គណៈកម្មការរដ្ឋសភា ជួបប្រជុំជាមួយក្រសួងកសិកម្ម ពិភាក្សាលើសេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមឱ្យ កម្ពុជា ចូលជាសមាជិកនៃកិច្ចព្រមព្រៀងសម្រាប់អនុវត្តន៍បទប្បញ្ញត្តិនៃអនុសញ្ញាសហប្រជាជាតិស្តីពី ច្បាប់សមុទ្រ ទាក់ទងនឹងការគ្រប់គ្រង និងការអភិរក្សផលស្តុកត្រីផ្លាស់ទីមធ្យម និងផលស្តុកត្រីផ្លាស់ទីឆ្ងាយ

អត្ថបទដោយ៖
Kien Sereyvuth

នៅរសៀលថ្ងៃទី១៩ ខែវិឆ្ឆិកា ឆ្នាំ២០១៩ គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ជា វ៉ាន់ដេត ប្រធានគណៈកម្មការ ដោយសហការជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន និងមានការចូលរួមពីតំណាងគណៈកម្មការជំនាញផ្សេងៗទៀតនៃរដ្ឋសភា បានជួបប្រជុំជាមួយ ឯកឧត្តម វេន សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងសហការី ដើម្បីពិនិត្យពិភាក្សាទៅលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកនៃកិច្ចព្រមព្រៀងសម្រាប់អនុវត្តបទប្បញ្ញត្តិនៃអនុសញ្ញាសហប្រជាជាតិស្តីពី ច្បាប់សមុទ្រ ចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៨២ ទាក់ទងនឹងការគ្រប់គ្រង និងការអភិរក្សផលស្តុកត្រីផ្លាស់ទីមធ្យម និងផលស្តុកត្រីផ្លាស់ទីឆ្ងាយ។

ក្នុងជំនួបនៅវិមានរដ្ឋសភា ឯកឧត្តម វេន សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជម្រាបជូនគណៈកម្មការរដ្ឋសភាថា ការចូលជាសមាជិកនៃកិច្ចព្រមព្រៀងនេះព្រះរាជាណាចក្រកម្ពុជានឹងទទួលបានផងប្រយោជន៍សំខាន់ដូចជា បង្ហាញពីការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការចូលរួមដោះស្រាយចំពោះការទទួលខុសត្រូវជាមួយរដ្ឋម្ចាស់ទង់ជាតិ របស់ខ្លួនស្របតាមច្បាប់អន្គរជាតិ។ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងអនុតំបន់ តំបន់ និងអន្តរជាតិក្នុងការគ្រប់គ្រងផលស្តុកត្រីឆ្លងដែន។

លើកកម្ពស់ការគ្រប់គ្រងជលផលនៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខកម្ពុជា។ ទទួលបានជំនួយបច្ចេកទេស និងហិរញ្ញវត្ថុពីមូលនិធិពិសេសសម្រាប់អនុវត្តការងារគ្រប់គ្រង និងអភិរក្សធនធានជលផល។ ទទួលបានការចែករំលែកនូវទិន្នន័យស្ដីពីសកម្មភាពនេសាទ ផលចាប់ និងសមត្ថភាពនេសាទ។អាចធានាបាននូវការប្រើប្រាស់ និងអភិរក្សផលស្តុកត្រីផ្លាស់ទីមធ្យម និងផលស្តុកត្រីផ្លាស់ទីឆ្ងាយប្រកបដោយចីរភាព តាមរយៈការអនុវត្តបទប្បញ្ញត្តិពាក់ព័ន្ធនៃកិច្ចព្រមព្រៀងប្រកបដោយប្រសិទ្ធភាព។ ការចូលជាភាគីនៃកិច្ចព្រមព្រៀងនេះ មិនតម្រូវឲ្យបង់ប្រាក់ជាសមាជិកភាពប្រចាំឆ្នាំឡើយ។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា គោលបំណងសំខាន់នៃកិច្ចព្រមព្រៀងនេះ គឺដើម្បីធានានូវការប្រើប្រាស់និងការអភិរក្សផលស្តុកត្រីផ្លាស់ទីមធ្យម និងផលស្តុកត្រីផ្លាស់ទីឆ្ងាយប្រកបដោយចីរភាពតាមរយៈការអនុវត្តបទប្បញ្ញត្តិពាក់ព័ន្ធនៃកិច្ចព្រមព្រៀងប្រកបដោយប្រសិទ្ធភាព។ អនុលោមតាមកិច្ចព្រមព្រៀងនេះ ការគ្រប់គ្រង និងអភិរក្សផលស្តុកត្រីផ្លាស់ទីមធ្យមនិងផលស្តុកត្រីផ្លាស់ទីឆ្ងាយ ត្រូវពឹងផ្អែកលើអភិក្រមប្រុងប្រយ័ត្នជាមុន នឹងភស្តុតាងវិទ្យាសាស្រ្តល្អបំផុតដែលអាចរកបាន។

