សម្តេចវិបុលសេនាភក្តីប្រមុខរដ្ឋស្តីទី ទទួលសារតាំងពី ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃ ព្រះរាជាណា ចក្រកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ បានអនុញ្ញាតឱ្យឯកឧត្តម បូរកែវ ភូមិវង្សសៃ (Buakeo PHUMVONGSAY) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវតែងតាំងថ្មី ប្រចាំ ព្រះរាជាណាចក្រកម្ពុជា ចូលជួបជូនសារតាំង នៅវិមានព្រឹទ្ធសភា។

ក្នុងព្រះបរមនាមព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាម ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវការស្វាគមន៍ ដ៏កក់ក្តៅចំពោះឯកឧត្តម បូរកែវ ភូមិវង្សសៃ ដែលត្រូវបានឯកឧត្ត មប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ តែងតាំង ឯកឧត្តមជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណា ចក្រកម្ពុជា។

នៅក្នុងឱកាសនោះ ឯកឧត្តម បូរកែវ ភូមិវង្សសៃ បានថ្លែង អំណរគុណ យ៉ាង ជ្រាលជ្រៅចំពោះសម្តេចប្រមុខរដ្ឋស្តីទី ដែលបាន ចំណាយពេលវេលាដ៏មានតម្លៃ អនុញ្ញាតឱ្យឯកឧត្តមបានចូល ជូន សារតាំង និងសម្តែងការគួរសមនាពេលនេះ។ ឆ្លៀតឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ឯកឧត្តមប្រធានរដ្ឋ និងថ្នាក់ដឹកនាំកំពូលនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតា ជាតិ ខ្មែរ និងជូនចំពោះសម្តេចប្រមុខរដ្ឋស្តីទី និងថ្នាក់ដឹកនាំកំពូល នៃ ព្រះរាជាណាចក្រកម្ពុជា។

ព្រមជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានពាំនាំនូវការក្រាប បង្គំយាងចំពោះព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បំពេញព្រះរាជ ទស្សនកិច្ចជាផ្លូវរដ្ឋនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅពេលវេលាសមស្របណាមួយ ពីឯកឧត្តមប្រធានរដ្ឋនៃ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

ឯកឧត្តម បូរកែវ ភូមិវង្សសៃ បានសម្តែងនូវសេចក្តីរីករាយចំពោះ ទំនាក់ទំនង សាមគ្គីភាព និងកិច្ចសហ ប្រតិ បត្តិការ ដ៏ល្អ រវាង រដ្ឋា ភិបាល និងប្រជាជននៃប្រទេសទាំងពីរ។ ឯកឧត្តមបានវាយតម្លៃ ខ្ពស់ ចំពោះវឌ្ឍនភាព និងការរីក ចម្រើនរបស់ ព្រះរា ជា ណា ចក្រ កម្ពុជា។

ឯកឧត្តម បូរកែវ ភូមិវង្សសៃ បានថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានជួយ ឧបត្ថម្ភគាំទ្រដល់ប្រទេសឡាវនាពេលកន្លងទៅ ជាពិសេសការ ជួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ វ៉ាក់សាំង រថយន្តដឹកវ៉ាកសាំង និងឧបករណ៍វេជ្ជសាស្ត្រមួយចំនួន។ ឯកឧត្តមបានបញ្ជាក់ថា ប្រទេសឡាវសូមគាំទ្រចំពោះតួនាទីរបស់ប្រទេសកម្ពុជាជាប្រធានអាស៊ាន។

សម្តេចប្រមុខរដ្ឋស្តីទីមានសេចក្តីសោមនស្សរីករាយ និងពេញចិត្ត ជាខ្លាំងដោយបានមើលឃើញចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ មានការរីកចម្រើនជាបន្តបន្ទាប់ឥតឈប់ឈរលើគ្រប់វិស័យ ហើយទំនាក់ទំនងនេះត្រូវបានលើកកម្ពស់ជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង។

សម្តេចវិបុលសេនាភក្តីប្រមុខរដ្ឋស្តីទីមានជំនឿជឿជាក់ថា ក្នុងឋានៈ ឯកឧត្តមជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំព្រះរាជណាចក្រកម្ពុជា ឯកឧត្តមនឹងខិតខំពង្រឹង ពង្រីក នូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់ តែរឹងមាំ ស៊ីជម្រៅបន្ថែមទៀតលើបញ្ហានយោបាយ សន្តិសុខ ការពារជាតិ អប់រំ សុខាភិបាល និងខិតខំជំរុញឱ្យមានការផ្លាស់ ប្តូរពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគ ទេសចរណ៍ វប្បធម៌ និង ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនឱ្យកាន់តែទូលំទូលាយ ដើម្បីជាគុណប្រយោជន៍សម្រាប់ប្រទេស និងប្រជាជនទាំងពីរ។

សម្តេចវិបុលសេនាភក្តីប្រមុខរដ្ឋស្តីទីបានបញ្ជាក់ថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នជាតិនៃព្រះរាណាចក្រ កម្ពុជា ត្រៀមខ្លួនជានិច្ចដើម្បីធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ ជាមួយនឹង ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏ដូចជាស្ថានទូតនៃ សាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណា ចក្រកម្ពុជា ដើម្បីនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសទាំងពីរទៅវិញទៅមក។
តាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូត សម្តេចវិបុលសេនាភក្តី ប្រមុខរដ្ឋ ស្តីទីបានផ្តាំផ្ញើនូវព្រះរាជបណ្តាំសួរសុខទុក្ខដោយសេចក្តីគោរព និងសេចក្តីនឹករលឹកពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះ រាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ និងថ្នាក់ដឹក នាំកំពូលជាតិនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះឯកឧត្តម ប្រធានរដ្ឋ និងថ្នាក់ដឹកនាំជាន់ខ្ពស់គ្រប់លំដាប់ថ្នាក់ នៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ៕ ដោយ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner