លោក ដូណាល់ ត្រាំ គំរាមថា បើសិនគ្មានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិនទេនោះ សហរដ្ឋអាមេ៉រិកនឹងដំឡើងពន្ធឲ្យកាន់តែខ្ពស់បន្ថែមទៀត

សហរដ្ឋអាមេ៉រិក៖ សហរដ្ឋអាមេ៉រិកនឹងដំឡើងពន្ធលើទំនិញនំាចូលពីចិនបន្ថែមទៀត បើសិនជាមិនឈានដល់ការចុះកិច្ចព្រមព្រៀងជាមួយចិន ដើម្បីបញ្ចប់សង្គ្រាមពាណិជ្ជកម្មទេនោះ នេះបើតាមប្រធានាធិបតីអាមេ៉រិកលោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារម្សិលមិញ ខណៈការគំរាមបែបនេះ ត្រូវគេរំពឹងថា នឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់កំណើនសេដ្ឋកិច្ចសកលលោក ។

ថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីមួយនៅឯសេតវិមាន លោក ត្រាំ បាននិយាយយ៉ាងដូច្នេះថា រូបលោកមានទំនាក់ទំនងល្អជាមួយចិន លោកថា ចិនបាននិងកំពុងធ្វើការផ្លាស់ប្តូរ ហើយចិននឹងចុះកិច្ចព្រមព្រៀងមួយ ដែលលោកពេញចិត្ត ។ ប៉ុន្តែបើសិនយើងមិនអាចសម្រេចបានកិច្ចព្រមព្រៀងជាមួយចិនទេនោះ លោកនឹងដំឡើងពន្ធឲ្យកាន់តែខ្ពស់បន្ថែមទៀត នេះបើតាមលោក ត្រាំ ថ្លែងប្រាប់មន្ត្រីជាន់ខ្ពស់អាមេ៉រិកជាច្រើនរូបក្នុងបន្ទប់ប្រជុំ ។

គួរបញ្ជាក់ថា ក្តីសង្ឃឹមខ្ពស់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយផ្នែក ដែលអាចនឹងត្រូវបានចុះហត្ថលេខានៅឯកិច្ចប្រជុំកំពូលមួយនៅទីក្រុង Santiago ប្រទេស Chileដែលគ្រោងធ្វើឡើងនាពាក់កណ្តាលខែវិច្ឆិកានេះត្រូវបានលុបចោល ស្របពេលមានភាពចលាចលនៅប្រទេសឈីលី ហើយមាគ៌ាឆ្ពោះទៅរកកិច្ចព្រមព្រៀងថ្មីទៀតនៅតែមិនទាន់ច្បាស់នៅឡើយ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner