សម្តេចតេជោហ៊ុនសែនជួបសំណេះសំណាលជាមួយប្រតិភូកីឡាSEA Games លើកទី៣០ នៅប្រទេសហ្វីលីពីន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយជាមួយប្រតិភូកីឡាកម្ពុជាចំនួន៤០០នាក់ ដែលត្រូវចេញទៅចូលរួមប្រកួតកីឡាSEA Games លើកទី៣០នៅប្រទេសហ្វីលីពីននៅវិមានសន្តិភាព។

 តាមសុន្ទរកថាស្វាគមន៍និងរបាយការណ៍របស់ឯ.ឧ ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឲ្យដឹងថា កម្ពុជាបានបញ្ជូនប្រតិភូកីឡាដែលមានថ្នាក់ ដឹកនាំ គ្រូបង្វឹក កីឡាករ កីឡាការិនីចំនួន៣១ ប្រភេទកីឡាសរុបមានចំនួន៤៤៧នាក់ ក្នុងនោះអត្តពលិកមានចំនួន២៨៩នាក់ ទៅចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣០នៅប្រទេសហ្វីលីនចាប់ ពីថ្ងៃទី៣០ វិច្ឆិកាដល់ថ្ងៃទី១១ ខែធ្នូឆ្នាំ២០១៩ ។

បើតាមឯកឧត្តម ថោង ខុន បានឲ្យដឹងថា  នៅក្នុងចំណោម ៣១ប្រភេទកីឡានោះ កម្ពុជា មានជំនឿចិត្តលើជាង១០ប្រភេទកីឡាដែលមានសក្ដានុពលក្នុងការដណ្ដើមយកមេដាយ ដូចជាប្រភេទកីឡា តេក្វាន់ដូ WT, ប៉េតង់, ជឺជិតស៊ូ, ប្រដាល់គុនខ្មែរ, សីដក់, ប្រដាល់សកល, វាយកូនបាល់, ល្បុក្កតោ ,ការ៉ាតេ និងសូហ្វតឺនីស្តជាដើម។

ឯ,ឧ ថោង ខុន បានបញ្ជាក់ថា កាលស៊ីហ្គេមលើកទី២៩ ឆ្នាំ ២០១៧នៅប្រទេសម៉ាឡេស៊ីកម្ពុជាឈរនៅចំណាត់ថ្នាក់លេខ៨ក្នុងចំណោមប្រទេសចំនួន១១ក្នុងតំបន់អាស៊ីអាគ្នេយ៍ដោយដណ្ដើមបានមេដាយមាស៣គ្រឿងប្រាក់២គ្រឿង និងសំរិទ្ធ១២គ្រឿង ។

  សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កីឡាជាចលនារបស់ជាតិយ៉ាងធំ ជាពិសេសនៅពេលមានការប្រកួតកីឡាម្តងៗមានការចូលរួមយ៉ាងច្រើនកុះករពីយុវជន។ កីឡារីកចម្រើន ត្រូវមានការគាំទ្រ ការលើកទឹកចិត្ត និងការតាំងចិត្តពីកីឡាករផ្ទាល់តែម្តង។

សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើដល់កីឡាករ កីឡាការិនី អត្តពលិកថា ការចាញ់ឈ្នះជារឿងធម្មតា តែកុំឱ្យព្រោះតែភាពចង់ឈ្នះនាំមកនូវភាពអាម៉ាស់។ កីឡាករ កីឡាករិនី អត្តពលិក កុំបំពានទៅលើក្រិតក្រមរបស់កីឡា រហូតទទួលបានកាតក្រហមបណ្តេញចេញពីការប្រកួត។ ការចាញ់ឈ្នះជារឿងធម្មតា តែកុំឱ្យព្រោះតែភាពចង់ឈ្នះនាំមកនូវភាពអាម៉ាស់។

សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់កីឡាករ កីឡាការិនី និងអត្តពលិក កុំប្រើប្រាស់សារធាតុបំប៉នកម្លាំង ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយសជាតិ។ តាមរយៈវិស័យកីឡានេះ ត្រូវរក្សាឱ្យបាននូវតម្លៃជាតិ៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner