សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក ដែលមានភ្ញៀវអន្តរជាតិចូលរួមប្រមាណ ២ពាន់នាក់ នៅព្រឹកនេះ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៨រោច ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២ ដែលប្រារព្ធធ្វើឡើង នៅវិមានសន្តិភាព ព្រះរាជាណាចក្រកម្ពុជា។

កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២នេះ ប្រារព្ធឡើងក្រោមប្រធានបទ «ការឆ្លើយតបចំពោះបញ្ហាប្រឈមគន្លឹះនាពេលបច្ចុប្បន្ន៖ សន្តិភាព ការបង្រួបបង្រួមជាតិ ការពឹងពាក់គ្នាទៅវិញទៅមក វិបុលភាពទៅវិញទៅមក និងគុណតម្លៃសកល»។

កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២នេះ ត្រូវបានគេរំពឹងទុកថាមានអ្នកចូលរួមរហូតដល់ទៅជាង២ពាន់នាក់។ អ្នកចូលរួមទាំងនោះ ជាប្រធានាធិបតី នាយករដ្ឋមន្ត្រី អតីតថ្នាក់ដឹកនាំប្រទេស រដ្ឋសភា ព្រឹទ្ធសភា អង្គការក្រៅរដ្ឋាភិបាល ធុរកិច្ចជន សាកលវិទ្យាល័យ អង្គភាពសារព័ត៌មាន អ្នកសិល្បៈ និងស្ថាប័ននានាជាច្រើនទៀត។ក្នុងពិធីបើកកិច្ចប្រជុំនៅព្រឹកថ្ងៃនេះក៏មានការប្រគល់ពានរង្វាន់ «ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ» ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកធ្វើឡើង ដើម្បីពង្រឹងភាពជាដៃគូ រវាងរដ្ឋាភិបាល និងសង្គមស៊ីវិលផង ហើយដែលមានខ្លឹមសារស្នូល ដើម្បីសន្តិភាព និងការអភិវឌ្ឍ ការប្រែប្រួលអាកាសធាតុ និងជម្លោះ និងដំណោះស្រាយក្នុងគ្រាសំខាន់។ កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី១ ត្រូវបានធ្វើឡើងនៅប្រទេសនេប៉ាល់ កាលពីឆ្នាំ២០១៨។ កិច្ចប្រជុំនេះរៀបចំឡើងដោយអង្គការសហព័ន្ធសន្តិភាពសាកល (Universal Peace Federation–UPF)។

អង្គការ UPF ជាបណ្តាញអន្តរជាតិ និងអន្តរជំនឿរបស់ក្រុមបុគ្គល និងអង្គភាព រួមទាំងអ្នកតំណាងមកពីសាសនា រដ្ឋាភិបាល សង្គមស៊ីវិល និងវិស័យឯកជន ប្ដេជ្ញាសម្រេចឱ្យបាននូវសន្តិភាពពិភពលោក ដែលមនុស្សគ្រប់គ្នាអាចរស់នៅក្នុងសេរីភាព ភាពសុខដុម កិច្ចសហប្រតិបត្តិការ និងវិបុលភាព ដែលបង្កើតឡើងនៅឆ្នាំ២០០៥។

អង្គការ UPF លើកទឹកចិត្តឱ្យសាសនាទាំងអស់ធ្វើកិច្ចសន្ទនា និងសហការ ដើម្បីសន្តិភាពដោយផ្អែកលើការទទួលស្គាល់ថា សេចក្តីថ្លៃថ្នូររបស់មនុស្សបានមកពីប្រភពទេវភាពសកល ដែលជាមូលដ្ឋាននៃភាពសុខដុម និងការបង្រួបបង្រួម តាមរយៈឯកអគ្គរដ្ឋទូតដើម្បីសន្តិភាព ដែលមានជាង ៥ម៉ឺននាក់៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner