សម្ដេចក្រឡាហោម ស ខេង អនុញ្ញាឱ្យប្រធានអង្គការមូលនិធិអាស៊ី និងសហការី ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ
ភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០២២នេះ សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យលោក David Arnol ប្រធានអង្គការមូលនិធិអាស៊ី (The Asia Foundation) និងលោក ឯកអគ្គរដ្ឋទូត Robert O.Blake សមាជិកក្រុមប្រឹក្សាភិបាលជាន់ខ្ពស់របស់អង្គការ និង លោក Adullah Ahmadzi តំណាងអង្គការប្រចាំ ប្រទេស អាហ្វហ្គានីស្ថាន ចូលជួបសម្តែងការគួរសម។
ក្នុងឱកាសនេះសម្តេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណ ចំពោះអង្គការមូលនិធិអាស៊ី ដែលបានចូលរួមចំណែកជាច្រើនដល់ ការអភិវឌ្ឍតាមរយៈកម្មវិធីសំខាន់ៗរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងវិស័យរដ្ឋ និងឯកជន ដូចជាវិស័យអប់រំ ការគាំទ្រដល់ យុវជន ការគាំទ្រដល់ការងារអភិបាលកិច្ចនៅមូលដ្ឋាននិងការពង្រឹង គណនេយ្យភាពសង្គមថ្នាក់ក្រោមជាតិដែលមានការពាក់ព័ន្ធ ជាមួយ សមត្ថកិច្ចនិងការទទួលខុសត្រូវមួយផ្នែករបស់ក្រសួងមហាផ្ទៃផងដែរ។
សម្តេចក្រឡាហោម ក៏បានសម្តែងនូវក្តីសង្ឃឹមជឿជាក់ថាកិច្ច សហប្រតិបត្តិការ រវាងកម្ពុជាជាមួយអង្គការមូលនិធិអាស៊ី នឹងបន្តរីក ចម្រើនលូតលាស់ខ្លាំងក្លាថែមទៀតក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិ ការ ទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ ក៏ដូចជាអង្គការ មូលនិធិ អាស៊ីតទៅអនាគតផងដែរ។
ចំណែក លោក David Arnol ក៏បានសម្តែងនូវសេចក្តីរីករាយ និង បានជម្រាបជូនសម្តេចក្រឡាហោម ផងដែរថា ជាការពិតដូចអ្វីដែល សម្តេច ក្រឡាហោមបានលើកឡើង អង្គការមូលនិធិអាស៊ីបាន ធ្វើ ការងារ ក្នុងវិស័យជាច្រើនក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងនោះក៏ បាន ធ្វើការងារពាក់ព័ន្ធនឹងសមត្ថកិច្ចទទួលខុសត្រូវរបស់ ក្រសួងមហាផ្ទៃ លើការងារពង្រឹងគណនេយ្យភាពសង្គមដែល ហៅ កាត់ថា ISAF។
លោក David Arnol បានយកឱកាសនេះសូមចូលរួមអបអរសាទរ ចំពោះការប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យដំណើរការជាផ្លូវការនូវ ផែនការ ជាតិរយៈពេល១០ឆ្នាំ ដំណាក់កាលទី២ ឆ្នាំ២០២១-២០៣០ របស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ខាងមុខ។ លោក David Arnol បានលើកឡើងថា នេះជាសមិទ្ធផលមួយក្នុងន័យកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ នៅកម្ពុជា។
ក្រៅពីនេះ លោក សូមធ្វើការថ្លែងអំណរគុណចំពោះ សម្តេច ក្រឡាហោម ក៏ដូចជាអង្គភាពពាក់ព័ន្ធនៃក្រសួងមហាផ្ទៃ ដែលតែង តែផ្តល់នូវកិច្ចសហការយ៉ាងល្អប្រសើរដល់ប្រតិបត្តិការរបស់អង្គការមូលនិធិអាស៊ីនៅកម្ពុជា។
ជាថ្មីម្តងទៀត ឆ្លៀតក្នុងឱកាសនោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានសម្តែង នូវក្តី សោមនស្សរីករាយចំពោះការចូលរួមរបស់អង្គការមូលនិធិអាស៊ីនៅលើវិស័យសំខាន់ៗក្នុងព្រះរាជាណាចក្រកម្ពុជា។ សម្តេចក្រឡាហោម បានបញ្ជាកថា តាមរយៈជំនួបពិភាក្សាដ៏មានសារៈសំខាន់នេះ ក្រសួងមហាផ្ទៃ នឹងមានកិច្ចសហប្រតិបត្តការកាន់តែច្រើនឡើងថែមទៀតជាមួយអង្គការមូលនិធិអាស៊ី ជាពិសេសទៅលើការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា។សម្តេចក្រឡាហោម បានមាន ប្រសាសន៍បញ្ជាក់ថា សម្តេច បានត្រៀមខ្លួនជានិច្ចក្នុងការផ្តល់កិច្ច សហប្រតិបត្តិការជាមួយអង្គការមូលនិធិអាស៊ី ក្នុងករណីដែលមាន តម្រូវការណាមួយ៕ដោយ៖រ៉ាវុធ