ក្រោយពីបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ និងស្ដាប់ការបកស្រាយ និងពន្យល់របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មរួចមក ឯកឧត្តម ជា វ៉ាន់ដេត ប្រធានអង្គប្រជុំ បានថ្លែងអំណរគុណចំពោះវត្តមានរបស់ឯកឧត្តមរដ្ឋមន្ត្រី និងសហការី ដែលបានអញ្ជើញចូលរួមប្រជុំជាមួយគណៈកម្មការជំនាញរបស់រដ្ឋសភា ក្នុងការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកនៃកិច្ចព្រមព្រៀងសម្រាប់អនុវត្តបទប្បញ្ញត្តិនៃអនុសញ្ញាសហប្រជាជាតិស្តីពី ច្បាប់សមុទ្រ ចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៨២ ទាក់ទងនឹងការគ្រប់គ្រង និងការអភិរក្សផលស្តុកត្រីផ្លាស់ទីមធ្យម និងផលស្តុកត្រីផ្លាស់ទីឆ្ងាយ។

ឯកឧត្តម ជា វ៉ាន់ដេត បានមានប្រសាសន៍បញ្ជាក់ថា បន្ទាប់ពីឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការបកស្រាយទៅលើចំណុចនានាដែលគណៈកម្មការជំនាញនៃរដ្ឋសភា បានសាកសួររួចមកហើយនេះ គណៈកម្មការជំនាញនៃរដ្ឋសភា សម្រេចថានឹងបញ្ជូនសេចក្តីព្រាងច្បាប់នេះ ទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិនិត្យទៅតាមនីតិវិធីបន្តទៀតរបស់រដ្ឋសភា។

សូមជម្រាបថា កិច្ចព្រមព្រៀងសម្រាប់អនុវត្តបទប្បញ្ញត្តិនៃអនុសញ្ញាសហប្រជាជាតិស្ដីពី ច្បាប់សមុទ្រ ចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៨២ ទាក់ទងនឹងការគ្រប់គ្រងនិងការអភិរក្សផលស្តុកត្រីផ្លាស់ទីមធ្យម និងផលស្តុកត្រីផ្លាស់ទីឆ្ងាយ ត្រូវបានអនុម័តក្នុងកិច្ចប្រជុំលើកទី៦នៃសន្និសីទអង្គការសហប្រជាជាតិ នាថ្ងៃទី៤ ខែសីហា ឆ្នាំ ១៩៩៥ នៅទីក្រុងញ៉ូយក សហរដ្ឋអាមេរិក។ កិច្ចព្រមព្រៀងនេះ ត្រូវបានបើកចំហសម្រាប់រដ្ឋ អង្គការ ឬស្ថាប័ននានា ចុះហត្ថលេខាចាប់ពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ១៩៩៥ រហូតដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ១៩៩៦ និងបន្តអនុញ្ញាតឱ្យអនុវត្តជាបណ្តោះអាសន្នរហូតដល់កាលបរិច្ឆេទនៃកិច្ចព្រមព្រៀងនេះចូលជាធរមាន នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០០១។

នៅខែតុលា ឆ្នាំ២០១៦ រដ្ឋជាសមាជិកអាស៊ានបានអនុម័តផែនការសកម្មភាពថ្នាក់តំបន់សម្រាប់ការគ្រប់គ្រងសមត្ថភាពនេសាទក្នុងកិច្ចប្រជុំលើកទី៣៨ នៃរដ្ឋមន្ត្រីកសិកម្ម និងរុក្ខាប្រមាញ់អាស៊ាន។ រដ្ឋជាសមាជិកអាស៊ានត្រូវបានលើកទឹកចិត្តឲ្យមានការសហការជាមួយអង្គការ គ្រប់គ្រងជលផលថ្នាក់តំបន់និងអនុវត្តតាមកិច្ចព្រមព្រៀងអន្តរជាតិនានា ដែលពាក់ព័ន្ធនឹងការគ្រប់គ្រងសមត្ថភាពនេសាទ រួមទាំងកិច្ចព្រមព្រៀងសម្រាប់អនុវត្តបទប្បញ្ញត្តិនៃអនុសញ្ញាសហប្រជាជាតិស្ដីពី ច្បាប់សមុទ្រ ចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៨២ ទាក់ទងនឹងការគ្រប់គ្រងនិងការអភិរក្សផលស្តុកត្រីផ្លាស់ទីមធ្យម និងផលស្តុកត្រីផ្លាស់ទីឆ្ងាយ របស់អង្គការសហប្រជាជាតិឆ្នាំ១៩៩៥ រហូតមកដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ មានប្រទេសចំនួន ៩០ បានចូលជាភាគីអនុវត្តកិច្ចព្រមព្រៀងនេះ ដែលក្នុងនោះតំបន់អាស៊ីអាគ្នេយ៍មានប្រទេសចំនួន៤ ដូចជាប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន ថៃ និងប្រទេសវៀតណាម។

កិច្ចព្រមព្រៀងនេះ បានបញ្ជាក់ពីគោលការណ៍ជាមូលដ្ឋានដែលបានបង្កើតឡើងនៅក្នុងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ ដែលរដ្ឋគួរតែសហការក្នុងការចាត់វិធានការចាំបាច់សម្រាប់ការអភិរក្សធនធានទាំងនេះ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner