ជនភៀសខ្លួនអ៊ុយក្រែនជាងពីរម៉ឺននាក់ធ្វើដំណើរមកកាន់ ប្រទេសតួកគី ចាប់តាំងពីផ្ទុះជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែន
អង់ការ៉ា៖ មន្ត្រីតួកគីជាន់ខ្ពស់មួយរូបនៅថ្ងៃចន្ទទី៧ខែមីនាបាន ថ្លែងថា ពលរដ្ឋអ៊ុយក្រែនសរុបប្រមាណ ២០,៥៥០នាក់បានចូលទៅ ក្នុងប្រទេសតួកគី ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈកន្លងមកនេះ នៅពេល រុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសនៅក្នុងប្រទេសអ៊ុយក្រែន។


អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួកគីលោក អ៊ីស្មែល ខាតាក្លី បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយថា នៅក្នុង វិសាលភាពនៃកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការរវាងអ៊ុយក្រែន-តួកគីពលរដ្ឋអ៊ុយក្រែនអាចចូលប្រទេសតួកគីដោយប្រើលិខិតឆ្លងដែន ឬអត្តសញ្ញាណប័ណ្ណ ហើយស្នាក់នៅស្របច្បាប់រហូតដល់ ៩០ថ្ងៃ។
លោក ខាតាក្លី បន្តថា ក្រសួងមហាផ្ទៃតួកគីបានណែនាំអភិបាល ក្រុង ឱ្យផ្តល់ភាពងាយស្រួលចាំបាច់ ក្នុងការស្នើសុំសិទ្ធិស្នាក់នៅសម្រាប់ ពលរដ្ឋអ៊ុយក្រែន ដែលបានចូលប្រទេសទួរគីដោយស្របច្បាប់។


បើតាមរដ្ឋមន្ត្រីការបរទេសតួកគីលោក ម៉េវលូត ខាវូសូក្លូ ក្នុងពេល ជាមួយគ្នានេះ ប្រទេសរបស់លោកបានជម្លៀសពលរដ្ឋតួកគីចំនួន ១២,០០០នាក់ចេញពីប្រទេសអ៊ុយក្រែន។
យោងតាមក្រសួងការពារជាតិរុស្ស៊ី បានឱ្យដឹងថា កងកម្លាំងប្រដាប់ អាវុធរុស្ស៊ី បានប្រកាសបទឈប់បាញ់ និងការបើកច្រករបៀង មនុស្សធម៌ នៅក្នុងទីក្រុងចំនួនបួនរបស់អ៊ុយក្រែន ដែលចាប់ផ្តើម នៅម៉ោង ១០៖០០នាទីព្រឹក (ម៉ោងក្នុងតំបន់) កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ៕
ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា