រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជាបានទទួលសញ្ញាបត្របណ្ឌិតកិត្តិយស គរុកោសល្យ សារព័ត៌មាន និងមនុស្សសាស្រ្ត សង្គមសាស្រ្ត ពី ព្រះរាជាណាចក្រថៃ
ភ្នំពេញ ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយស គរុកោសល្យ សារព័ត៌មាន និងមនុស្សសាស្រ្ត សង្គមសាស្រ្តពីសាកលវិទ្យាល័យ រ៉ាច្ចមុងឃុន តិចណូឡូជី ប្រាក់ណាខន (Rajamangala University of Technology Phra Nakhon – RMUTP) ។សញ្ញាបត្រនេះ ត្រូវ បានប្រទានដោយផ្ទាល់ពីសំណាក់ ព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិនថន នៃព្រះរាជាណាចក្រថៃឡង់ដ៍ នៅព្រឹកថ្ងៃទី៨ ខែមីនា នៅ សាកលវិទ្យាល័យ រ៉ាច្ចមុងឃុន តិចណូឡូជី ថាក់យ៉ាក់បុរី (RMUTT) ក្នុងខេត្តផាធុមថានី។


សញ្ញាបត្របណ្ឌិតកិត្តិយសនេះ គឺជាការទទួលស្គាល់របស់សាកល វិទ្យាល័យ ចំពោះឯកឧត្តម ខៀវ កាញារីទ្ធ ដែលបានបំពេញការងារ ជាយូរឆ្នាំកន្លងមក ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការនាំយក សន្តិភាព ការផ្សះផ្សាជាតិ និងស្ថិរភាពនយោបាយ តាមរយៈការប្រើ ប្រាស់សិល្បៈនៃការផ្សព្វផ្សាយព័ត៌មាន និងការទំនាក់ទំនង នយោ បាយ ព្រមទាំងសមិទ្ធផលជាច្រើនទៀត នៅប្រទេសកម្ពុជា ។
ក្រោមការដឹកនាំរបស់ឯកឧត្តម ខៀវ កាញារីទ្ធ បានធ្វើឱ្យយល់ កាន់តែច្បាស់អំពីសក្តានុពលនៃប្រព័ន្ធផ្សព្វផ្សាយសង្គម និងប្រើ ប្រាស់ឱ្យមានប្រសិទ្ធភាពដើម្បីជាប្រយោជន៍ដល់ប្រទេសជាតិ និង សង្គមជាតិទាំងមូល។


ក្នុងឱកាសនោះ ឯកឧត្តម ខៀវ កាញារីទ្ធ បានសំដែងនូវ អំណរគុណ ចំពោះសាកលវិទ្យាល័យ រ៉ាច្ចមុងឃុន តិចណូឡូជី ប្រាក់ណាខន នៃព្រះរាជាណាចក្រថៃឡង់ដ៍ ដែលបានផ្តល់នូវសញ្ញាបត្របណ្ឌិត កិត្តិយសជូននាក្នុងឱកាសនេះ ដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែង ក្នុងការ ស្វែងយល់ពីប្រទេសកម្ពុជា និងការស្វែងយល់ពីយើង ទាំងអស់ គ្នា ក្នុងការប្រឹងប្រែងកសាងនូវចំណេះជូនប្រជាពលរដ្ឋ ក៏ដូចជាការកសាង ចំណងមិត្តភាពរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃឡង់ដ៍។
ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ផងដែរថា សញ្ញាបត្របណ្ឌិតកិត្តិយស ដែលលោករដ្ឋមន្រ្តី ទទួលបាននាពេលនេះ ក៏ជាការចូលរួមប្រឹងប្រែង ពីសហការីទាំងអស់ដែលកន្លងមកនេះ បានរួមសហការគ្នាក្នុងការ ចូលរួមកសាងជាតិ និងមាតុភូមិកម្ពុជា។
បើតាមការបញ្ជាក់របស់ លោកបណ្ឌិត សាត ដារ៉ា អតីតនិស្សិតខ្មែរ រៀននៅ សាកលវិទ្យាល័យ រ៉ាច្ចមុងឃុន តិចណូឡូជី ប្រាក់ណាខន ដែលបានធ្វើកិច្ចការងាររហូតបានសម្រេច ឈានដល់មានការប្រគល់ ជូនសញ្ញាបត្របណ្ឌិតកិត្តិយសជូន ឯកឧត្តមខៀវ កាញារីទ្ធ ពី សាកលវិទ្យាល័យ នៅថ្ងៃនេះ ដោយភាគីថៃបានមើលឃើញនូវគុណ សម្បត្តិសំខាន់ៗចំនួនប្រាំ របស់ ឯកឧត្តម ខៀវ កាញារីទ្ធ។
គុណសម្បត្តិសំខាន់ៗចំនួនប្រាំ នោះរួមមាន៖
ទី១៖ មើល ទៅ លើសម្ព័ន្ធភាពក្នុងការចុះធ្វើការតស៊ូមតិ ដោះស្រាយ បញ្ហារវាងកម្ពុជា-ថៃ នៅលើខ្សែបន្ទាត់ព្រំដែន នៅក្នុង ជំនួបពិភាក្សា ទាំងក្នុង និងក្រៅប្រទេស ។ទី២៖ ការព្យាយាម ធ្វើទំនាក់ទំនងនូវ រាល់ វិបត្តិដែលកើតមានឡើងផ្នែកនយោបាយនៅក្នុងស្រុក ក៏ដូច ជាមួយ ភាគីថៃ ដោយបានជួយកាត់បន្ថយ និងនាំឲ្យមានការឯកភាព គ្នា ។ទី៣៖ ឯកឧត្តម ខៀវ កាញារីទ្ធ មានវីរភាពក្នុងកិច្ចការពង្រឹង ខាង ផ្នែកព័ត៌មាន និងផ្សព្វផ្សាយ ឱ្យមានលក្ខណៈល្អប្រសើរ ។ទី៤៖ ឯកឧត្តមរដ្ឋមន្រ្តី ជាមនុស្សដែលត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានទំនុកចិត្ត និងមើលឃើញពីកិច្ចខិតខំប្រឹងប្រែង បំពេញ កិច្ច ការងារ នៅក្នុង ក្រសួងព័ត៌មាន បានដោយរលូន និងមានលទ្ធផលល្អ ។ទី៥៖ ឯកឧត្តមរដ្ឋមន្រ្តី ជាមនុស្សដែលមានចិត្តមេត្តាធម៌ តែងតែ ជួយចូលរួមដោះស្រាយរាល់ទុក្ខលំបាក ដល់ប្រជាពលរដ្ឋ ជាពិសេស ជនពិការ ជនក្រីក្រ និងប្រជាជនដែលជួបគ្រោះ មហន្តរាយ រួមទាំង ការជួយ បរិច្ចាគ ជួយមន្ទីរពេទ្យរដ្ឋដែលនៅទីដាច់ស្រយាល និងដើម្បី ជួយ ទ្រទ្រង់ព្រះពុទ្ធសាសនា ៕ ដោយ៖គ្រី សម្បត្តិ