សម្តេចតេជោ ហ៊ុន សែន ថ្លែងថា កម្ពុជា-បង់ក្លាដេស មានលក្ខណៈប្រហាក់ប្រហែលគ្នា ដែលជំរុញការ នាំចេញទៅរកទីផ្សារអន្តរជាតិ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ក្នុងឱកាសអនុញ្ញាត ឱ្យលោក ជំទាវ Shirin Sharmin Chaudhury ប្រធានសភាប្រទេស បង់ក្លាដែស ចូលជួបសំដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ បន្ទាប់ពីលោកជំទាវ បានអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក លើកទី២ ឆ្នាំ២០១៩ នៅកម្ពុជា កាលពីថ្ងៃ១៩ វិច្ឆិកា សម្តេចអគ្គមហសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ប្រទេសកម្ពុជា នឹងបង់ក្លាដេស មានលក្ខណៈប្រហាក់ប្រហែលគ្នា ជាពិសេស ការជំរុញការនាំចេញទៅរកទីផ្សារអន្តរជាតិ ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណលោកជំទាវ ដែលបានដឹកនាំ ប្រតិភូមកចូលរួមកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក នៅកម្ពុជា ហើយសម្ដេចក៏បានគូសបញ្ជាក់ថា វត្តមាន របស់លោកជំទាវ បានផ្ដល់កិត្តិយសដល់ប្រទេសកម្ពុជា និងបានចូលរួមចំណែកដល់ការពង្រឹងពង្រីក នៃទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ ។

លោកជំទាវ បានអរគុណសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឲ្យលោកជំទាវ ចូលជួប ពិភាក្សាការងារ និងសម្ដែងការគួរសម ហើយក៏អរគុណសម្តេចតេជោ ដែលបានអញ្ជើញប្រទេសប្រតិភូ បង់ក្លាដេស ចូលរួមកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក នៅប្រទេសកម្ពុជានេះ ។

លោកជំទាវ ក៏បានមានប្រសាសន៍អំពីទំនាក់ទំនងទ្វេភាគីរវាងប្រទេសបង់ក្លាដេស និងកម្ពុជា ដែល មានការអភិវឌ្ឍទៅមុខយ៉ាងល្អ ហើយលោកជំទាវ ក៏អរគុណប្រទេសកម្ពុជា ជាពិសេស រាជរដ្ឋាភិបាល និងប្រជាជន ក៏ដូចជាសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានរៀបចំកិច្ចប្រជុំដោយជោគជ័យនូវកិច្ចប្រជុំ កំពូលអាស៊ី-ប៉ាស៊ីហ្វិកនេះ ជាពិសេស ការជំរុញយន្តការ នៃកិច្ចប្រជុំនេះ កាន់តែមានសារៈសំខាន់ដល់ ការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ។

ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអរគុណដល់គណៈប្រតិភូរបស់ប្រទេសបង់ក្លាដេស ដែលធ្វើឲ្យកិច្ចប្រជុំទទួលបានជោគជ័យ ហើយសម្តេចក៏បានគូសបញ្ជាក់ផងដែរថា ត្រូវតែរក មធ្យោបាយ ធ្វើយ៉ាងម៉េច ត្រូវជំរុញយន្តការនៃកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិកនេះ ធ្វើយ៉ាងណាយើង គាំទ្រគ្នាទៅវិញទៅមក កាន់តែស៊ីជម្រៅជាងមុន ហើយជាពិសេសទៀត ប្រធានបទ ដែលបានលើក យកមកពិភាក្សានៅពេលនេះ មានលក្ខណៈសំខាន់ ជាពិសេសការប្រមូលផ្តុំ ធ្វើយ៉ាងណាឱ្យគណបក្ស នយោបាយពីបណ្ដាប្រទេសក្របខណ្ឌអាស៊ី-ប៉ាស៊ីហ្វិក ជំរុញកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅ បន្ថែមទៀត ។

ពាក់ប្រព័ន្ធកិច្ចសហប្រតិបត្តិការទ្វេភាគី សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា នេះជាការ ប្រសើរដែលលោកជំទាវ បានជួបសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេច ហេង សំរិន ប្រធានរដ្ឋ សភា ដែលជាលក្ខណៈល្អ និងការពង្រឹងទំនាក់ទំនងរវាងសភា និងសភា ហើយសម្ដេច ក៏បានគូស បញ្ជាក់ផងដែរថា ប្រទេសទាំងពីរ កន្លងមក បានចុះកិច្ចព្រមព្រៀងមួយចំនួន៖ ទី១-គឺនៅពេលដែល សម្ដេចបានទៅទស្សនកិច្ចផ្លូវការនៅប្រទេសបង់ក្លាដេស កាលពីឆ្នាំ២០១៤ ហើយនៅពេលដែល លោកជំទាវ នាយករដ្ឋមន្ត្រីបង់ក្លាដេស មកទស្សនកិច្ចនៅកម្ពុជា កាលពីឆ្នាំ២០១៧ ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា ប្រទេសទាំងពីរ បានរួមចំណែកក្នុងការចូលរួមពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី ហើយជាពិសេសទៀត សម្តេចគូសបញ្ជាក់ផងដែរថា ប្រទេសនៅអាស៊ី-ប៉ាស៊ីហ្វិក គួរតែធ្វើយ៉ាងណា ចូលរួមចំណែកក្នុងការពង្រឹងកិច្ចការពហុភាគី ក្នុងក្របខណ្ឌអង្គការ ពាណិជ្ជកម្មពិភពលោក ដែលបច្ចុប្បន្ន មាននិន្នាការទៅរកឯកតោភាគី។ ដូច្នេះ ការចរចា គឺជំរុញឲ្យ អង្គការពាណិជ្មកម្មពិភពលោក មានដំណើរការទៅមុខ។សម្ដេចក៏បានគូសបញ្ជាក់ផងដែរអំពីការចរចាទ្វេភាគីនេះ គឺប្រទេសកម្ពុជា មានលក្ខណៈប្រហាក់ ប្រហែលគ្នា ជាពិសេស ការជំរុញការនាំចេញទៅរកទីផ្សារអន្តរជាតិ ខិតខំធ្វើយ៉ាងណាឲ្យប្រទេស ទាំងពីរ មានកិច្ចសហប្រតិបត្តិការគ្នា ។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា សម្ដេចក៏បានស្នើឱ្យលោកជំទាវរាយការជូនលោកជំទាវ នាយករដ្ឋមន្ត្រីបង់ក្លាដេស ថា តាមការស្នើសុំពីមុនមក គឺសម្ដេចតេជោ កំពុងធ្វើការជាមួយបណ្តា ប្រទេស ដែលជាសមាជិកនៃយន្តការកិច្ចសហប្រតិបត្តិការមេគង្គ-គង្គានេះ ព្រោះបង់ក្លាដែស ចង់ក្លាយ ជាសមាជិកក្នុងក្របខណ្ឌនៃអង្គការនេះ ដោយសារទន្លេមេគង្គ-គង្គា មិនត្រឹមតែប្រទេសផ្សេងទេ ប្រទេសគាត់ ក៏មានចំណែកដែរ ដូច្នេះសម្ដេច បានស្នើសុំថា យើងកំពុងតែធ្វើការងារ គឺធ្វើយ៉ាងណា ឲ្យក្របខណ្ឌយន្តការនេះ អាចបញ្ចូលប្រទេសបង់ក្លាដែសផងដែរ ដូច្នេះសូមរង់ចាំការឆ្លើយតបពីបណ្ដា ប្រទេសដែលជាសមាជិកនៃគណការនេះ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner