លោក ហ្សេលេនស្គី៖ កិច្ចចរចាសន្តិភាពរវាងរុស្ស៊ី-អ៊ុយក្រែនកាន់តែមានភាពវិជ្ជមាន
កៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃពុធថ្លែងថា កិច្ចចរចាស្វែងរកសន្តិភាពស្តាប់ទៅកាន់តែមានភាពប្រាកដនិយមជាងមុន ប៉ុន្តែនៅត្រូវការពេលវេលាបន្ថែមទៀត ខណៈដែលការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៊ី បានសម្លាប់ជីវិតមនុស្ស ៥នាក់ក្នុងរដ្ឋធានីកៀវ ហើយចំនួនជនភៀសខ្លួនពីការឈ្លានពានរបស់ទីក្រុងម៉ូស្គូ បានកើនឡើងដល់ ៣លាននាក់។
លោក ហ្សេលេនស្គី បាននិយាយនៅក្នុងសុន្ទរកថា តាមវីដេអូមួយនៅថ្ងៃពុធថា កិច្ចប្រជុំនៅតែបន្ត ហើយខ្ញុំត្រូវបានគេជូនដំណឹងថា មានភាពវិជ្ជមានក្នុងអំឡុងការចរចា ដែលស្តាប់ទៅកាន់តែមានភាពប្រាកដនិយម។ ប៉ុន្តែពេលវេលានៅតែត្រូវការសម្រាប់ការសម្រេចចិត្ត ដើម្បីជាផលប្រយោជន៍របស់អ៊ុយក្រែន នៅជុំបន្ទាប់នៃកិច្ចចរចា។ ទន្ទឹមគ្នា មន្ត្រីអ៊ុយក្រែនបានបង្ហាញក្តីសង្ឃឹមថា សង្រ្គាមអាចនឹងបញ្ចប់ឆាប់ជាងការរំពឹងទុក ប្រហែលជាត្រឹមនៅខែឧសភាខាងមុខ ដោយនិយាយថា ទីក្រុងម៉ូស្គូ អាចនឹងឈានដល់លក្ខខណ្ឌជាមួយការបរាជ័យរបស់ខ្លួន ក្នុងការជំនួសរដ្ឋាភិបាលថ្មីដោយកងកម្លាំង និងការរត់ចេញពីកងទ័ពថ្មី។
ស្របពេលជាមួយគ្នានេះដែរ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក ឌីមីទ្រី ផេស្គូវ បានបញ្ជាក់ដូច្នេះថា វាលឿនពេកហើយក្នុងការព្យាករណ៍ពីវឌ្ឍនភាពនៅក្នុងកិច្ចចរចា និងថា ការងារមានភាពលំបាក ហើយក្នុងស្ថានភាពបច្ចុប្បន្ន… ការពិតដែលការចរចាកំពុងបន្ត គឺប្រហែលជាវិជ្ជមាន៕ ប្រភព៖ Reuters ដោយ៖ ឈឹម ទីណា




