លោក ចូ បៃដិន នឹងចូលរួមកិច្ចប្រជុំអង្គការ NATO ក្នុងអំឡុងដំណើរទស្សនកិច្ចលើកដំបូងនៅតំបន់អឺរ៉ុប

វ៉ាស៊ីនតោន ៖ សេតវិមានបានលើកឡើងថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន គ្រោងដំណើរទស្សនកិច្ចលើកដំបូងទៅកាន់តំបន់អឺរ៉ុប ចាប់តាំងពីរុស្ស៊ីបើកប្រតិបត្តិការយោធាពិសេសនៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីពិភាក្សាលើបញ្ហាជម្លោះនេះជាមួយយោធាសម្ពន្ធមិត្តណាតូនៅសប្តាហ៍ក្រោយ។

បើតាមសេតវិមាន លោក ចូ បៃដិន នឹងអញ្ជើញចូលរួមកិច្ចប្រជុំជាមួយមេដឹកនាំអង្គការណាតូនៅឯទីស្នាក់ការកណ្តាលសម្ពន្ធយោធានេះក្នុងទីក្រុងព្រុចសែល នៅថ្ងៃទី២៤ ខែមីនាខាងមុខនេះ។ ស្របពេលជាមួយគ្នានោះដែរ លោក ចូ បៃដិន ត្រូវបានគេរំពឹងថា នឹងប្រកាសអំពីការផ្តល់ជំនួយសន្តិសុខបន្ថែមចំនួន ៨០០លានដុល្លារដល់ប្រទេសអ៊ុយក្រែននៅថ្ងៃពុធសប្តាហ៍ក្រោយ។ នេះបើតាមប្រភពពីមន្រ្តីសេតវិមានមួយរូប។

យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិបានបង្ហាញថា មនុស្សច្រើនជាង ៣លាននាក់ហើយបានបង្ខំចិត្តភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែន ខណៈមនុស្សជាង ១.៨លាននាក់ទៀតកំពុងធ្វើដំណើរទៅដល់ប្រទេសជិតខាងប៉ូឡូញ។

បើតាមអាជ្ញាធរទីក្រុងកៀវ ប្រហែលពាក់កណ្តាលនៃប្រជាជនអ៊ុយក្រែន ៣.៤លាននាក់បានសម្រេចចិត្តភៀសខ្លួនទៅកាន់ទីសុវត្ថិភាព ហើយអ្នកខ្លះស្នាក់នៅមួយយប់នៅក្នុងស្ថានីយ៍រថភ្លើងក្រោមដី៕ ប្រភព៖ Reuters ដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner