ទិវាសប្តាហ៍សហគ្រិនភាពសកល.កម្ពុជា២០១៩ ក្រោមប្រធានបទ “ប្រព័ន្ធអេកូឡូស៊ីនៃសហគ្រិនភាព ឆ្ពោះទៅរកការរួមបញ្ចូលគ្នា នៅក្នុងសេដ្ឋកិច្ចឌីជីថល”

អត្ថបទដោយ៖
Kien Sereyvuth

នៅសាលសន្នីសិទ្ធសណ្ឋាគារសុខា សៀមរាប នាព្រឹកថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ២០១៩ មានប្រាព្វធ្វើទិវាសប្តាហ៍ សហគ្រិនភាពសកល.កម្ពុជា ២០១៩ ក្រោមប្រធានបទ ( ប្រព័ន្ធអេកូឡូស៊ីនៃសហគ្រិនភាព ឆ្ពោះទៅរកការរួមបញ្ចូលគ្នា នៅក្នុងសេដ្ឋកិច្ចឌីជីថល) ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និង សិប្បកម្ម  ឯកឧត្ត ទៀ សីហា គណៈអភិបាលខេត្ត ។
តាមការបញ្ជាក់របស់លោក ឡាយ គឹមសួរ ប្រធានសមាគម សហគ្រិនវ័យក្មេងកម្ពុជា ប្រចាំខេត្តសៀមរាប បានលើកពីគោលបំណង នៃទិវាសប្តាហ៍ សហគ្រិនភាពសកល.កម្ពុជា ២០១៩ គឺជាការលើកទឹកចិត្ត និងផ្តល់ចំណេះដឹងដល់យុវជន ដែលមានបំណងបង្កើតអាជីវកម្ម និងអ្នកកំពុងធ្វើអាជីវកម្ម ដើមី្បឲ្យពួកគាត់យល់កាន់តែច្បាស់ពីសហគ្រិនភាព និងមានឱកាសបានជួបជជែក និងសិក្សាស្វែងយល់បន្ថែម ពីសហគ្រិន ដែលជាវាគ្មិនសុទ្ធសឹងតែមានបទពិសោធន៍ ក្នុងវិស័យធុរៈកិច្ច ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធជាដើម ។
លោកក៏បានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០១៩ នៃទិវាសប្តាហ៍ សហគ្រិនភាពពិភពលោក.កម្ពុជា បានលើកយកប្រធានបទសំខាន់ៗចំនួន២ យកមកធ្វើការពិភាក្សាទៀតផង ។
ឯកឧត្តម ទៀ សីហា និងឯកឧត្តម ហេង សុខគង់ បានចាត់ទុកវេទិកានេះថា ពិតជាបានឆ្លើយតប ដល់អ្នកបង្កើតគំនិតថ្មី និងអ្នកដែលបានចែករំលែកបទពិសោធន៍ ជោគជ័យក្នុងពិភពលោក សម្រាប់យុវជនជំនាន់ក្រោយ បានយកមកអនុវត្តន៍លើមុខរបររបស់ខ្លួន និងត្រូវលើកកម្ពស់សមត្ថភាពរបស់ខ្លួន ហើយទទួលយកយុទ្ធសាស្ត្រជំនាញ និងបច្ចេកវិទ្យាថ្មីៗ ដើម្បីទាញយកផលប្រយោជន៍ឱ្យបានច្រើនបំផុតពីកាលានុវត្តភាពទាំងនេះ ព្រោះថា សេដ្ឋកិច្ចឌីជីថល និងពាណិជ្ជកម្មអេឡិចត្រូនិក កំពុងបើកចំហរកាលានុវត្តភាពល្អសម្រាប់យើងទាំងអស់គ្នា ដោយសារប្រព័ន្ធInternet បានបង្កើតអាជីវកម្មថ្មីៗ ជាច្រើន ដែលបានបង្កើតទ្រព្យសម្បត្តិឱ្យសហគ្រិន អ្នកជំនាញ និងអ្នកមិនមែនអាជីពផ្នែកបច្ចេកវិទ្យានានា។
ឯកឧត្តម ហេង សុខគង់ ក៏បានជម្រុញដល់យុវជន និងសហគ្រិនទាំងអស់ត្រូវតែមានសមត្ថភាពខ្ពស់ ក្នុងការចាប់យកបច្ចេកវិទ្យាមកប្រើប្រាស់ក្នុងអាជីវកម្មរបស់ខ្លួនថែមទៀត និងត្រូវលប់បំបាត់នូវផ្នត់គំនិតមិនល្អមួយចំនួនដូចជា៖ ការធ្វើអាជីវកម្មតាមគេតាមឯង ដោយមិនមានការសិក្សាទីផ្សារឲ្យបានច្បាស់លាស់ និងការប្រែក្លាយពីការគ្រប់គ្រងតាមបែបគ្រួសារ មកជាការគ្រប់គ្រងតាមបែបអាជីវកម្មវិញ ខណៈដែលកម្ពុជាត្រូវការសហគ្រិនចំណានៗ ថែមទៀត ។ ឯកឧត្តម មានប្រសាសន៍ថា នៅតែស្វាគមន៍ការវិនិយោគផ្ទាល់ពីបរទេស តែយើងក៏ចង់ឃើញវិនិយោគិនខ្មែរងើបឡើងកាន់តែច្រើន នៅក្នុងបរិយាកាសប្រកួតប្រជែងមួយប្រកបដោយការស្មើភាព និងយុត្តិធម៌រវាងអ្នកស្រុក និងអ្នកក្រៅស្រុក។ ក្រៅពីនេះ យើងក៏នឹងកសាងនូវប្រព័ន្ធអេកូឡូស៊ីមួយ ដែលកាន់តែមានភាពអនុគ្រោះថែមទៀត ដើម្បីលើកកម្ពស់បរិយាកាសប្រកួតប្រជែង ដែលធានាដល់ការលូតលាស់នៃសហគ្រិន តាមរយៈក្របខ័ណ្ឌច្បាប់ចាំបាច់មួយចំនួន ដូចជាច្បាប់ក្ស័យធន ច្បាប់ប្រកួតប្រជែង និងការពារកម្មសិទ្ធិបញ្ញាជាដើម  ៕ ម៉ី សុខារិទ្ធ ភ្នាកងារខេត្តសៀមរាប

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner