តុលាការកំពូលអង្គការសហប្រជាជាតិជំរុញឱ្យរុស្ស៊ីបញ្ឈប់ការឈ្លានពានអ៊ុយក្រែនជាបន្ទាន់
ឡាអេ៖ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅថ្ងៃពុធសប្តាហ៍ នេះ បានបង្គាប់ឱ្យរុស្ស៊ីបញ្ឈប់សកម្មភាពឈ្លានពានរបស់ ខ្លួន នៅក្នុងប្រទេសអ៊ុយក្រែនជាបន្ទាន់ ដោយបញ្ជាក់ថា ខ្លួនមាន ការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប្រើប្រាស់កងកម្លាំងរបស់ទីក្រុងម៉ូស្គូ។
តុលាការអន្តរជាតិមួយនេះបានបញ្ជាក់ដូច្នេះថា សហព័ន្ធរុស្ស៊ី ត្រូវតែបញ្ឈប់ប្រតិបត្តិការយោធាដែលបានចាប់ផ្ដើមតាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២មក នៅលើទឹកដីអ៊ុយក្រែនជា បន្ទាន់។ ទន្ទឹមនេះ រដ្ឋាភិបាលទីក្រុងកៀវបានសាទរ សាលក្រម នេះថា ជា “ជ័យជម្នះពេញលេញ” ដោយ និយាយ ថា ខ្លួននឹងបន្តសំណុំរឿងនេះ រហូតដល់ប្រជាជន អ៊ុយក្រែន អាច ត្រឡប់ទៅរកជីវិតធម្មតាឡើងវិញ។ បន្ថែមលើនេះ ទីក្រុងកៀវ ចង់បានវិធានការជាបន្ទាន់ទៀត ដើម្បីបញ្ឈប់ការ ប្រយុទ្ធគ្នា ខណៈដែលទីភ្នាក់ងារសិទ្ធិមនុស្សរបស់អង្គការ សហប្រជាជាតិអះអាងថា ជនស៊ីវិលយ៉ាងហោចណាស់ ១.៨៣៤នាក់បានស្លាប់ ។
ការចេញសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ខាងលើនេះបានកើតមានឡើងចំពេលដែលកងកម្លាំងរុស្ស៊ីនៅតែស្ថិតនៅជុំវិញទីក្រុងសំខាន់ៗ រួមទាំងរដ្ឋធានីរបស់ ប្រទេសអ៊ុយក្រែន ខណៈដែលអង្គការសហប្រជាជាតិបាន បញ្ចេញ របាយការណ៍ថា មនុស្សជាងបីលាននាក់ហើយ បានរត់ភៀសខ្លួនចេញពីការប្រយុទ្ធគ្នា៕
ប្រភព៖ CNA ប្រែសម្រួលដោយ៖ ឈឹម ទីណា




