អាជ្ញាធរខេត្តកំពតចុះអនុវត្តវិធានការក្តៅដើម្បីបើកផ្លូវជូនពលរដ្ឋដែលរងការរំលោភបំពានដោយបុគ្គលបិទរបងផ្លូវជាច្រើនឆ្នាំ

ក្រោមការណែនាំចង្អុលបង្ហាញពីឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត នៅរសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២
ឯកឧត្តម សេង សិរីបុត្រ អភិបាលរងខេត្ត ណាងឯកឧត្តមម៉ៅធនិនអភិបាលខេត្ត បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលមានការចូលរួមពីមន្ត្រីនៃមន្ទីរ អង្គភាពជំនាញនិងអាជ្ញាធរមូលដ្ឋាន ពាក់ព័ន្ធ ដើម្បីចុះពិនិត្យ និងអនុវត្តវិធានការបើកផ្លូវសាធារណៈរបស់រដ្ឋ ជូនប្រជាពលរដ្ឋប្រើប្រាស់ជាធម្មតាឡើងវិញ បន្តប់ពី ផ្លូវនេះបានធ្វើរបងបិទជាច្រើនឆ្នាំ ដោយបុគ្គល ឈ្មោះ គឹម សោភ័ណ្ឌ ស្ថិតនៅភូមិ ព្រៃឃ្មុំ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត។

ការអនុវត្តចំណាត់ការវិធានការ ជាលទ្ធផលកម្លាំងចម្រុះបានធ្វើការរុះរើទ្វាររបងចំនួន ០២កន្លែង ក្នុងនោះបង្គោលថ្ម ០៧ដើម និងប៉ុស្ដិ៍យាមចំនួន ១ (បណ្ដោយ ១ម៉ែត្រ ទទឹង ២ម៉ែត្រ)។ ទន្ទឹមនឹងនោះ រដ្ឋបាលស្រុកទឹកឈូ ក៏បានចេញសេចក្តីជូនដំណឹងណែនាំ ដល់លោក គឹម សោភ័ណ្ឌ ឲ្យមានការចូលរួមអនុវត្តចំណាត់ការបន្ថែមទៀត ដោយឲ្យរំកិលរបងក្បាលដីឲ្យបានទំហំ ០៥ម៉ែត្រ ចាប់ពីអ័ក្សផ្លូវ និង រំកិលព្រំរបងខាងលិច ពីចំណីស្រះ ទំហំ ២.៨ម៉ែត្រ។ បន្ទាប់មកក្រុមការងារក៏បានបន្ត ចុះពិនិត្យ នឹងអនុវត្តការ រុះរើរបងបន្លាលួសមួយកន្លែងទៀត ដែលបុគ្គល គឹម សោភ័ណ្ឌ បានបិទផ្លូវចេញចូលដីរបស់ប្រជាពលរដ្ឋ ស្ថិតនៅភូមិត្រពាំងជ្រៃ ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត និងធ្វើការរុះរើបង្គោលថ្មចំនួន ១១ដើម, បង្គោលឈើចំនួន ២៧ដើម, ខ្សែលួសចំនួន ៣ ខ្សែស្មើនឹង ១៣០,៥ ម៉ែត្រ។

ឱកាសនោះ ពលរដ្ឋជាច្រើនគ្រួសារ បានសម្តែងការកក់ក្ដៅ ត្រេចអរនិងថ្លែងអំណរគុណចំពោះអាជ្ញាធរខេត្ត ពិសេសឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ដែលតែងតែយកចិត្តទុកដាក់ចូលរួម ដោះស្រាយ បញ្ហាប្រឈម និងក្តីកង្វល់របស់ពលរដ្ឋនៅមូលដ្ឋានបានយ៉ាងល្អប្រសើរនិងមានប្រសិទ្ធភាព។

លោក សេង សេរីបុត្រអភិបាលរងខេត្ត ក្នុងនាមតំណាងឯកឧត្តមម៉ៅ ធនិនអភិបាលនៃគណៈអភិបាលខេត្តកំពតក៏បានធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋ និងសាធារណជនទូទៅ មិនថា បុគ្គលមានទ្រព្យធន មានអំណាច ឬប្រជាពលរដ្ឋសាមញ្ញធម្មតា ត្រូវតែចូលរួមគោរពច្បាប់ទាំងអស់គ្នា មិនត្រូវធ្វើសកម្មភាពណាមួយរំលោភបំពារបំពាននាំឲ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ឬទ្រព្យសម្បត្តិនិងផលប្រយោជន៍របស់ប្រជាពលរដ្ឋឬបុគ្គលអ្នកដទៃឡើយ បើពុំដូច្នោះទេការប្រព្រឹត្តនៅទង្វើខុសច្បាប់នេះ នាំឲ្យខូចកេរ្តិ៍ឈ្មោះនឹងប្រឈមចំពោះបញ្ហាមុខច្បាប់ទៀតផង ៕ ប្រភព ៖ ខេត្តកំពត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner