ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖មិនថានៅក្នុងប្រទេសធំឬតូច ខ្លាំងឬខ្សោយ សង្គ្រាមតែងបង្កនូវមហាវិនាសកម្ម
ភ្នំពេញ: ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ព ជើងគោកបានមានប្រសាសន៍បញ្ជាក់ថា មិនថានៅក្នុងប្រទេសធំឬតូច ខ្លាំងឬខ្សោយ សង្គ្រាមតែងបង្កនូវមហាវិនាសកម្ម ដូចជា ការស្លាប់បាត់បង់អាយុជីវិតយោធិន និងពលរដ្ឋ បង្កនូវការបែកបាក់សង្គមជាតិ និងការនិរាសព្រាត់ប្រាសគ្រួសារ ឯហេដ្ឋារចនាសម្ព័ន្ធនានាក៏ត្រូវបំផ្លិចបំផ្លាញក្លាយជាគំនរផេះផង់ ហើយសេដ្ឋកិច្ចជាតិក៏ត្រូវរលំរលាយ ។ល។ ដូច្នេះ សូមកងកម្លាំងប្រដាប់អាវុធជាតិយើងនិយាយជារួម និងនិយាយដោយឡែកកងយោធពលខេមរភូមិន្ទសូមបន្តរក្សានូវភាព ស្មោះត្រង់ និងពង្រឹងភាពដាច់ខាតនៅក្នុងកិច្ចការពារ ជាតិ សាសនា ព្រះមហាក្សត្រ,ការពាររដ្ឋធម្មនុញ្ញនិងរាជរដ្ឋាភិបាល ស្របច្បាប់ ដើម្បីធានាបាននូវនិរន្តរភាពនៃសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ដូចដែលយើងកំពុងមានសព្វថៃ្ង ខណៈដែលក្រុមជ្រុលនិយមមួយចំនួននៅតែបន្តអុចអាល ញុះញង់ និងចិញ្ចឹមចិត្តប៉ុនប៉ងបង្កអសន្តិសុខ។

ការបញ្ជាក់នេះបានធ្វើឡើងក្នុងពិធីបិទសិក្ខាសាលាបូកសរុបលទ្ធផលការងារយោធា-សន្តិសុខ ឆ្នាំ២០២១ផ្សព្វផ្សាយ ផែនការឆ្នាំ២០២២និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានារបស់កងពលតូចអន្តរាគមន៍លេខ១នៅខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២។
ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានគាំទ្រនិងជំរុញឱ្យយោធិនទាំងអស់ បន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត លើការបំពេញតួនាទីនិងភារកិច្ចក្នុងនាមជាកងយោធខេមរភូមិន្ទស្របតាមរដ្ឋធម្មនុញ្ញច្បាប់និងនយោបាយការពារជាតិរបស់ ព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្រេចបានស្នាដៃ និងសមិទ្ធផលកាន់តែល្អប្រសើរជូនជាតិ ប្រជាជន និងមាតុភូមិ។ ទន្ទឹមនឹងនេះលោកក៏បានកោតសរសើរកងពលអន្តរាគមន៍លេខ១ រួមទាំងបណ្តាស្ថាប័ន-កងអង្គភាពចំណុះដែលក្រៅពី ភារកិច្ចស្នូលថែមទាំងបានចូលបានចូលរួមយ៉ាងសកម្មជួយចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដែលជាកត្តាជួយពន្លឿនយុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ១៩នៅទូទាំងប្រទេសឱ្យប្រព្រឹត្តទៅបានប្រកបដោយប្រសិទ្ធភាពជោគជ័យធានាកាត់បន្ថយហានិភ័យនៃការចម្លង ភាពធ្ងន់ធ្ងរនៃជំងឺ និងអត្រាមរណភាព ក៏ដូចជាផលប៉ះពាល់ធ្ងន់ធ្ងរដល់ស្ថានភាពសេដ្ឋកិច្ច-សង្គម ។

ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរចំពោះការសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផល នានាជាច្រើន រួមមាន៖ អគារទីបញ្ជាការមួយខ្នង សាលប្រជុំមួយខ្នង និងផ្លូវបេតុងបី ខ្សែ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងអង្គភាពសម្ព័ន្ធមេត្រីភាព ក៏ដូចជាការចូលរួមចំណែកជាបដិភាគផ្ទាល់របស់អង្គភាព៕ដោយ៖ពលជ័យ



