ក្រុមហ៊ុនផលិតគ្រឿងយន្តកសិកម្មចិន ជំរុញការស្រាវជ្រាវ និងការប្រើប្រាស់គ្រឿងយន្តកសិកម្ម និងបច្ចេកវិទ្យាកសិកម្មវៃឆ្លាត នៅកម្ពុជានាពេលអនាគត
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោក Chunxin Zhan នាយកក្រុមហ៊ុនវិទ្យសាស្រ្តឧស្សាហកម្មធន់ធ្ងន់ និងបច្ចេកវិទ្យា Zoomlion នៃសាធារណ:រដ្ឋប្រជាមានិតចិន ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារស្តីពី ការជំរុញការស្រាវជ្រាវ និងការប្រើប្រាស់គ្រឿងយន្តកសិកម្ម និងបច្ចេកវិទ្យាកសិកម្មវៃឆ្លាត នៅកម្ពុជានាពេលអនាគត។

លោក Zhan បានធ្វើចំណាប់អារម្មណ៍ប្រកបដោយអត្ថន័យ និងខ្លឹមសារយ៉ាងជ្រាលជ្រៅអំពីចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងប្រជាជន និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ និងបានចូលរួមសម្តែងនូវអំណរសាទរចំពោះសមិទ្ធផលដែលរាជរដ្ឋាភិបាល ក៏ដូចប្រជាជនកម្ពុជាសម្រេចបាននាពេលកន្លងមក និងបច្ចុប្បន្ន។ ដោយមើលឃើញពីការវិវឌ្ឍជាវិជ្ជមានយ៉ាងលឿនគួរឲ្យកត់សម្គាល់របស់កម្ពុជា ដែលនេះគឺជាហេតុផលទាក់ទាញក្រុមហ៊ុនរបស់លោកមកធ្វើទស្សនកិច្ច ដើម្បីសិក្សាស្វែងយល់បន្ថែមអំពីស្ថានភាព សក្តានុពលនៃវិស័យកសិកម្មកម្ពុជា និងការប្រើប្រាស់គ្រឿងយន្តកសិកម្ម និងបច្ចេកវិទ្យាទាក់ទងសំខាន់ៗមួយចំនួនទៀត។

លោក Zhan បន្តថា ក្រុមហ៊ុនលោកជាមួយក្នុងចំណោមក្រុមហ៊ុនធំៗនាំមុខគេក្នុងការស្រាវជ្រាវ ផលិតគ្រឿងយន្ត សម្រាប់ទាំងក្នុងវិស័យឧស្សាហកម្ម សំណង់ និងកសិកម្មប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព។ ចំពោះវិស័យកសិកម្ម ក្រុមហ៊ុនបានធ្វើការផលិតគ្រឿងយន្តជាច្រើនប្រភេទ ដើម្បីឆ្លើយតបទៅនឹងការបរិបទ និងការវិវឌ្ឍរីកចម្រើននៃវិស័យនេះ សំដៅបង្កើនផលិតភាពផលិតកម្មកសិកម្ម ការការពារផលប្រយោជន៍របស់កសិករតាមរយ:ការធ្វើឲ្យប្រសើរឡើងនូវគុណភាពកសិផល បង្កើនតម្លៃបន្ថែម ចំណេញពេលវេលា កាត់បន្ថយការប្រើកំលាំងពលកម្មមនុស្ស និងសត្វ កាត់បន្ថយការបាត់បង់ និងរក្សាគុណភាពទាំងដី និងដំណាំ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមរដ្ឋមន្រ្តីវេង សាខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលចិន ដែលបានជួយឧបត្ថម្ភគាំទ្រដល់ដំណើរការកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជាលើគ្រប់វិស័យ តាមរយ:ការអនុវត្តគោលនយោបាយ “ខ្សែក្រវាត់ និងផ្លូវ” ប្រកបដោយចីរភាព។ ឯកឧត្តមក៏បានបញ្ជាក់ពីសមិទ្ធផលដ៏ធំធេងជាច្រើនសម្រេចបានគឺមិនអាចកាត់ផ្តាច់បានពីចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសយើងទាំងពីរ។

ពាក់ព័ន្ធនឹងទស្សនកិច្ចរបស់ក្រុមហ៊ុននាពេលនេះ ឯកឧត្តមរដ្ឋមន្ត្រីស្វាគមន៍ និងលើកទឹកចិត្តចំពោះឆន្ទៈរបស់ក្រុមហ៊ុនក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រសួង និងផែនការវិនិយោគរយ:ពេលវែងលើវិស័យគ្រឿងយន្តកសិកម្មនៅកម្ពុជា ស្របពេលដែលក្រសួងកំពុងជំរុញ និងយកចិត្តទុកដាក់ក្នុងការអនុវត្តទំនើបកម្មកសិកម្មតាមរយៈប្រើប្រាស់បច្ចេកវិទ្យាទំនើបទាន់សម័យ ប្រព័ន្ធឌីជីថល និងយន្តូបនីកម្មកសិកម្មដើម្បីបង្កើនតម្លៃបន្ថែមលើការផលិត កាត់បន្ថយពេលវេលា ពលកម្ម ធានាប្រសិទ្ធភាពការងារ គុណភាព និងសុវត្ថិភាពផលិតផល។

លើសពីនេះ ដើម្បីឲ្យកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ និងផែនការវិនិយោគរបស់ក្រុមហ៊ុនទទួលបានជោគជ័យ ជាប្រយោជន៍ដល់ប្រជាកសិករ និងវិស័យកសិកម្ម ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា គ្រឿងយន្តកសិកម្មដែលក្រុមហ៊ុនមានបំណងយកមកផ្សព្វផ្សាយនៅទីផ្សារ ត្រូវផ្តោតជាសំខាន់លើស្ថានភាពដី លក្ខណៈអំណោយផលក្នុងការប្រើប្រាស់ទាំងការរៀបចំដី ដាំដុះ ប្រមូលផល និងជាពិសេសគ្រឿងយន្តដែលមានភាពវៃឆ្លាត គ្រប់ជ្រុងជ្រោយ ប្រកបដោយសុវត្ថិភាព គុណភាព និងតម្លៃសមរម្យ។

កត្តាទាំងអស់នេះ នឹងជួយលើកស្ទួយផលិតផលកសិកម្មកម្ពុជាឲ្យមានស្តង់ដារ និមានតម្លៃខ្ពស់ ដែលជាពិសេសក្រសួងសង្ឃឹមនិងរំពឹងទុកថា កិច្ចសហប្រតិបត្តិការនេះអាចឆ្លើយតបស្របតាមបរិបទនៃកំណើនសេដ្ឋកិច្ចជាតិ កំណើនប្រជាជន ការប្រែប្រួលអាកាសធាតុ និងបរិយាប័ន៕ធ.ដ

