មន្រ្តីជាន់ខ្ពស់តួកគី៖ ប្រមុខការទូតរុស្ស៊ី-អ៊ុយក្រែននឹងជួបពិភាក្សា គ្នានៅប្រទេសតួកគីនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ

អង់ការ៉ា៖ រដ្ឋមន្ត្រីការបរទេសតួកគីលោក ម៉េវលូត ខាវូសូក្លូ នៅ ថ្ងៃចន្ទទី៧ខែមីនាបានថ្លែងថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងសមភាគី អ៊ុយក្រែន គ្រោងជួបពិភាក្សាគ្នានៅខេត្ត អាន់តាលីយ៉ា (Antalya) ភាគខាងត្បូងប្រទេសតួកគី នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នៅខាង ក្រៅ វេទិកា ការទូត អាន់តាលីយ៉ា ។

ក្នុងអំឡុងសន្និសីទសារព័ត៌មាន អ្នកការទូតបានកត់សម្គាល់ថា កិច្ចប្រជុំខាងលើនេះនឹងត្រូវធ្វើឡើងក្នុងទម្រង់ត្រីភាគី ដែលជាផ្នែក មួយនៃកិច្ចខិតខំប្រឹងប្រែងដ៏ខ្លាំងក្លារបស់ប្រទេសតួកគី ដើម្បីនាំភាគី ទាំងពីរមកដើរលើមាគ៌ារួមគ្នា។ លោក ខាវូសូក្លូ បាននិយាយថា រដ្ឋមន្ត្រី ការបរទេសរុស្ស៊ីលោក សឺហ្គៃ ឡាវរូវ បញ្ជាក់ថា លោកបាន ត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមក្នុងវេទិកាការទូត អាន់តាលីយ៉ា។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី ម៉ារៀ ហ្សាក់ខារ៉ូវ៉ា នៅថ្ងៃ ចន្ទថ្លែងថា លោក ឡាវរូវ និងលោក គូលេបា កំពុងរៀបចំ ផែនការទំនាក់ទំនងនៅក្នុងទីក្រុងអាន់តាលីយ៉ា ហើយកិច្ចប្រជុំ ត្រូវបានយល់ព្រមដោយប្រធានាធិបតីតួកគីលោក តាយយីប អឺដូហ្គាន់ និងសមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ក្នុងអំឡុងការ សន្ទនា តាមទូរស័ព្ទនាពេលថ្មីៗនេះ។

លោក អឺដូហ្គាន់ ថ្លែងថា ប្រទេសតួកគីបានត្រៀមខ្លួនរួចជាស្រេច ក្នុងការរួមចំណែកដោះស្រាយវិបត្តិអ៊ុយក្រែនដោយសន្តិវិធីឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ បើតាមអ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែនលោក អូលេ នីកូលែនកូ ទីក្រុងកៀវកំពុងស្វែងរកលទ្ធភាពនៃកិច្ចប្រជុំបែប នេះនៅក្នុងប្រទេសតួកគី៕
ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner