច បង្កឲ្យមានកាភ្ញាក់ផ្អើលនៅវេលាម៉ោង ១២និង ២០ នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងនឹងផ្លូវ២០៨ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ សិទ្ធវិច្ឆិកា ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់ម្តុំទួលសង្កែរ ខណ្ឌឬស្សីកែវ ។ ចំណែកបក្ខពួកម្នាក់ទៀតដែលរត់រួចមានឈ្មោះ ហៃ ។ តាមការរៀបរាប់របស់ជនសង្ស័យបានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគេ និងបក្ខពួកបានជិះម៉ូតូមួយគ្រឿងម៉ាកឃ្លីកពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1AQ-6877បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនជាតិបរទេសម្នាក់កំពុងជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកនៅចំណុចមុខរោងកុនលុច្យ តាមបណ្តោយផ្លូវព្រះនរោត្តម កែងនិងផ្លូវ១៧៨ ក្នុងសង្កាត់ផ្សារកណ្តាល ខណ្ឌដូនពេញ តែមិនបានសម្រេច ខណៈនោះក៏មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងមកពីក្រោយបានឃើញហេតុការណ៍នេះបានស្រែកចោរៗ រួចជិះដេញពួកគេទាំងពីរនាក់មកចំណុចកើតហេតុធ្វើឲ្យពួកគេភ័យស្លន់ស្លោដួលម៉ូតូបណ្តាលឲ្យប្រជាពលរដ្ឋចាប់បានម្នាក់ វាយបែកមុខបែកមាត់រួចប្រគល់ជូនសមត្ថកិច្ចភ្លាមៗចំណែកបក្ខពួកគេម្នាក់ទៀតរត់គេចខ្លួនបាត់ទៅ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកសួរនាំនៅប៉ុស្តិ៍នគរបាលសង្កាត់បឹងរាំងបន្តដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។ ចំណែកជនរងគ្រោះមិនបានមកដាក់ពាក្យបណ្តឹងនោះទេ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner