អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លើកឡើងថា សម្ដេចតេជោ ហ៊ុន សែន ជាមេដឹកនាំដ៏អស្ចារ្យ ដែលបាន ធ្វើឱ្យប្រទេសកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលដ៏ខ្លីនេះ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៩ ឯកឧត្តម Syed Yusurf Raza Gilani អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន បានគួសបញ្ជាក់ថា ឯកឧត្តម ចាត់ទុកសម្តេចតេជោនាយករដ្ឋមន្ត្រី ជាមេដឹកនាំដ៏អស្ចារ្យ ដែលបានធ្វើឱ្យប្រទេសមួយនេះ មានការរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលដ៏ខ្លីនេះ ហើយជាពិសេសទៀត បានជំរុញឲ្យកម្ពុជា មានការ អភិវឌ្ឍទៅមុខយ៉ាងលឿន ។

ឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់អ្នកសារពត៌មានថា សម្ដេចតេជោ បានអរគុណឯកឧត្តម ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក នេះ ហើយជាពិសេស កម្ពុជាស្វាគមន៍ចំពោះការចូលរួមរបស់ឯកឧត្តម ។ ឯកឧត្តម អតីតនាយករដ្ឋមន្ត្រី បានជម្រាបសម្ដេចថា ឯកឧត្តម ពិតជាអរគុណសម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែលបានអនុញាតិឱ្យឯកឧត្តម និងគណប្រតិភូ ចូលជួបសម្ដែងការគួសម និងបានអញ្ជើញឯកឧត្តម គណប្រតិភូរបស់ឯកឧត្ដចូលរួមកិច្ចប្រជុំកំពុលអាស៊ី-ប៉ាស៊ីហ្វិក លើកនេះ ហើយឯកឧត្តម ចាត់ទុកថា កិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិកនេះ នៅប្រទេសកម្ពុជា ទទួលបានលទ្ធផលជោគជ័យដ៏ត្រចះត្រចង់ ហើយក៏បានអរគុណដល់រាជរដ្ឋាភិបាល ក៏ដូចជាប្រជាជនកម្ពុជា ។

ឯកឧត្តម បានគូសបញ្ជាក់ថា វត្តមានរបស់ឯកឧត្តម បានចូលរួមចំណែកក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីរវាងប្រទេសប៉ាគីស្ថាន និងកម្ពុជា ។ ជាការឆ្លើយតប សម្ដេចតេជោ បានគូសបញ្ជាក់ថា ការជោគជ័យនៃកិច្ចប្រជុំនេះ គឺជាជោគជ័យរួមរបស់យើងទាំងអស់គ្នា ហើយអ្វីដែលសំខាន់នេះ គឺយើងនឹងប្រែក្លាយវេទិកានេះ ឲ្យទៅជាវេទិកានៃកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសដែលចូលរួម ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ផងដែរថា សម្ដេច បានចូលរួមកិច្ចប្រជុំ កំពូលអាស៊ី-ប៉ាស៊ីហ្វិក លើកដំបូង នៅប្រទេសនេប៉ាល់ កាលពីឆ្នាំ២០១៨ កន្លងទៅនេះ ហើយកិច្ចប្រជុំនៅប្រទេសកម្ពុជា ជាលើកទី២ និងកិច្ចប្រជុំនៅឆ្នាំក្រោយ គ្រោងធ្វើនៅប្រទេសមីយ៉ាន់ម៉ា នៅឆ្នាំ២០២០ ដែលជាលើកទី៣ ។

សម្ដេចបានគួរបញ្ជាក់ផងដែរថា នៅឆ្នាំនេះ លើកនេះ កិច្ចប្រជុំនៅប្រទេសកម្ពុជានេះ គឺមានអ្នកចូលរួមយ៉ាងច្រើនពីបណ្ដាប្រទេសជាច្រើន ហើយកម្រិតដែលអ្នកចូលរួម គឺកម្រិតថ្នាក់ខ្ពស់ទៀត ដែលធ្វើឲ្យកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិកនេះ ទទួលបាន ជោគជ័យ ហើយប្រែក្លាយយន្តការនេះ កាន់តែមានសារៈសំខាន់។សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរអំពីទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងប៉ាគីស្ថាន ដែលយើងបានធ្វើការជាមួយគ្នាជាច្រើនឆ្នាំមកហើយ ហើយសម្ដេចក៏ធ្លាប់ជួបឯកឧត្តមអតីតនាយករដ្ឋមន្ត្រី នៅពេលឯកឧត្តម នៅធ្វើជានាយករដ្ឋមន្ត្រី នៃប្រទេសប៉ាគីស្ថាននេះ ហើយកិច្ចសហប្រតិបត្តការរួមរវាងប្រទេសទាំងពីរ ក៏នៅមានជាបន្តបន្ទាប់ទៀត ។

ឯកឧត្តម ក៏បានថ្លែងអំណរគុណសម្ដេចតេជោនាយករដ្ឋមន្ត្រីផងដែរ ហើយឯកឧត្តម ក៏បានចូលរួមផងដែរ កាលពីកិច្ចប្រជុំលើកដំបូង ដែលធ្វើឡើងនៅប្រទេសនេប៉ាល់ ហើយឯកឧត្តម ពិតជារីករាយនូវការរីកចម្រើនទំនាក់ទំនងទ្វេភាគី ។ លើសពីនេះទៀត ឯកឧត្តមក៏បានគូសបញ្ជាក់ថា ឯកឧត្តមសង្ឃឹមថា នឹងអញ្ជើញសម្តេចតេជោនាយករដ្ឋមន្ត្រី ទៅទស្សនកិច្ចនៅប្រទេសប៉ាគីស្ថាន ក្នុងពេលវេលាសមស្របណាមួយនៅពេលខាងមុខនេះ ហើយជាពិសេសទៀត ឯកឧត្តម ក៏បានគូសបញ្ជាក់ដែរថា ប៉ាគីស្ថាន មានទីក្រុងមួយឈ្មោះ ទីក្រុងម៉ុលតា ដែលមានប្រវត្តិជាង ៥០០ឆ្នាំហើយ ចឹងជាកន្លែងមួយដែលសង្ឃឹមថា ពេលសម្ដេចទៅទស្សនកិច្ច អាចអញ្ជើញទៅទស្សនកិច្ចនៅកន្លែងនេះផងដែរ ។

លើសពីនេះទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្លាស់ប្ដូរមតិជាមួយឯកឧត្តម អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានផងដែរ ពាក់ព័ន្ធនឹងបញ្ហាតំបន់ និងអន្តរជាតិ ជាពិសេស ធ្វើយ៉ាងណាឲ្យប្រទេសយើងទាំងពីរ អាចសហការគ្នាបានទៅលើយន្តការផ្សេងៗទៀត ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner