គោរពព្រះវិញ្ញាណក្ខន្ធព្រះបរមសព សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ និងជាអតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ស៊ា នាយកមជ្ឈមណ្ឌល អភិវឌ្ឍន៍យោធិនពិការសម្តេចតេជោ ហ៊ុន សែន គូលេន ៣១៧ សៀមរាប និងមានការអញ្ជើញចូលរួមពីនាយករង នាយរងផ្នែក និងមន្រ្តីជំនាញចំណុះជាច្រើនរូប បានចូលរួម គោរពព្រះវិញ្ញាណក្ខន្ធព្រះបរមសព សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ និងជាអតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នានៅព្រឹកថ្ងៃពុធ ទី០៩រោចខែកក្តិក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០១៩ នៅរដ្ឋបាល មជ្ឈមណ្ឌល អភិវឌ្ឍន៍ យោធិនពិការសម្តេចតេជោ ហ៊ុន សែន គូលេន ៣១៧ សៀមរាប។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ស៊ា បានសម្តែងនូវការសោកស្តាយនូវការបាត់បង់ សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ និងជាអតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលក្នុងមួយជីវិតរបស់សម្តេច សម្តេចបាន មានគុណបំណាច់យ៉ាងធំធេងចំពោះជាតិ ជាពិសេសផ្នែកសិល្បៈ វប្បធម៌
អរិយធម៌ រហូតទទួលបានព្រះគោរមងារថា “ទេពនាថវដ្ដីឯក” ជាតួអង្គឯករបាំអប្សរា លើកតម្កើងវប្បធម៌ពណ្ណរាយជាតិ
ថ្កើងថ្កាន ល្បីល្បាញ រន្ទ័ទ្ធទាំងសកលលោក ។
ព្រះរាជបណ្ដាំចុងក្រោយរបស់ សម្ដេច រាជបុត្រីព្រះរៀម នរោត្តម បុប្ផា ទេវី ផ្ដាំឲ្យបង ប្អូន កូន ក្មួយ ពិសេស យុវជន ជួយ ថែរក្សា សិល្បៈ វប្បធម៌ ខ្មែរយើងឲ្យគង់វង្ស ។ គួរបញ្ជាក់ផងដែរថា សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ព្រះរាជបុត្រីច្បងរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ។
សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ និងជាអតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានយាងសោយព្រះទិវង្គតនៅថ្ងៃចន្ទ ៧រោច ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ វេលាម៉ោង ១២៖៣០នាទីថ្ងៃត្រង់ ដោយព្រះរោគាពាធ ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា៕ធ.ដ